ភ្នំពេញ៖ ដូចការគ្រោងទុកនៅថ្ងៃទី ១៧ ខែកក្កដា នេះក្រសួងដែន នគរូបនីយកម្ម និងសំណង់ សហការជាមួយភាគី ក្រុមហ៊ុន អារ៉ាការវ៉ា របស់ប្រទេសជប៉ុន បានរៀបចំពិធីក្រុងពាលីតាមបែបប្រពៃណី ដើម្បីបើកការ ដ្ឋានកម្ទេចអាគារ ប៊ូឌីញ«ស»ដោយ ចាប់ផ្ដើមវាយកំទេចពីថ្ងៃនេះហើយ ។ តែបែបនេះក្ដី ពលរដ្ឋធ្លាប់រស់នៅ អាគារដ៏ចាស់មួយនេះ ដែល សម្លឹងការវាយកំទេចអាគារបង្ហាញភាព អាឡោះអាល័យ តែខ្លះ បានបង្ហាញក្ដីសប្បាយរីករាយដោយសារទទួលសំណង សមរម្យ។

នៅម៉ោងប្រមាណជា ៨ព្រឹក នៅថ្ងៃចន្ទទី១៧ កក្កដានេះ ពិធីមួយដែលធ្វើឡើងតាមអបីយជំនឿបានចាប់ផ្ដើម ។ នោះគឺពិធី ក្រុងពាលី ជាការចាប់ផ្ដើម វាយកំទេច អាគារប៊ូឌីញ«ស» ដែលមានវ័យចំណាស់ជាង កន្លះសតវត្សត្រូវបានសង់ឡើងនៅ សម័យសង្គមរាស្ត្រនិយម។ អាគារដ៏ចាស់នេះ ផ្ទុកមនុស្ស ៤៩៣ គ្រួសារ ដែលភាគច្រើនជាគ្រួសារក្រីក្រ និងក្រុមសិលុ្បះករ។
ខណៈអាគាររងវាយការកំទេច ពលរដ្ឋធ្លាប់រស់នៅលើអាគារនេះសម្តែងទឹកចិត្តរីករាយដែលខ្លួនទទួលបានសំណងសមរម្យ ជាថ្នូរនៃការចាកចេញ តែពលរដ្ឋខ្លះនៅតែមានការអាឡោះអាល័យចំពោះអនុវស្សាវរីយ៍ដែលធ្លាប់រស់នៅទៅនេះ។
«កន្លែងយើងធ្លាប់រស់នៅយើងសោកស្តាយណាស់ ម្ភៃឆ្នាំជាងហើយ។ យើងនៅកន្លែងនេះ[ប៊ូឌីញ]មានសេចក្តីសុខណាស់ ថ្វីបើអាគារហ្នឹងវាមិននេះមែន ។តែយើងរស់នៅទីកន្លែងហ្នឹងរាប់អានញាតិ្តបានច្រើនណាស់ ។យើងទៅរស់នៅកន្លែងថ្មីទម្រាំ កសាងបានច្រើនទៀតយូរណាស់។ យើងរកស៊ីកន្លែងថ្មីមិនងាយទេ ។យើងផ្លាស់ទៅក៏វាឆ្ងាយកន្លែងធ្វើការប្តី កន្លែងធ្វើការ កូន និងសាលាកូនរៀនសូត្រ ឆ្ងាយសព្វគ្រប់»។
នេះជាការលើកឡើងរបស់ពលរដ្ឋរស់នៅលើអាគារប៊ូឌីញ ដែលទើបមកពីមើលការរៀបចំពិធីក្រុងពាលីបើកការដ្ឋានកម្ទេច អាគារប៊ូឌីញ។
ពិធីក្រុងពាលីបើកការដ្ឋានវាយកម្ទេចសំណង់អាគារប៊ូឌីញនេះ បានរៀបចំនៅលើដំបូលនៃអាគារជាន់ទី៤ ដោយមានការ ចូលរួម ពីមន្រ្តីក្រសួងដែនដី អ្នកជំនួញនិងកម្មករវាយកម្ទេចរបស់ក្រុមហ៊ុនអារ៉ាការវ៉ា និងពលរដ្ឋរស់នៅអាគារប៊ូឌីញ មួយ ចំនួនផងដែរ។

ថ្លែងបន្ទាប់ពីបញ្ចប់ពិធីក្រុងពាលីនេះ លោក ម៉េង ហុងសុជាតិខេមារ៉ូ អគ្គនាយកលំនៅដ្ឋាន នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលដឹកនាំ កម្មវិធីរៀបចំវាយកំទេចអាគារមានប្រសាសន៍ថា នេះជាជោគជ័យជំហានទីមួយ ដែលខាងក្រសួង ដែនដី និងភាគីក្រុមហ៊ុន អារ៉ាកាវ៉ា អាចដោះស្រាយសំណងជូនពលរដ្ឋបានទាំងស្រុងនិងដោយសន្តិវិធី។ លោកបន្តថា ជំហានបន្ទាប់ក្រុមហ៊ុននឹងចាប់ផ្តើមការរុះរើ និងវាយកម្ទេចដោយប្រើបច្ចេកទេសនិងគ្រឿងចក្រទំនើបជៀសវាងការបង្ក គ្រោះថ្នាក់និងការរំខានពលរដ្ឋរស់នៅក្បែរនោះ។
«ទី១សំខាន់បំផុតការពារបរិស្ថានឱ្យបាន បរិស្ថានគឺការពារសំឡេង ហុយ ធូលី ហើយនឹងការគោរពម៉ោងពេលមិនឱ្យរំខាន ដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះទេ»។
មន្រ្តីនៃក្រសួងដែនដីរូបនេះបន្ថែមទៀតថា សំណង់ថ្មីកម្ពស់ ២១ ជាន់របស់ក្រុមហ៊ុនជប៉ុនមួយនេះ នឹងអាចរចនាម៉ូតតាម ម៉ូឌែលចាស់ខ្លះដែរ។ ចំណែកសំណើរសុំផ្នែកខ្លះនៃអាគារថ្មី ទុកសម្រាប់សិល្បះករអាចសំដែងសិល្បនោះ ក៏ខាងក្រសួង បានដាក់ជូនក្រុមហ៊ុនរួចរាល់ហើយ។លោកថាលទ្ធផលអាចមានភាពវិជ្ជមានច្រើន។
លោក ហេង ប៊ុននី តំណាងក្រុមហ៊ុនពិស្ណុកាដែលទទួលបន្ទុកផ្នែកវាយកម្ទេចសំណង់អាគារប៊ូឌីញនេះ ឱ្យដឹងថា ដំណើរការ នៃការវាយកម្ទេចអាគារនេះ គឺគ្រោងចំណាយរយៈពេល ៤ ខែ។
លោកបន្តថា ក្រុមការងារនឹងធ្វើរបងស័ង្កសីព័ន្ធជុំវិញការដ្ឋាននេះ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់ ទីនេះ។ លោកបន្ថែមទៀតថា ក្រុមហ៊ុនក៏គ្រោងប្រើកម្មករប្រមាណ ៦០នាក់ និងគ្រឿងចក្រទំទើបៗដើម្បីការពារបរិស្ថានអ្នក រស់នៅជុំវិញអាគារនេះ។
លោក ហេង ប៊ុននី ៖«យើងរៀបចំប្រព័ន្ធសុវត្ថិភាព មានរៀបចំទឹកដើម្បីបាញ់កុំឱ្យហុយ ការពារសំឡេង និយាយឱ្យចំការពារ សុវត្ថិភាពឱ្យល្អ»។
អាគារប៊ូឌិញ«ស» មានទីតាំងនៅតាមផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ អាគារនេះ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១៩៦៣ និងជាកេរ្តិ៍តំណែលរបស់ អតីតព្រះ មហាក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលសាងសង់ឡើងសម្រាប់ជូនអ្នកសិល្បៈ និងមន្រ្តីរាជការរស់នៅ។

អាគារដែលធ្លាប់មានពលរដ្ឋរស់នៅអ៊ូអរ មនុស្សម្នាចេញចូលរកស៊ីទទួលទាន បានក្លាយជាស្ងៀមបន្តិចវិញបន្ទាប់ពីពលរដ្ឋ នៃអាគារនេះបានទទួលយកសំណងពីក្រុមហ៊ុនអារ៉ាកាវ៉ា ដើម្បីចាកចេញតាំងទីលំនៅថ្មី។
នៅបរិវេណខាងក្រោមអាគារប៊ូឌីញ គេសង្កេតឃើញមានគ្រឿងចក្រមួយចំនួនក្បែរនោះ ដើម្បីបំរើការដល់ការរុះរើ និងកម្ទេច អាគារនេះ។ ចំណែកបន្ទប់អាគារដែលធ្លាប់បិទបាំងដោយទ្វារនិងបង្អួចនោះ ត្រូវបានមើលធ្លាយពីម្ខាងទៅ ព្រោះបន្ទប់ស្ទើរ ទាំងអស់ត្រូវបានម្ចាស់ផ្ទះរើឥវ៉ាន់ សម្ភារៈប្រើប្រាស់ និងទ្វារបង្អួចចេញគ្មានសល់។ ក្នុងបន្ទប់ទាំងនោះគេឃើញមានតែរបស់ របបប្រើប្រាស់បាក់បែក និងខោអាវចាស់រហែកៗ រប៉ាត់រប៉ាយពេញបន្ទប់ ដែលម្ចាស់ផ្ទះទុកចោលតែប៉ុណ្ណោះ។
នៅថ្ងៃបើកការដ្ឋានរុះរើនេះ គេសង្កេតឃើញនៅសល់ប្រមាណ ៣ គ្រួសារចុងក្រោយកំពុងធ្វើការរុះរើយកសម្ភារៈចំបាច់ ដូចជាដំបូលស័ង្កសី ទ្វារ បង្អួច និងសម្ភារៈប្រើប្រាស់មួយចំនួន។
កំពុងរៀបចំសម្ភារៈប្រើប្រាស់ទុកដោយអន្លើៗ អ្នកស្រី វង កន្ធថាយ វ័យ ៤០ឆ្នាំ និយាយថា ប្រការដែលអ្នកស្រីមានភាពយឺត យ៉ាវក្នុងការរើចេញនេះ ក៏ព្រោះតែអ្នកស្រីទើបរកទីតាំងថ្មីបាន ហើយអ្នកស្រីក៏ទើបតែទទួលបានគោលការណ៍សំណង បន្ថែមពីក្រសួង។
អ្នកស្រីបន្តថា ដំដោះស្រាយរបស់ក្រសួងដែនដីគឺមានគោលការណ៍ច្បាស់លាស់ និងល្អប្រសើរខ្លាំងណាស់ដោយមិនឱ្យពល រដ្ឋរងទុក្ខពីការអភិវឌ្ឍនេះទេ។
អ្នកស្រី វង កន្ធថាយ ៖«គឺបងចង់ចេញប៉ុន្តែ គ្រាន់តែមានករណីមួយបងមិនទាន់រកផ្ទះបាន ទីពីរគឺបងជាប់កូនរៀន ដល់ អញ្ចឹងទៀតបងក៏សុំពន្យាដល់ថ្ងៃដែលគាត់កំណត់ឱ្យយើងរើ ចាសអូន!។ចំណែកសំណងគាត់ប៉ះប៉ូវឱ្យយើងមិនឱ្យខកចិត្ត នោះទេ ហើយការចាកចេញនេះ គឺមិនមែនដោយបង្ខិតបង្ខំទេ គឺចេញដោយស្ម័គ្រចិត្ត។»

ពលរដ្ឋមួយរូបទៀតអ្នកស្រី គឹម ស្រីពៅ ដែលជាគ្រួសារចុងក្រោយដែលមិនទាន់ចាកចេញមានប្រសាសន៍ថា អ្នកស្រីត្រូវ បានក្រសួងនិងក្រុមហ៊ុនទុកលទ្ធភាពមួយថ្ងៃទៀតដើម្បីរៀបចំរើរុះសម្ភារៈចាកចេញ ព្រោះអ្នកស្រីជួលទីតាំងថ្មីបាន។ និយាយបណ្តើរភ្នែករំពៃទៅលើអាគារដ៏ចាស់ទ្រុឌទ្រោម រុំព័ទ្ធដោយស្លែដែលជាកម្អែលទឹកភ្លៀងពណ៌ខ្មៅបណ្តើរ អ្នកស្រីបន្ត ថា បើទោះបីជាអាគារនេះត្រូវវាយកម្ទេចយ៉ាងណា តែអ្នកស្រីរំពឹងថា ចំណងមិត្តភាពរវាងមិត្តភក្តី ញាត្តិជិតខាង នឹងមិនសាប សូន្យនោះទេ។
អ្នកស្រី គឹម ស្រីពៅ ៖«ខ្ញុំមានអាម្មរណ៍សោកស្តាយដែលចេញពីអាគារប៊ូឌីញទៅនេះ បែកបងប្អូនញាត្តិមិត្តជិតខាងអញ្ចឹង។ វាបែកឆ្ងាយតែដូចជាជិតដែល ព្រោះយើងអាចទូរស័ព្ទរកទាក់ទងរកគ្នា តែវាមិនបានជិតដូចយើងនៅហ្នឹងទេ។ ហើយក៏ខ្ញុំផ្តាំ ផ្ញើដែលបងប្អូននៅអាគារប៊ូឌីញដែលបានចាកចេញមុនខ្ញុំទៅ ក៏ខ្ញុំមានក្តីនឹករលឹកដូចគ្នា»។
នៅរសៀលថ្ងៃនេះដែល ក្រុមហ៊ុនដែលទទួលបន្ទុកវាយអាគារប៊ូឌីញនេះ បានចាប់ផ្តើមការវាយជញ្ជាំងសំយោបជាប់ពីមុខ អាគារផ្នែកខាងត្បូងជាបណ្តើរៗហើយ ដោយប្រើអេស្កាវ៉ាទ័រ ដើម្បីបញ្ជៀសការបាក់បង្កគ្រោះថ្នាក់ដល់ពលរដ្ឋ៕