loader
ជនសង្ស័យករណីចាប់ជម្រិតសិស្សសាលា

សមត្ថកិច្ចចាប់បានជនសង្ស័យករណីចាប់ជម្រិតសិស្សសាលានៅខេត្តកំពង់ស្ពឺ(មានសំឡេង)

កំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២២ កក្កដានេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីចាប់ជំរិតកុមារីម្នាក់ នៅខេត្តកំពង់ស្ពឺ។ តាមមន្រ្តីនៃក្រសួងមហាផ្ទៃករណីចាប់ក្មេងជំរិតប្រាក់នេះ ទើបកើតមានតែ ២ ករណីប៉ុណ្ណោះនៅឆ្នាំ ២០១៧នេះ។

ជនសង្ស័យករណីចាប់ជម្រិតសិស្សសាលា

ទីបំផុត ស្រ្តីជាជនសង្ស័យករណីចាប់ជំរិតក្មេងសិស្សសាលាម្នាក់នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២០កក្កដានោះ ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនបានហើយ នៅម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី២២ កក្កដានេះ នៅផ្ទះសំណាក់មួយកន្លែងក្នុងទីរួមខេត្តកំពង់ឆ្នាំង។

មន្រ្តីស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឡូត វណ្ណារ៉ា ប្រាប់វិទ្យុស្រ្តីថា ជនសង្ស័យត្រូវបានចាប់ខ្លួន ខណៈទៅបើកលុយ ដែលជំរិតពីឪពុកម្ដាយក្មេងស្រីរងគ្រោះចំនួន៤,០០០ដុល្លារ នៅទីភ្នាក់ងារវីងមួយកន្លែង ស្ថិតនៅម្ដុំផ្សារលើ ទីរួមខេត្តកំពង់ ឆ្នាំង។

ស្រ្តីជនសង្ស័យករណីនេះមានឈ្មោះ ហេង សុខលី អាយុ៣៨ឆ្នាំ រស់នៅ ខណ្ឌពោធិ៍សែនជ័យ។

លោក ង៉េង ជួរ មន្រ្តីនាយកដ្ឋានប្រឆាំងការជួរដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ និយាយថា ករណីនេះ ក្រសួងសម្រេចបញ្ជូនជនសង្ស័យទៅកាន់ស្នងការខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកកុមារីរងគ្រោះ នឹង ត្រូវប្រគល់ជូនឪពុកម្តាយក្មេងស្រីវិញ។

«បាទវាកើតនៅកំពង់ស្ពឺដូច្នេះយើងប្រគល់រឿងនេះទៅសមត្ថកិច្ចខេត្តកំពង់ស្ពឺ»។

តាមការឱ្យដឹងពីអាជ្ញាធរខេត្តកំពង់ស្ពឺ ជនសង្ស័យករណីចាប់ជំរិតនេះ គឺជាបងប្អូនជីដូនមួយជាមួយឪពុក របស់កុមារីរង គ្រោះ។ នៅមុនថ្ងៃកើតស្រ្តីជនសង្ស័យបានទៅលេងផ្ទះកុមារីរងគ្រោះលេង ហើយជនសង្ស័យនិងកុមារីរងគ្រោះមានភាព សិ្នតស្នាលនឹងគ្នា។

សាក្សីអះអាងថា នៅថ្ងៃកើតហេតុស្រ្តីជនសង្ស័យរូបនោះ បានពាក់ម៉ាស់បិទមុខ ចូលទៅស្វែងរកកុមារីនេះនៅក្នុងសាលា រៀន ពេលដែលកុមារីនេះរៀបនឹងចូលរៀននៅម៉ោង ៧ព្រឹក រួចក៏បាននាំក្មេងស្រីនេះឡើងជិះរថយន្តធុនតូយោតាកាមរី ចាក ចេញពីសាលាបាត់ទៅ។

កុមារីរងគ្រោះឈ្មោះ ម៉ុក ច័ន្ទរស្មី ហៅ ម៉ី អាយុ៨ឆ្នាំ មានលំនៅដ្ឋានក្នុងភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជាការកត់សម្គាល់ ករណីចាប់ក្មេងជំរិតប្រាក់នេះ កើតឡើងពីរថ្ងៃ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា និងអគ្គស្នងការនគរ បាលជាតិ របស់ក្រសួងមហាផ្ទៃ បានប្រកាសលេខទូរស័ព្ទ ២ខ្សែ សម្រាប់ផ្ដល់ព័ត៌មានបន្ទាន់ ទាក់ទងនឹងការចាប់ក្មេង និង សិស្សសាលា។ លេខទូរស័ព្ទបន្ទាន់ ២ខ្សែនោះ គឺ ០៣១ ២០ ១២៣៤៥ និងលេខ ០៣១ ៦០ ១២៣៤៥។

តាមលោក ង៉េង ជួរ មន្រ្តីនាយកដ្ឋានប្រឆាំងការជួរដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ករណីចាប់ក្មេងជំរិត ប្រាក់នេះ ទើបតែកើតមានពីរករណីប៉ុណ្ណោះ ក្នុងឆ្នាំ២០១៧នេះ។ ដែលករណីទី១ កើតឡើងនៅខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x