ភ្នំពេញ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានប្រកាសជាថ្មីម្តងទៀត ថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ២០១៨ ខាងមុខនេះ។
ការប្រកាសជាថ្មីរបស់លោក សម រង្ស៊ី ដូចនេះបានធ្វើឡើងនៅលើបណ្តាញសង្គម Twitter កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ។
នៅលើបណ្ដាញសង្គមលោក សម រង្ស៊ី បានសរសេរដូច៖ «I will return to Cambodia in 2018. Hun Sen is not eternal.»ខ្ញុំ នឹងត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០១៨ ។ ហ៊ុន សែន មិនអមតៈរហូតទេ» ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានស្ថិតនៅក្រៅប្រទេស បន្ទាប់ពីសាលាឧទ្ធណ៍បានចេញដីកាចាប់ខ្លួន ទាក់ទងនឹងរឿងចាស់ឆ្នាំ២០១០ ដែលអតីតរដ្ឋមន្ដ្រីការបរទេស លោក ហោ ណាំហុង ប្ដឹងលោកពីបទបរិហារកេរ្តិ៍ ព្រោះតែ លោក សម រង្ស៊ី ថា លោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកនៃរបបខ្មែរក្រហម។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី នៅមានសំណុំរឿងចំនួន ៦ កំពុងរងការកាត់ទោសនៅតុលាការ ក្នុងនោះប្ដឹងដោយសម្ដេច នាយករដ្ឋមន្ដ្រី និងសម្ដេច ហេង សំរិន។តែអ្វីដែលលោក សម រង្ស៊ី បានអះអាងដូចនេះ ទំនងប្រហែលជាអតីតមេដឹកនាំបក្សប្រឆាំងទទួលបានបណ្ដឹងនេះ ដោយសារតែសមាជិកសភាសហភាពអឺរ៉ុបកំពុងតែស្វែងរអន្ដរាគមន៍ពីស្ថាប័ន សភាអឺរ៉ុបធំៗ ធានាអោយរូបលោកវិលចូលកម្ពុជាវិញ មុនការបោះឆ្នោតឆ្នាំ ២០១៨ ៕