en     km
en     km

មន្ត្រីជំនិត​លោក​​​ញឹក​​​​ ប៊ុន​ឆៃ១២​រូបត្រូវ​បញ្ចប់​មុខតំណែង​ក្នុង​រដ្ឋា​ភិបាល

Share

បន្ទាប់ពីបញ្ចប់តំណែងលោក ញឹក ប៊ុនឆៃ ជាទីប្រឹក្សារដ្ឋាភិបាលមានឋានៈស្មើឧបនាយករដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះ  ព្រះមហាក្សត្រ បានបន្តបញ្ចប់តំណែងទីប្រឹក្សាជាន់ខ្ពស់រដ្ឋាភិបាលដែលស្និទជាមួយនឹងលោកញ៉ឹក ប៊ុនឆៃ ចំនួន១២រូបបន្ថែមទៀត។

លោក ញឹក ប៊ុនឆៃ

ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី បានសម្រេចបញ្ចប់មុខតំណែងទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលចំនួន១២រូប ដែលគេដឹងថាជាមនុស្សស្និទនឹងលោកញ៉ឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។

ទីប្រឹក្សារដ្ឋាភិបាលទាំង១២រួបនោះមានឋានៈស្មើរដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខា។ហើយការបញ្ចប់មុខដំណែងរបស់ពួកគេធ្វើឡើងប្រមាណមួយខែប៉ុណ្ណោះក្រោយពីការបញ្ចប់តួនាទីជាទីប្រឹក្សារដ្ឋាភិបាលដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្ត្រី របស់លោកញ៉ឹក ប៊ុនឆៃ។

លោកញ៉ឹក ប៊ុនឆៃ ត្រូវបញ្ចប់តួនាទីក្រោយពីមានការលើកឡើងក្រៅផ្លូវការថាលោកបានទាក់ទងជាសម្ងាត់ជាមួយគណបក្សសង្គ្រោះជាតិ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ប៉ុន្តែលោកញ៉ឹក ប៊ុនឆៃ បានបដិសេធ។

ក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៥ខែកក្កដា ព្រះមហាក្សត្រមិនបានបញ្ជាក់ពីមូលហេតុនៃការដកហូតដំណែងមន្ត្រីស្និទនឹងលោកញ៉ឹក ប៊ុនឆៃ ទាំង១២រូបនេះទេ។ ប៉ុន្តែព្រះអង្គបានទ្រង់ព្រះសំណេរយោងតាមសំណើររបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន។

ក្នុងចំណោមក្រុមមន្ត្រីដែលត្រូវបញ្ចប់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលនោះរួមមានលោក គុជ ម៉ូលី លោក ញឹក គិមឈុន និងលោក កែវ រដ្ឋា មានឋានៈស្មើរដ្ឋមន្រ្តី លោក ម៉ៅ សុវណ្ណារិទ្ធិ លោក ជា បំរុង និងលោក សុខ រុន មានឋានៈស្មើរដ្ឋលេខាធិការ, លោក ភួង វិន័យ លោក ហែម ឈិន លោកស្រី សំ ប៉ូរ័ត្ន លោក ប៉េង សុសេង លោក ឈួយ ចាន់រ៉ុង និង លោក ចិន ពៀន មានឋានៈស្មើអនុរដ្ឋលេខាធិការ។

លោក ញឹក ប៊ុនឆៃ មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ប៉ុន្តែលោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់គណបក្សគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់វិទ្យុស្រ្តី នៅថ្ងៃព្រហស្បតិ៍នេះថា មន្រ្តីទាំង១២នាក់ គឺអ្នកដែលមានទំនាក់ទំនងជិតស្និតជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិ។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីពន្យល់ថាការបញ្ចប់មុខងារទីប្រឹក្សារដ្ឋាភិបាលទាំង១២រូបអនុលោមតាមបែបផែនរដ្ឋបាល។

វិទ្យុស្ត្រីមិនអាចស្វែងរកប្រតិកម្មពីក្រុមមន្ត្រីផុតដំណែងទាំង១២រូបនោះទេ៕

Share

Image
Image
Image