en     km
en     km

អ្នកវិភាគ​ ៖​ ដំណើរ​ទស្សនកិច្ច​មន្ត្រី​កម្ពុជា​ទៅ​ភូមា​អាច​ស្វែង​យល់​ពី​ ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ (មានសំឡេង)

Share

ភ្នំពេញ៖ រដ្ឋមន្ដ្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ទើបតែបញ្ចប់ ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសភូមា(មីយ៉ាន់ម៉ា) កាលពីថ្ងៃទី១១ កក្កដា។ ការជួបគ្នារវាងកម្ពុជា មីយ៉ាន់ម៉ានេះ ត្រូវបានអ្នកសិក្សាពីអភិបាលកិច្ច កត់សំគាល់ថា កម្ពុជា នឹងបានផលប្រយោជន៍មួយចំនួន ស្ដីពីការអភិវឌ្ឍវិស័យកសិម្ម និងដំណើរលទ្ធិប្រជាធិបតេយ្យរបស់អតីតប្រទេសយោធានិយមមួយនេះ។

 

លោក ចាន់ វិបុល អ្នកសិក្សាពីអភិបាលកិច្ច និងលទ្ធិប្រជាធិបតេយ្យ មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១២ កក្កដានេះថា លោកមើលឃើញចំណុច វិជ្ជមាន មួយចំនួនក្នុងជំនួបរវាងមន្ត្រីកម្ពុជានិងប្រទេសភូមា។

លោកយល់ថា ការដែលមេដឹកនាំភូមា  អញ្ជើញមន្ត្រីជាន់ខ្ពស់កម្ពុជានាពេលនេះ គឺអាចជាការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ ក្នុងនាមជាសមាជិកអាស៊ាន និងចែករំលែកបទពិសោធន៍ស្ដីពីការបោះឆ្នោតថ្នាក់មូលដ្ឋានដែលប្រទេសកម្ពុជា ទើបតែបញ្ចប់ទៅថ្មីៗ ខណៈដែលប្រទេសភូមា កំពុងចាប់ផ្ដើមរៀបចំដំណើរការបោះឆ្នោតថ្នាក់មូលដ្ឋានថ្មីរបស់ខ្លួន។
លោក ចាន់ វិបុល ៖«គេអត់ទាន់មានការបោះឆ្នោតទេ នៅថ្នាក់មូលដ្ឋាន តាមបែបប្រជាធិបតេយ្យ អញ្ជឹងកម្ពុជាយើងមានការបោះឆ្នោតថ្នាក់មូលដ្ឋានតាំងពី ២០០២មកម្លេះ អញ្ចឹងកន្លែងហ្នឹងដែលភូមិមានអាចទទួលយកពីកម្ពុជា ថាថើម៉េចទើបធ្វើឲ្យមានប្រជាធិបតេយ្យយោបនីយកម្មនៅថ្នាក់ក្រោមជាតិ»។

លោក ចាន់ វិបុល អ្នកសិក្សាពីអភិបាលកិច្ច និងលទ្ធិប្រជាធិបតេយ្យ
លោក ចាន់ វិបុល អ្នកសិក្សាពីអភិបាលកិច្ច និងលទ្ធិប្រជាធិបតេយ្យ

ក្រៅពីនេះអ្នកសិក្សាពីអភិបាលកិច្ច មើលឃើញថា កម្ពុជាក៏នឹងបានទទួលផងដែរពីបទពិសោធន៍ស្ដីពីវិស័យកសិកម្ម និងវារីអគ្គិសនី ដែលភូមាជាប្រទេសមានឥទ្ធិពលខ្លាំងទៅលើវិស័យទាំងពីរនេះ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃទី១២ កក្កដានេះ  ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ដ្រីការបទេសកម្ពុជា រយៈពេលពីរថ្ងៃនៅប្រទេសភូមាគឺ ប្រទេសពីរទាំងពីរបានប្ដេជ្ញារួមគ្នា ពីការបង្កើនទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្កិការពហុវិស័យផ្សេងៗ។
ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលផ្ដោតសំខាន់ទៅលើការពង្រីកទំហំពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្ដិការវិស័យទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យវប្បធម៌ និងលើកកម្ពស់វិស័យអប់រំ តាមការផ្លាស់ប្ដូរទស្សសិក្សារបស់យុវជន និងសិស្ស និស្សិត ដែលស្របតាមស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្ដិការវិស័យអប់រំចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២១ ។

លោក ប្រាក់ សុខុន និងលោកស្រី អ៊ុង សានស៊ូជី
លោក ប្រាក់ សុខុន និងលោកស្រី អ៊ុង សានស៊ូជី

អ្នកសិក្សាពីអភិបាលកិច្ច និងលទ្ធិប្រជាធិបតេយ្យ បន្ដទៀតថា ប្រទេសភូមាក្រៅពីបានទទួលបទពិសោធន៍ស្ដីការបោះឆ្នោតថ្នាក់មូលដ្ឋានហើយ ប្រទេសនេះក៏អាចចែករំលែកធនធនាមនុស្សជាមួយកម្ពុជាផងដែរ។ ជាងនេះលោកមើលទៀតថា កម្ពុជានិងប្រទេសភូមាក៏បានរៀនសូត្រពីគ្នាពីការដឹកនាំសង្គម ការធានាស្ថិរភាពនយោបាយ តាមបែបលទ្ធិប្រជាធិបតេយ្យ បើទោះជាមិនបានច្រើនក៏ដោយ។ លោក ចាន់ វិបុល ៖«កម្ពុជា មីយ៉ាន់ម៉ា អាចរៀនសូត្រពីរបៀបដឹកនាំសង្គម គេហៅថា ការដឹកនាំដែលធានាដល់ស្ថិរភាពនយោបាយអញ្ចឹងដែរ»។

គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ដ្រីការបរទេសកម្ពុជា ទៅកាន់ប្រទេសភូមានេះ គឺមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី១១។

ក្នុងដំណើរទស្សនកិច្ចនេះ  លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបពិភាក្សា ជាមួយប្រធានាធិបតីភូមា លោក ធិន ច និង លោកស្រី អ៊ុង សានស៊ូជី ប្រធានទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រីការបរទេស។ មេដឹកនាំភូមាទាំង ២រូប នេះ ត្រូវបានចាត់ទុកថា ជាអ្នកប្រជាធិបតេយ្យនិយមភូមាល្បីល្បាញជាងគេ៕

Share

ព័ត៌មានទាក់ទង

Image