en     km
en     km

អាជ្ញាធរ​កំពុង​តាម​ស្វែង​រក​ជន​សង្ស័យ​​ករណី​ចាប់ជំរិត​សិស្សសាលានៅខេត្តកំពង់​ស្ពឺ​​(មានសំឡេង)

Share

កំពង់ស្ពឺ ៖ កុមារីសិស្សសាលាម្នាក់ត្រូវចាប់ពង្រត់ ក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមអាជ្ញាធរអះអាងថា គឺជាករណីចាប់ជម្រិតទារប្រាក់។

អាជ្ញាធរ-កំពុង-តាម-ស្វែង-រក-ជន-សង្ស័យ--ករណី-ចាប់

ជនសង្ស័យបានទូរសព្ទ័មកទារប្រាក់លួសចំនួន ៤ពាន់ដុល្លារពីឱពុកម្តាយកុមារីរងគ្រោះ នៅព្រឹកថ្ងៃដដែលនេះ។

កុមារីឈ្មោះ ម៉ុក ច័ន្ទរស្មី ហៅ ម៉ី បានបាត់ខ្លួនកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ខណៈដែលនាងបានចេញពីសាលាបឋមសិក្សា អង្គលំទង ដែលស្ថិតនៅចម្ងាយពីរគីឡូម៉ែត្រពីផ្ទះរបស់នាង។

សាក្សីអះអាងថា ស្ត្រីម្នាក់បានពាក់ម៉ាស់មុខបានចូលទៅស្វែងរកកុមារីនេះ នៅក្នុងសាលាពេលដែលកុមារីនេះរៀបនឹងចូល រៀននៅម៉ោង ៧ព្រឹក រួចក៏បាននាំក្មេងស្រីនេះឡើងជិះរថយន្តធុនតូយោតា កាមរី ចាកចេញពីសាលាបាត់ទៅ។

កុមារីបាត់ខ្លួននេះ មានលំនៅដ្ឋានក្នុងភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មេភូមិព្រៃតាមួច  លោក ឆឹង ផាន់ បញ្ជាក់ថា ជនសង្ស័យគឺជាបងប្អូនជីដូនមួយជាមួយឱពុកម្តាយក្មេងស្រីដែលបាត់ខ្លួន។ ហើយជនសង្ស័យបានទូរសព្ទ័មកទារលុយពីឱពុកម្តាយ ជាថ្នូរនឹងការប្រគល់កុមារនេះមកឲ្យឱពុកម្តាយនាងវិញ។

«ព្រលឹបឡើងខ្ញុំទៅជួបជីតា និងនាងជាម្តាយហ្នឹង ខ្ញុំសាកសួរទៅ វាមិនមិនថាច្បាស់ពិតឬមិនពិតទេ តែគ្រាន់តែម្តាយហ្នឹង ប្រាប់ខ្ញុំថា មានទូរស័ព្ទមកពីស្រ្តីដែលនាំកូនស្រីគាត់ហ្នឹង ប្រាប់ម្តាយថាចង់ជួប កូនអត់ ។ហើយឱ្យទូរស័ព្ទមក ស្រីម៉ី [ក្មេង ដែលត្រូវជនសង្ស័យចាប់]និយាយបានតែ មួយម៉ាត់ពីរម៉ាត់ ជាមួយម្តាយហ្នឹងក៏បិទទូរស័ព្ទបាត់។ ខ្ញុំសួរទំនាក់ទំនងម្តាយ ទៅគេចង់ទារលុយ៤ពាន់ដុល្លារ តែ យើងខ្ញុំហាមមិនឱ្យនមាត់ ចាំឱ្យក្រសួងនិងសមត្ថកិច្ចគេតាមដានថែមទៀត។»

វិទ្យុស្រ្តីមិនទាន់អាចទាក់ទងក្រុមគ្រួសារជនរងគ្រោះសាកសួរបន្ថែមបានទេនៅថ្ងៃនេះ។

លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាយជ្រាវ ដើម្បីវែកមុខចាប់ខ្លួនជនសង្ស័យ។«ឥឡូវបងប្អូនកំពុងសហការជាមួយ កម្លាំង ខេត្តនៅមូលដ្ឋានហើយ»។

ជាការកត់សម្គាល់ ករណីចាប់ក្មេងជំរិតប្រាក់នេះ កើតឡើងពីរថ្ងៃ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា និងអគ្គស្នងការ នគរបាលជាតិ របស់ក្រសួងមហាផ្ទៃ បានប្រកាសលេខទូរស័ព្ទ ២ខ្សែ សម្រាប់ផ្ដល់ព័ត៌មានបន្ទាន់ ទាក់ទងនឹងការចាប់ក្មេង និងសិស្សសាលា។ លេខទូរស័ព្ទបន្ទាន់ ២ខ្សែនោះ គឺ ០៣១ ២០ ១២៣៤៥ និងលេខ ០៣១ ៦០ ១២៣៤៥។

តាមការឱ្យដឹងពីឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ កម្ពុជាមិនធ្លាប់មានករណីចាប់ជំរិតប្រាក់ទេ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕

 

Share

Image
Image
Image