en     km
en     km

​កម្ពុជា​-វៀតណាម​លើក​សំណើរ​ដើម្បី​ពង្រឹង​ចំណង​សហការ​ទ្វេភាគី​(មានសំឡេង)

Share

ភ្នំពេញ៖ប្រទេសកម្ពុជានិងវៀតណាមបានធ្វើសំណើររៀងៗខ្លួនដើម្បីពង្រឹងកិច្ចសហការទ្វេភាគី។សំណើរនេះធ្វើឡើងខណៈដែល អគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនិស្ដវៀតណាមកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។

រាយការណ៍ជូន ដោយ កញ្ញា ជុំ ជោគជាតា៖

 

-កម្ពុជា--វៀតណាម-លើក-សំណើរ

នៅពេលដែលសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្នើអោយមានកិច្ចសហការរវាងបណ្តាអាជ្ញាធរខេត្តនៅតាមបណ្តោយព្រំដែនដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន អគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនិស្ដវៀតណាម លោក ង្វៀន ហ្វ៊ូជុង បានស្នើដល់ភាគីកម្ពុជាពង្រឹងកិច្ចសហការតាមស្ថាប័នរដ្ឋរវាងប្រទេសទាំងពីរដើម្បីពង្រឹងចំណងមិត្តភាពនៃប្រទេសជិតខាងទាំងពីរ។នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន នៅថ្ងៃសុក្រនេះ គឺមួយថ្ងៃក្រោយពីសម្តេចប្រមុខរដ្ឋាភិបាលកម្ពុជាជួបជាមួយប្រមុខដឹកនាំគណបក្សកុម្មុយនិស្តវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក ង្វៀន ហ្វ៊ូជុង បានមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃ ព្រហស្បត្តិ៍ ដើម្បីបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ តាមការអញ្ជើញរបស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

សម្តេច ហ៊ុន សែន បានសរសេរបន្តក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថាក្នុងជំនួបនោះសម្តេចក៏បានស្នើសុំដល់ភាគីវៀតណាមឲ្យ ជួយជម្រុញភ្ញៀវទេសចរមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

ទេសចរវៀតណាមកាលពីឆ្នាំ ២០១៦ មានចំនួនជាង ៩៩ម៉ឺននាក់ គឺបានឈរនៅលំដាប់លេខ៣ ក្នុងចំណោមទេសចរបរទេសដែលបានមកទស្សនាប្រទេសកម្ពុជាច្រើនបំផុត។

ទន្ទឹមនឹងនេះដែរ លោក ង្វៀន ហ្វ៊ូជុង ស្នើសុំអោយប្រទេសទាំងពីរជម្រុញការតភ្ជាប់អោយកាន់តែស៊ីជម្រៅតាមរយៈស្ថាប័នរដ្ឋដូចជាក្នុងវិស័យអប់រំ យុវជននិងវិស័យសេដ្ឋកិច្ចជាដើម។

ដំណាលគ្នានោះ ប្រមុខគណបក្សកុម្មុយនិស្តក៏បានជំរុញឲ្យប្រទេសទាំងពីរធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីអោយកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥។ នៅថ្ងៃសុក្រនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក អគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនិស្ដវៀតណាម ង្វៀន ហ្វ៊ូជុង បានធ្វើជាធិបតីក្នុងការសម្ភោធស្តូបមិត្តភាពកម្ពុជាវៀតណាម នៅខេត្តព្រះសីហនុ។

 

កាលពីម្សិលមិញ ក្នុងក្របខណ្ឌ័នៃដំណើរទស្សនកិច្ចរបស់ប្រមុខបក្សកុម្មុយនិស្តវៀតណាមកម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រាងរួមគ្នាចំនួនប្រាំ ក្នុងនោះមានកិច្ចព្រមព្រាង ស្ដីពី ការពង្រឹង មិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី។ កិច្ចព្រមព្រៀងរួម ស្ដីពីការតភ្ជាប់សេដ្ឋកិច្ច អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោង រោងចក្រ អគ្គិសនី ការតភ្ជាប់បណ្ដាញបញ្ជូនអគ្គិសនី និងពាណិជ្ជកម្មថាមពល»។

ពិធីសារស្ដីពី «សកម្មភាពសង្គ្រោះមហន្តរាយអចិន្ត្រៃយ៍ នៅតាមតំបន់ព្រំដែនគោក»  និងអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានប្រៃសណ៏យ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន (NIPTICT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុន វៀតធែល កម្ពុជា (Viettel Cambodia Pte Ltd) របស់វៀតណាម។

ស្របពេលជាមួយគ្នានេះដែរ ប្រទេសវៀតណាមបានប្រកាសផ្តល់ជំនួយចំនួន២៥លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់អគារអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕

Share

ព័ត៌មានទាក់ទង

Image