អាជ្ញាធរនៃប្រទេសថៃប្រកាស ចាប់ផ្តើមដាក់រាយកម្លាំងសន្តិសុខនៅតាមដងផ្លូវនានានៃទីក្រុងបាំងកក ដើម្បីទប់ស្កាត់កុំឲ្យមានចលនាណាមួយបះបោរ ប្រឆាំងសាលក្រមរបស់តុលាការដែល ដាក់ទោសអតីតនាយករដ្ឋមន្រ្តីយីង ឡាក់ ស៊ីណាវាត្រា ករណីរឿងអាស្រូវ បាត់លុយរបស់រដ្ឋក្នុងគម្រោងទិញស្រូវរបស់កសិករ។
តាមសារព័ត៌មានThe Nation សាលក្រមរបស់តុលាការកំពូលចេញផ្សព្វផ្សាយករណីលោកស្រី យីង ឡាក់ នឹង ប្រកាសឲ្យដឹង នៅថ្ងៃទី ២៥ សីហា។
សំណុំរឿងដែល លោក ស្រី យីងឡាក់ រងការចោទប្រកាន់ដូចនេះ ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយប្រទេសថៃបានប្តឹងលោកស្រី ទៅតុលាការកំពូលនោះដោយចោទលោកស្រី យីង ឡាក់ ករណី ធ្វេសប្រហែស ធ្វើឲ្យបាត់ប្រាក់របស់រដ្ឋ រាប់ពាន់លានបាតក្នុងគម្រោងទិញស្រូវពីកសិករ ដើម្បីស្តុកទុក ហើយកាលណោះ លោកស្រី យីង ឡាក់គឺជានាយករដ្ឋមន្រ្តី។
តុលាការកំពូលបានបើកជំនុំជម្រះក្តី ជាច្រើនខែមកហើយ។ បើរកកំហុសឃើញ លោក ស្រី យីងឡាក់ នឹងមានទោស ១០ ឆ្នាំ ហើយត្រូវសងមករដ្ឋវិញនូវទឹកប្រាក់ ១ ពាន់ លានបាត។
អគ្គមេបញ្ជាការ កងទ័ព ឧត្តមសេនីយ៍ChalermchaiSitthisart និយាយថា លោក បានបញ្ជាររួចហើយកងកម្លាំងដែលត្រូវដាក់ពង្រាយ នៅតាម តំបន់គោលដៅមួយចំណួននៅក្រុងបាំងកក នៅមុនថ្ងៃទី ២៥ សីហា គឺមុន ការដែលតុលាការកំពូលប្រកាសសាលដីការក្នុងសំណុំរឿងនេះ ។
យ៉ាងណាក៏ដោយលោកស្រីយីងឡាក់បានបដិសេធ ដោយចាត់ទុកថាលោកស្រី រងទុក្ខទោស ដោយសារ សំពាធនយោបាយ។ ព្រះរាជាណាចក្រថៃ ធ្លាប់ឆ្លងកាត់ការធ្វើរដ្ឋប្រហារជិត ២០ លើកមកហើយ។ តែ រដ្ឋប្រហារចុងក្រោយទម្លាក់គណៈរដ្ឋមន្រ្តី លោកស្រី យីងឡាក់ គឺ នៅខែ ឧសភា ឆ្នាំ ២០១៤។ ប្រភពៈThe Nation