en     km
en     km

ក្រសួង​សំខាន់ពីរអំពាវនាវឱ្យអ្នកកាសែតចៀសវាង​បង្កផលប៉ះពាល់ជនរងគ្រោះ​ជាស្ត្រី

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងកិច្ចការនារី អំពាវនាវឱ្យអ្នកសារព័ត៌មានរាយការណ៍ព័ត៌មានយ៉ាងណាកុំឱ្យប៉ះពាល់ដល់ជនរងគ្រោះជាស្ត្រីក្នុងអំពើហិង្សា។អ្នកទទួលខុសត្រូវក្នុងស្ថាប័នព័ត៌មានមួយចំនួនទទួលស្គាល់ការខ្វះចន្លោះក្នុងការការពារស្ត្រីរងគ្រោះក្នុងពេលកន្លងមក។

ថ្លែងក្នុងពិធីចុះហត្ថលេខារួមគ្នាឱ្យប្រើក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី និងយេនឌ័រ រដ្ឋមន្រ្តីក្រ សួងកិច្ចការនារី លោក ស្រី អ៊ឹង កន្ថាផាវី បានជំរុញឲ្យបណ្តាញផ្សព្វផ្សាយចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់ស្ត្រីរងគ្រោះអំពីអំពើហឹង្សាក្នុងគ្រួសារ។

«ពេលណាមានករណីអំពើហិង្សាយើងខ្ញុំឃើញថាមើលទៅលើទំព័រអ្នកកាសែតលោកសរសេរបញ្ហារឿងរំលោភសេពន្ថវៈដែលប៉ះពាល់ច្រើនទៅលើភាពថ្លៃថ្នូររបស់ជនរងគ្រោះសូមឱ្យអ្នកការសែតរាយការណ៍ក្នុងការរាយការណ៍មានកម្រិតដែរតែធ្វើកុំឱ្យប៉ះពាល់ដល់កិត្តិយសនិងភាពថ្លៃថ្នូររបស់ជនរងគ្រោះ»។

ចំណែករដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កញារិទ្ធ មានប្រសាសន៍ថាផលប៉ះពាល់ដល់ជនរងគ្រោះតាមរយៈការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មានអាចមានរយៈពេលយូរ។   «អ្នកសារព័ត៌មានត្រូវយល់ថាអត្ថបទយើងសរសេរមួយៗវាមានឥទ្ធិពលជួនកាលមិនមានឥទ្ធិពលតែទៅលើជនហ្នឹងមួយទេ ម៉ាកូន ម៉ាចៅ ម៉ាជីទួត ម៉ាពូជអំបូររបស់គ្នាទំាងអស់ ជួនកាលគេរៀបមកដណ្តឹងគេបើកឃើញកាសែតសរសេរ១៥ឆ្នំាមុន អូឪវាជាប់គុកកុំទៅយកអីចឹងវាខូចអនាគតគ្នា អីចឹងបានយើងត្រូវមើលកំហុសប៉ុណ្ណាៗជាការពិតណាស់»។

យោងតាមរបាយការណ៍របស់មន្រ្តីជំនាញស្រាវជ្រាវនៅអង្គការមូលនិធិអាស៊ី (TAF) ដែលបានធ្វើការអង្កេតលើប្រពន្ធ័ផ្សព្វផ្សាយចន្លោះពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ សីហា ឆ្នំា២០១៦ បង្ហាញថាក្នុងចំណោមស្ថានីយ៍ទូរទស្សន៍មួយចំនួននៅកម្ពុជាបានផ្សព្វផ្សាយព័ត៌មានក្នុងកម្មវិធីព័ត៌មានរាយការណ៍អំពីអំពើហិង្សាលើស្រ្តីនៅក្នុងកម្មវិធីព័ត៌មានមានការកើនទ្បើងពី៧,៣% នៅត្រីមាសទី១ ទៅ៩,៦% នៅត្រីមាស ទី២។

ពាក់ព័ន្ធនឹងចំណុចនេះដែរ មាន៩០% នៃការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្រ្តី បានបង្ហាញអត្តសញ្ញាណជនរងគ្រោះ ឬជនមុខសញ្ញានៅត្រីមាសទី១ និង៨៩% នៅត្រីមាសទី២។ ចំណែកការស្តីបន្ទោសលើជនរងគ្រោះ ហើយដកការទទួលខុសត្រូវរបស់ជនមុខសញ្ញា គឺកើតមានច្រើននៅក្នុងកម្មវិធីព័ត៌មាន។

និពន្ធនាយកកាសែតរស្មីកម្ពុជា លោក ទាវ សារៈមុន្នី ទទួលស្គាល់ថាកន្លងមកនេះមានករណីមួយចំនួនកាសែតរបស់លោកធ្លាប់មានភាពឆក់ល្វែងខ្លះផងដែរក្នុងការចុះផ្សាយព័ត៌មានប៉ះពាល់ដល់ជនរងគ្រោះ។ តែទោះបីជាយ៉ាងណាលោកអះអាងថានឹងខិតខំកែប្រែកំហុសឆ្គងទំាងនេះ។ «សម្រាប់យើងជាអ្នកសារព័ត៌មានមានមូលដ្ឋានពីរសម្រាប់យើងទី១គឺមូលដ្ឋានវិជ្ជាជីវៈ មួយទៀតមូលដ្ឋានក្រមសីលធម៌ សម្រាប់ខ្ញំកាសែតរស្មីកម្ពុជាឬក៏ទៅដល់មិត្តរួមអាជីពផ្សេងទៀតគោរពមូលទំាងពីរចំនុចនេះ»។

ដោយទ្បែកអគ្គនាយកទូរទស្សន៍ស្លឹករឹត អនទ្បាញ លោក សែម សារឿន ក៏បានទទួលយកអនុសាសន៍របស់ប្រមុខក្រសួងទាំងពីរខាងលើនេះដែរ៕

Share

Image
Image
Image