ភ្នំពេញ ៖ ក្រោយពីមានការអំពាវនាវពីក្រុមគ្រួសារសពលោកកែម ឡី ស្វែងរកជំនួយដើម្បីដោះបំណុលបុណ្យសព សម្តេចហ៊ុន សែន បានផ្តល់ប្រាក់ជំនួយចំនួនមួយម៉ឺនដុល្លារ។ ប៉ុន្តែឆ្លៀតពេលនេះ សមាជិកគ្រួសារសពលោកកែម ឡី បន្តទាម ទាររកយុត្តិធម៌សម្រាប់ឃាតកម្មនេះ។
ក្រុមគ្រួសាររបស់សពលោកបណ្ឌិត កែម ឡី បានទទួលប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិកពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប៉ុន្តែបន្តទាមទារស្វែងរកយុត្តិធម៌ចំពោះការសម្លាប់ក្រៅច្បាប់នេះ។
លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិតប្រាប់វិទ្យុស្រ្តីFM ១០២នៅថ្ងៃពុធនេះថា លោកបានទទួលប្រាប់ចំនួន ១ម៉ឺនដុល្លាររួចរួលហើយកាលពីម្សិលមិញ។ហើយលោកបានចំណាយជាង៨០០០ ដុល្លារដើម្បីដោះបំណុលក្រោយពីពិធី បុណ្យសពគម្រប់មួយឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគសង្គមនិងនយោបាយរូបនេះ។
ជំនួយរបស់សម្តេចនាយករដ្ឋមន្ត្រីទៅកាន់គ្រួសារសពលោកបណ្ឌិតកែម ឡី ធ្វើឡើងក្រោយពីសមាជិកគ្រួសាររបស់ជនរង គ្រោះរូបនេះបានប្រកាសស្វែងរកជំនួយដោយសារបានជំពាក់បំណុលជាង ៧០០០ ដុល្លារអាមេរិកក្រោយពីបានរៀបចំ បុណ្យខួបគម្រប់មួយឆ្នាំរបស់លោក ក្នុងខេត្តតាកែវ។ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់សពលោកកែម ឡី។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០១៦ នៅកណ្តាលរាជធានីភ្នំពេញ។
ជនសង្ស័យម្នាក់ត្រូវចាប់ខ្លួនភ្លាមៗក្រោយពីឃាតកម្មនេះ។ ជនសង្ស័យដែលអះអាងថាមានឈ្មោះជួប សម្លាប់ ក្រោយមក ត្រូវគេស្គាល់ថាមានឈ្មោះមួយទៀតថា អឿត អាង បានសារភាពថាខ្លួនបានសម្លាប់លោកបណ្ឌិតកែម ឡី ដោយសារលោក កែម ឡី បានជំពាក់លុយខ្លួនចំនួន៣០០០ ដុល្លារមិនព្រមសង។
អឿត អាង ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែក្រុមមន្ត្រីសង្គមស៊ីវិល និងសមាជិកគ្រួសាររបស់សពលោក កែម ឡី មិនទទួលយកចម្លើយសារភាពរបស់ជនជាប់សង្ស័យនោះទេ ហើយបានស្នើឲ្យមានការស៊ើបបន្ថែម។
លោក កែម រិទ្ធិសិទ្ធិ ថ្លែងអំណរគុណចំពោះសម្តេច ហ៊ុន សែន ដែលបានជួយសម្រាលការលំបាកនេះ តែយ៉ាងណាលោក សូមអំពាវនាវដល់សម្តេចឱ្យជួយរកមុខរកឃាតករពិតដែលសម្លាប់បងប្រុសខ្លួន។
«ជួយរកយុត្តិធម៌ និងរកឃាតករពិត ហើយសូមបដិសេធនូវចំលើយរបស់ជួបសម្លាប់ថា កែម ឡី ជំពាក់លុយគាត់ ៣ពាន់ ដុល្លារហ្នឹង»។
លោក កែម រិទ្ធិសិទ្ធ បន្ថែមទៀតថា ប្រាក់ដែលសេសសល់ប្រមាណ ២២០០ដុល្លារនឹងត្រូវចំណាយសម្រាប់ការកសាង ចេតិយរបស់លោកបណ្ឌិត កែម ឡី។ ចេតិយនេះដែលគ្រោងនឹងចំណាយអស់ទឹកប្រាក់ប្រមាណជា១៧ម៉ឺនដុល្លារអាមេរិក។
ប៉ុន្តែបើយោងតាមលោក កែម រិទ្ធិសិទ្ធ ឱ្យដឹងថា រហូតដល់ពេលនេះចេតិយរបស់លោកបណ្ឌិត កែម ឡី ទើបតែកសាងបាន ប្រមាណ ៥ ភាគរយតែប៉ុណ្ណោះ ៕