ភ្នំពេញ ៖ ក្នុងរយៈពេលជាងដប់ឆ្នាំកន្លងមក ប្រទេសកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវជាស្ត្រីទៅចូលរួមបេសកកម្មថែ រក្សាសន្តិភាពនៅក្រៅប្រទេសសរុបជាង២០០នាក។ ចំនួននេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុង ការផ្តល់ ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាអន្តរជាតិ។
នារីកងទ័ពមួកខៀវកម្ពុជា ជាប់លំដាប់ថ្នាក់លេខ១ក្នុងចំណោមប្រទេសអាស៊ានទាំងដប់ក្នុងក្របខណ្ឌ័បំពេញបេសកម្ម មនុស្សធម៌នៅក្រៅប្រទេស។
នេះគឺជាចំណាត់ថ្នាក់របស់អង្គការសហប្រជាជាតិដែលបានធ្វើកាលពីពេលថ្មីៗនេះ។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់សង្គ្រាម ប្រាប់វិទ្យុនៅថ្ងៃទី១៨ កក្កដានេះថា ប្រការដែលកម្ពុជាទទួលបានចំណាត់ថ្នាក់កំពូលនេះដោយ សារកម្ពុជាបានបញ្ជូននាយទាហានជានារីបានចំនួនច្រើន បណ្តាលប្រទេសសមាជិកអាស៊ានផ្សេងទៀត។
«សមត្ថភាពរបស់នារីយើងពូកែ យើងបានបញ្ជូននារីដែលមានសមត្ថភាពដែលអាចចូលរួមជានាយទាហាន»។
កាលពីថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០១៧ អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋានក្នុងក្រុងញូវយក សហរដ្ឋអាមេរិក បានបើក កិច្ចប្រជុំផ្តល់ចំណាត់ថ្នាក់លើការចូលរួមវិភាគទានរបស់ប្រទេសជាសមាជិក ក្នុងការលើកកំពស់ស្ត្រីក្នុងការបំពេញបេសកម្ម ថែរក្សាសន្តិភាពក្នុងពិភពលោក។
ជាលទ្ធផលប្រទេសកម្ពុជា ក្នុងលំដាប់ថ្នាក់ទី១ ក្នុងចំណោមប្រទេសនៅអាស៊ាន។ សមាគមអាស៊ានដែលរួមមានសមាជិក ចំនួនដប់ប្រទេស។ ដោយឡែកក្នុងចំណោមបណ្តាប្រទេសក្នុងទ្វីបអាស៊ីទាំងមូលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ២ស្ទួន ក្នុងការបញ្ជូននារីកងទ័ពមួកខៀវឲ្យបំពេញបេសកម្មសន្តិភាពនៅក្រៅប្រទេសបានច្រើនជាងគេ។ លេខ ២ស្ទួន ដោយសារ ប្រទេសម៉ុងហ្គោលី ទទួលបានចំណាត់ថ្នាក់នេះដូចគ្នាដែរ។
ទោះជាយ៉ាងណាក្នុងចំណោមប្រទេសសរុបចំនួន ១២១ក្នុងពិភពលោក កម្ពុជាក៏ទទួលបានចំណាត់ថ្នាក់កម្រិតខ្ពស់ផងដែរ។ ពោលគឺចំណាត់ថ្នាក់លេខ១០ សម្រាប់ការបរិច្ចាគកម្លាំងរក្សាសន្តិភាពផ្នែកនារី។ លោក សែម សុវណ្ណី បន្ថែមទៀតថា ចំនួន នៃការបញ្ជូនកម្លាំងនារីថ្នាក់នាយទាហានសេនាធិការក្នុងកង និងនៅទីបញ្ជាការក្នុងតំបន់បេសកកម្ម គឺមិនទាន់ឆ្លើយតប តាមការចង់បានរបស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ ២០១៧នេះនៅឡើយទេ។
ជាគោលការណ៍អង្គការសហប្រជាជាតិបានដាក់ផែនការឲ្យប្រទេសជាសមាជិកបញ្ជូនកងទ័ពជាស្ត្រីរបស់ខ្លួន សរុបរហូត ដល់ ១៥ភាគរយឬស្មើនឹងប្រមាណ៥៣៣នាក់នៅឆ្នាំ២០១៧។ ប៉ុន្តែប្រទេសកម្ពុជាទើបតែបញ្ជូនកងទ័ពនារីរបស់ខ្លួនទៅ បំពេញបេសកម្មមនុស្សធម៌នៅក្រៅប្រទេសបានត្រឹមតែ៦ភាគរយតែប៉ុណ្ណោះ។
ក្នុងរយៈពេល១១ឆ្នាំកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនទៅក្រៅប្រទេសបានចំនួនជិត៥០០០នាក់ ក្នុងនោះកងទ័ព ស្ត្រីមានចំនួន២០២នាក់។ក្នុងនោះកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនទៅកាន់ប្រទេសចំនួនប្រាបី រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល សឺរ៉ី សាយប្រឹស ម៉ាលី និងប្រទេសឆាត។
កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត ២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕