កំពង់ស្ពឺ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ស្រ្តីជាជនសង្ស័យករណីចាប់ក្មេងជំរិតប្រាក់នៅខេត្ត កំពង់ ស្ពឺ នឹងត្រូវបញ្ជូនទៅតុលាការខេត្តនៅថ្ងៃស្អែកនេះ បន្ទាប់ស្នងការខេត្តកំពង់ស្ពឺបានសួរចម្លើយចប់សព្វគ្រប់។
លោកវរសេនីយ៍ទោល សម ស័ក្ក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ២៣ កក្កដា នេះថា ស្នងការខេត្តកំពង់ស្ពឺកំពុងធ្វើការសួរចំលើយលើជនសង្ស័យ ហើយសំណុំរឿងនេះបញ្ជូនទៅតុលាការនៅថ្ងៃ ស្អែក។
តាមចម្លើយសារពភាពរបស់ជនសង្ស័យបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង សុខលី ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅ ក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីជនសង្ស័យរូបនេះ ជាបងប្អូនជីដូនមួយជាខាងឪពុកកុមារីរងគ្រោះ។ ជនសង្ស័យសារភាពទៀតថា មូលហេតុដែលនាងធ្វើសកម្មភាពចាប់ជំរិតក្មួយស្រីខ្លួនឯងបែបនេះ ក៏ព្រោះជនសង្ស័យដឹងថា យាយរបស់កុមារីរងគ្រោះទើបលក់ដីបានប្រាក់ ៦ម៉ឺនដុល្លារ។
លោកវរសេនីយ៍ទោល សម ស័ក្ក សន្និដ្ឋានថា ជនសង្ស័យអាចប្រកបរបបដើរឆបោកផងដែរ ព្រោះភស្តុតាងលើខ្លួនជន សង្ស័យមានប្រាក់ដុល្លារ និងគ្រឿងអលង្ការក្លែងក្លាយមួយចំនួន។ ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនទើបធ្វើសកម្មភាព ចាប់ជំរិតប្រាក់នេះជាលើកទីមួយនោះទេ។
«យើងឃើញមានខ្សែដៃ ខ្សែក ចិញ្ចៀនកាឡៃ និងលុយដុល្លារខ្មោចហ្នឹង។ នេះនិយាយរួមទៅជាអាជីពរបស់ចោរ ដេលច្រើន យករបស់ហ្នឹង ដើម្បីប្តូរយកអាល្អរបស់គេ។ ដូចជាកងដៃកងជើង គាត់យកទៅធ្វើជ្រះចោលទៅគេរើស រើសហើយគាត់ចែក គ្នាជាមួយជនរងគ្រោះ។ គាត់មិនសារភាពទេ តែជាមុខសញ្ញាប្រព្រឹត្តបទល្មើសទម្លាក់យក គេច្រើនប្រើរបស់កាឡៃហ្នឹង»។
ជនសង្ស័យករណីចាប់ជំរិតនេះ ត្រូវបានកម្លាំងនគរបាលនៃស្នងការខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងស្នងការ ខេត្តកំពង់ ឆ្នាំង ចាប់បានកាលពីម្សិលមិញនៅទីរួមខេត្តកំពង់ឆ្នាំង នៅគ្រាដែលជនសង្ស័យបានទៅដកប្រាក់ដែលជំរិតពីឪពុកម្ដាយ ក្មេងស្រីរងគ្រោះចំនួន៤,០០០ដុល្លារ នៅទីភ្នាក់ងារវីងមួយកន្លែង ស្ថិតនៅម្ដុំផ្សារលើ ទីរួមខេត្តកំពង់ឆ្នាំង។
កុមារីរងគ្រោះឈ្មោះ ម៉ុក ច័ន្ទរស្មី ហៅ ម៉ី អាយុ៨ឆ្នាំ មានលំនៅដ្ឋានក្នុងភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុកម្តាយនាងវិញហើយ កាលពីម្សិលមិញ។
អ្នកស្រី ភី សោភា ម្ដាយកុមារីរងគ្រោះ និយាយថា ក្រុមគ្រួសារមានក្ដីត្រេកអរយ៉ាងខ្លាំងពេលបានជួបជុំកូនវិញដូច្នេះ។ អ្នកស្រីសូមថ្លែងអំណរគុណចំពោះសមត្ថកិច្ចដែលបានខិតខំជួយស្វែងរកកូនស្រីបានត្រឡប់មកផ្ទះវិញ។
អ្នកស្រី ភី សោភា បន្តថា នៅមុនថ្ងៃកើតហេតុ ស្រ្តីជនសង្ស័យបានមកលេងផ្ទះអ្នកស្រី ។ ហើយកូនអ្នកស្រីនិង ជនសង្ស័យ ហាក់មានភាពសិ្នតស្នាលនឹងគ្នា ក្នុងនាមជាសាច់ញាតិ។
តាមសាក្សីអះអាងថា នៅថ្ងៃកើតហេតុគឺនៅថ្ងៃទី២០ កក្កដា ស្រ្តីជនសង្ស័យរូបនោះ បានពាក់ម៉ាស់បិទមុខ ចូលទៅស្វែងរក កុមារីនៅក្នុងសាលារៀន ពេលដែលកុមារីនេះរៀបនឹងចូលរៀននៅម៉ោង ៧ព្រឹក រួចក៏បាននាំក្មេងស្រីនេះឡើងជិះរថយន្ត ធុនតូយោតាកាមរី ចាកចេញពីសាលាបាត់ទៅ។
មន្រ្តីប្រឆាំងការជួរដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ និយាយថា ករណីចាប់ក្មេងជំរិតប្រាក់ ទើបកើតមានតែ ពីរករណីប៉ុណ្ណោះក្នុងឆ្នាំ២០១៧នេះ។ ដែលករណីទី១ កើតឡើងនៅខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាការកត់សម្គាល់ ករណីចាប់ក្មេងជំរិតប្រាក់នេះ កើតឡើងពីរថ្ងៃ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា និងអគ្គស្នងការនគរ បាលជាតិ របស់ក្រសួងមហាផ្ទៃ បានប្រកាសលេខទូរស័ព្ទ ២ខ្សែ សម្រាប់ផ្ដល់ព័ត៌មានបន្ទាន់ ទាក់ទងនឹងការចាប់ក្មេង និង សិស្សសាលា។ លេខទូរស័ព្ទបន្ទាន់ ២ខ្សែនោះ គឺ ០៣១ ២០ ១២៣៤៥ និងលេខ ០៣១ ៦០ ១២៣៤៥៕