en     km
en     km

​​សង្គមស៊ីវិល ស្នើឱ្យ​មាន​ការិយាល័យ​ចុះឈ្មោះនិង​​បោះឆ្នោត​នៅតាមស្ថានទូត ​

Share

ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា បានស្នើជាថ្មីដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យបង្កភាពងាយស្រួលក្នុងការចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតរបស់ក្រុមពលករចំណាកស្រុកសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨។ ការស្នើសុំនេះធ្វើនៅក្នុងកិច្ចពិភាក្សាតុមូល នៅព្រឹកថ្ងៃទី១៩ កក្កដានេះ នៅទីក្រុងភ្នំពេញ។

 

​​សង្គមស៊ីវិល ស្នើឱ្យ​មាន​ការិយាល័យ​

ក្រុមសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត បានទទូចសារជាថ្មីម្តងទៀតឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បង្កើតនិតិវិធីងាយស្រួលដើម្បីអនុញ្ញាតិឲ្យពលករចំណាកស្រុកទាំងក្នុងនិងក្រៅប្រទេសមានលទ្ធភាពចុះឈ្មោះនិងមានលទ្ធភាពបោះឆ្នោតនៅតាមទីតាំងនិងប្រទេសដែលពួកគេកំពុងបំពេញការងារ។

នៅក្នុងវេទិកាតុមូលមួយក្នុងរាជធានីភ្នំពេញនៅថ្ងៃពុធនេះតំណាងអង្គការក្រៅរដ្ឋាភិបាលជាង២០អង្គការលើកឡើងថាការបង្កើតយន្តការនេះនឹងទាមទារឲ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងអាចបើកផ្លូវឲ្យមានការរៀបចំចុះឈ្មោះ និងរៀបចំការិយាល័យបោះឆ្នោតនៅតាមស្ថាទូត ឬស្ថានអគ្គកុងស៊ុល និងបង្កើតករិយាល័យបោះឆ្នោតនៅតាមព្រំដែន។

ការទទូចរបស់ក្រុមអង្គការសង្គមនេះធ្វើឡើងស្របពេលដែល គ.ជ.ប នឹងចាប់ផ្តើមយុទ្ធនាការចុះឈ្មោះបោះឆ្នោតរយៈពេល៧០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក សំ គន្ធាមី នាយកអង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិក ចង់ឃើញពលករចំណាកស្រុកមានលទ្ធភាពចុះឈ្មោះឱ្យបានគ្រប់ៗគ្នា។

«បញ្ហាបច្ចេកទេសខ្ញុំមើលទៅអត់ចំណាយថវិកាច្រើនទេ ខ្ញុំខ្លាចតែបញ្ហាឆន្ទៈនយោបាយទេ ដែលធ្វើអត់កើត។»

យោងតាមលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ពលករដែលធ្វើការនៅក្រៅប្រទេសច្រើនជាងគេគឺនៅប្រទេសថៃប្រមាណជិត២លាននាក់ បន្ទាប់មកនៅប្រទេសប្រទេសម៉ាឡេស៊ី  ប្រហែល១០ម៉ឺននាក់ ប្រទេសកូរ៉េ ប្រមាណ៥ម៉ឺន និងនៅជប៉ុន មានជាង៣ពាន់នាក់ និងមាននៅប្រទេសមួយចំនួនទៀតដូចជាចិន ឥណ្ឌូនេស៊ី អារ៉ាប់ ហ្គាតាជាដើម។

ចំណែកលោក យ៉ង់ គិមអេង មានប្រសាសន៍ថា ដើម្បីកាន់មានភាពងាយស្រួល ដល់ពលករក្រៅប្រទេស និងកម្មករក្នុងស្រុក គ.ជ.ប គួរតែជជែកជាមួយរដ្ឋាភិបាល ដើម្បីកំណត់ថ្ងៃឈប់សម្រាកចំនួន៣ថ្ងៃ សម្រាប់ពេលបោះឆ្នោត។

ឆ្លើយតបនឹងការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិល លោក ឌី ភីរុន អនុប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប. បានឱ្យដឹងថា សំណើរដែលអង្គការសង្គមស៊ីវិលបានស្នើមកភាគច្រើនគឺទាក់ទងនឹងផ្លូវច្បាប់ ។លោកបញ្ជាក់ថា បញ្ហានេះ អាចទៅធ្វើបានលុះត្រាតែមានការធ្វើវិសោធនច្បាប់។

«នេះជាស្មារតីច្បាប់ ដែលខ្ញុំជាអ្នកបច្ចេកទេសពិបាកបកស្រាយ ជាស្មារតីដែលអ្នកតាក់តែងច្បាប់គាត់បានឯកភាពគ្នាធ្វើ ហើយច្បាប់បោះឆ្នោតនេះគឺយើងដឹងហើយ គឺកើតចេញពីស្មារតីនៃគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា អ្វីដែលផ្អែកលើក្របខ័ណ្ឌច្បាប់យើងកែបាន គឺយើងទទួលយកទៅកែ មិនថាNGOណា ឬអន្តរជាតិឬ អ្នកជំនាញការអីឱ្យតែគាត់ស្នើស្របជាមួយស្មារតីច្បាប់ គឺយើងយកមកកែ ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលឱ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត»។

 

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមកិច្ចពិភាក្សាតុមូលនៅព្រឹកនេះ គាំទ្រចំពោះសំណើររបស់ក្រុមអង្គ ការសង្គមស៊ីវិល។ លោកបន្តថា ប្រទេសជាច្រើនដែលកាន់លទ្ធិប្រជាធិបតេយ្យ គឺតែងតែដាក់ការិយាល័យនៅក្នុងស្ថានទូតក្នុងប្រទេសនីមួយៗដើម្បីអាចឱ្យពលរដ្ឋទៅបោះឆ្នោត។

ខណៈដែលគ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត  ក្រុមអង្គការសង្គម បានផ្តល់អនុសាសន៍១២ចំនុច  ដើម្បីឱ្យបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ មានភាពសុក្រិតភាព  និងតម្លាភាព។

អនុសាសាន៍ទាំងនោះគឺ គួរតែមានក្រុមចុះឈ្មោះបោះឆ្នោតដល់គ្រប់ភូមិជនបទ  ការសម្រួលដល់ ជនពិការ និងជនចាស់ជរា កំណត់ជនត្រូវតុលាការផ្តន្ទាទោស ដែលបាត់សិទ្ធិ និងដកសិទ្ធិ ការធ្វើសវនកម្មបញ្ជីបោះឆ្នោត និងគ.ជ.បត្រូវធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនស្ថិតិអ្នកចុះឈ្មោះប្រចាំថ្ងៃជាដើម។

សូមបញ្ជាក់ថាក្នុងវេទិកាតុមូលនៅថ្ងៃនេះតំណាងគណបក្សប្រជាជនកម្ពុជាមិនបានចូលរួមនោះទេ៕

 

Share

ព័ត៌មានទាក់ទង

Image