en     km
en     km

សាលាឧទ្ធរណ៍តម្កល់​សេចក្តីសម្រេចឃុំខ្លួន​ព្រះសង្ឃ​សមាជិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ

Share

ភ្នំពេញ ៖ សាលាឧទ្ធរណ៍នៅថ្ងៃទី២០ ខែកក្កដានេះ បានសម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់អតីតព្រះសង្ឃមួយ អង្គដែលត្រូវឃាត់ខ្លួនដោយសារការកាន់កាប់កាំភ្លើងជ័រ នៅវត្តមួយក្នុងខេត្តបាត់ដំបង។

មេធាវីការពារក្តីជនជាប់ចោទថា ចាត់ទុកថានេះគឺសម្រេចដោយបំពានលើគោលការណ៍ច្បាប់។

អតីតព្រះសង្ឃ ហន សុផាន្នី

អតីតសង្ឃរូបនេះត្រូវចាប់ឃុំខ្លួនក្រោយពីក្រុមសមត្ថកិច្ចរកឃើញថាបានប្រើប្រាស់អាវុធជ័រមួយដើមបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។

លោក ទូច ថារិទ្ធិ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានប្រាប់វិទ្យុស្រ្តីថា ការសម្រេចតម្កល់ដីកាឃុំខ្លួន របស់សាលាដំបូងខេត្តបាត់ដំបងទុកជាបានការដូចនេះ ក៏ព្រោះថាការដោះលែងជនជាប់ឱ្យនៅក្រៅឃុំ អាចធ្វើប៉ះពាល់ដល់ ការស៊ើបអង្កេតអង្គសេចក្តីរបស់តុលាការខេត្តបាត់ដំបង។

អតីតព្រះសង្ឃ ហន សុផាន្នី ដែលជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ចាប់ខ្លួន និងផ្សឹក កាលពីថ្ងៃទី ២១ ខែមិថុនា បន្ទាប់ពីសង្ឃអង្គនេះបានកាន់កាំភ្លើងជ័រមួយដើមថតបង្ហោះតាមហ្វេសប៊ុកអប ដោយ ការបញ្ចេញមតិមួយចំនួនដែលត្រូវសង្ស័យថាអាចជាការបញ្ឆិតបញ្ឆៀងវាយប្រហារទៅរកសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។

លោក លី សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង បានសម្រេចឃុំខ្លួនអតីតព្រះសង្ឃ ហន សុផាន្នី អាយុ២៤ឆ្នាំ គង់ក្នុងវត្តដំរីស ដាក់ពន្ធនាគារ មួយថ្ងៃក្រោយពីការចាប់ខ្លួនក្រោមការចោទប្រកាន់ចំនួន ២ បទល្មើស។ ទីមួយពីបទកាន់ កាប់និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងទីពីរបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩០ មាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

លោក ជុង ជូងី មេធាវីការពារក្តីជូនជនជាប់ចោទ ហន សុផាន្នី និយាយថា ការបន្តឃុំខ្លួនកូនក្តីរបស់ខ្លួនដូច្នេះ គឺជាទង្វើបំពាន ច្បាប់យ៉ាងធ្ងន់ធ្ងរ ព្រោះសកម្មភាពកាន់កាំភ្លើងជ័រលេង និងការបញ្ចេញមតិលើហ្វេសប៊ុក មិនមែនជាទង្វើខុសច្បាប់នោះទេ។ លោកមេធាវីបន្តថា លោកនិងពិភាក្សាជាមួយកូនក្តីដើម្បី ប្តឹងសារទុកទៅតុលារកំពូល។

«កាំភ្លើងជ័រអត់មានច្បាប់ណាហាមកាន់កាំភ្លើងជ័រផងហ្នឹង ហើយការខមមិន(comment)ពាក្យមួយចំនួនក្នុងហ្វេសប៊ុកមិន មែនជាការញុះញង់អីទេ ប៉ុន្តែសាលាដំបូងខេត្តបាត់ដំបងបែរជាចោទប្រកាន់ហើយចាប់ផ្សឹកព្រះតេជគុណ ហន សុផាន្នី ដាក់គុក ហើយសាលាឧទ្ធរណ៍នៅតែរក្សាការឃុំខ្លួនហ្នឹងគឺបានន័យថាការពារកំហុសឆ្គងរបស់សាលាដំបូង។»

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រមានវិធានការច្បាប់ ចំពោះព្រះតេជគុណ ប៊ុត ប៊ុនតេញ ស្ថាប និកនៃបណ្តាញព្រះសង្ឃឯករាជ្យ បន្ទាប់ពីព្រះអង្គ ប៊ុត ប៊ុនតេញ បានប្រកាសបើកយុទ្ធនាការតស៊ូមតិលើបណ្ដាញ សង្គម ហ្វេសប៊ុក ដើម្បីជួយសមាជិកខ្លួនដែលត្រូវបានអាជ្ញាធរចាប់ផ្សឹក ចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងរឿងលេងកាំភ្លើងជ័រ មួយដើម៕

 

Share

ព័ត៌មានទាក់ទង

Image