en     km
en     km

វិសោធនកម្ម​ច្បាប់​ស្តី​ពី​បក្សនយោបាយ​ទំនងជា​ «​មាន​ផលប្រយោជន៍​តិច​តូច​ដល់​ជាតិ​»

Share

ភ្នំពេញ៖ គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួនពីរ បង្ហាញការយល់ឃើញថា វិសោធនកម្មច្បាប់ហាមទណ្ឌិតធ្វើនយោបាយដែលទើបតែអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃទី១៨ កក្កដា គឺមានផលប្រយោជន៍តិចតូចដល់ជាតិ។ ប៉ុន្តែមន្ត្រីក្រសួងយុត្ដិធម៌អះអាងថា ច្បាប់នេះនឹងជួយពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា។

មួយថ្ងៃក្រោយសមាជិកព្រឹទ្ធភាមកពីគណបក្សប្រជាជនកម្ពុជា បានអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលហាមទណ្ឌិតធ្វើនយោបាយ និងរារាំងគណបក្សនយោបាយក្នុងប្រើប្រាស់ផលប្រយោជន៍ពីទណ្ឌិត នៅថ្ងៃពុធទី១៩ ខែកក្កដានេះ អ្នកនយោបាយមកពី
គណបក្សប្រឆាំងចំនួនពីរ បានហៅ វិសោធកម្មច្បាប់នោះថា «មិនបានបម្រើផលប្រយោជន៍ប្រទេសជាតិ» ច្រើននោះទេ។

លោក សាម ស៊ុនឌឿន អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានប្រសាសន៍ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយដែលរៀបចំដោយរាជបណ្ឌិតសភាថា ច្បាប់នេះហាក់ពុំបានផ្ដល់ផលប្រយោជន៍ច្រើនដល់ជាតិ និងរាស្ដ្រដែលជាម្ចាស់ឆ្នោតនោះទេ។ តែផ្ទុយវិញច្បាប់នេះបែរជាបង្ហាញថា កំពុងតែរឹតត្បិតសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទៅវិញ។ «ខ្ញុំយកច្បាប់យើងនេះបន្ដិចមកនិយាយ យើងបិទសិទ្ធិសេរីភាពមិនឲ្យទណ្ឌិតនិយាយ មិនឲ្យដាក់រូបដាក់អី ក៏មិនបាន សូម្បីដាក់រូបបុគ្គលក៏មិនបាន គឺថាវាបិទហ្នឹងជ្រុលពេក បើអ្នកណាដាក់អីដាក់ទៅ»។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដែលបានចូលរួមកិច្ចពិភាក្សានេះដែរបង្ហាញការយល់ថា ច្បាប់ថ្មីដែលអនុម័តដោយតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជានាពេលនេះ «ធ្វើឡើងតាមការចង់បាន» របស់សម្ដេចនាយរដ្ឋមន្ដ្រី ហ៊ុន សែន។ «ច្បាប់នេះខ្ញុំមើលទៅ គេថាស្នើឡើងដោយសភាតំណាងរាស្ដ្រគណបក្សប្រជាជន ជាសេចក្ដីស្នើច្បាប់ ធ្វើវិសោធនកម្ម ប៉ុន្ដែខ្ញុំអត់ឃើញមានពលរដ្ឋនៅខេត្ដណាមួយ ស្រុកណាមួយ ស្នើមកតំណាងរាស្ដ្រដើម្បី ធ្វើវិសោធនកម្មទេ គឺធ្វើតាមតែលោកនាយរដ្ឋមន្ដ្រីចង់បាន»។

លោក សួន សេរីរដ្ឋា សង្កត់ធ្ងន់ថា អ្នកតំណាងរាស្ដ្រគួរធ្វើកិច្ចការចម្បង ដែលជាតម្រូវការរបស់ពលរដ្ឋជាក់ស្ដែងដូចករណីតម្លៃកផលិរបស់កសិករជាដើម។

ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបនឹងធ្វើវិសោធនកម្មនេះមាន ១១ជំពូក និង ៥០មាត្រា។ យោងតាមច្បាប់វិសោធនកម្មថ្មីនេះក្រសួងមហាផ្ទៃមានសិទ្ធិប្តឹងសុំរំលាយគណបក្សចោលប្រសិនបើរកឃើញថា មេដឹកនាំគណបក្សនយោបាយបានប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរ។

លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្ដិធម៌ដែលបានចូលរួមក្នុងវេទិកាតុមូលនេះដែរ ពន្យល់ថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីធ្វើឲ្យគ្រប់គណបក្សនយោបាយមានភាពស្អាតស្អំ និងកំណត់ពីភាពស្អាតស្អំរបស់បុគ្គលដែលជាមេដឹកនាំរបស់គណបក្សនយោបាយនោះ។ «ដូច្នេះហើយជាលក្ខខណចាំបាច់គឺការពង្រឹងនូវភាពស្អាតស្អំរបស់គណបក្សនយោបាយ ការពង្រឹងនូវភាពស្អាតស្អំរបស់មេដឹកនាំគណបក្សនយោបាយ គឺជាការពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា ដោយធ្វើដំណើរទៅលើផ្លូវប្រកបដោយស្ថិរភាព និងសន្ដិភាព»។

ជាងនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលបកស្រាយបន្ថែមថា ច្បាប់នេះមិនមែនសំដៅដល់គណបក្សប្រឆាំងណាមួយនោះទេ។ ប៉ុន្ដែច្បាប់នេះនឹងត្រូវអនុវត្ដន៍សម្រាប់គ្រប់គណបក្សនយោបាយទាំងអស់។

ដូចគ្នាដែរលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍សង្កត់ធ្ងន់ថា ច្បាប់នេះហាមគណបក្សនយោបាយមិនឲ្យពាក់ព័ន្ធជាមួយទណ្ឌិត និងមិនឲ្យគណបក្សនយោបាយស្ថិតក្រោមឥទ្ធិពលនយោបាយរបស់ទណ្ឌិត។ «មួយទៀតជារបាំងទប់ស្កាត់ វិសោធនកម្មហ្នឹង របាំងទប់ស្កាត់ នូវចលនានយោបាយឧទ្ទាមនិយមក៏
ដូចជាការបង្កាត់ភ្លើងបដិវត្ដន៍ពណ៌តាមរយៈទណ្ឌិត ទណ្ឌិតមិនមែនជាគំរូរបស់ប្រជាពលរដ្ឋ ទណ្ឌិតគឺជាគម្រក់របស់សង្គម»។

លោកបណ្ឌិត សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានបកស្រាយថា ច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះ គឺដើម្បីឲ្យមានស្ថេរភាពនយោបាយក្នុងប្រទេស ការពារកើតកលិយុគ និងចាប់បង្ខំឲ្យគណបក្សនយោបាយទាំងអស់ឲ្យស្ថិតនៅក្រោមច្បាប់៕

Share

Image
Image
Image