en     km
en     km

ស្រ្តីខ្មែរយ៉ាងតិច៣០រូបស៊ីឈ្នួលពពោះឱ្យជនបរទេស

Share

ភ្នំពេញ៖ចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយស្ត្រីកម្ពុជាមិនអាចស៊ីឈ្នួលពរពោះឲ្យជនបរទេសទៀតទេ ខណៈដែលមានស្ត្រីខ្មែរប្រមាណ៣០នាក់កំពុងពពោះជំនួសជនបរទេស។មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថាក្រសួងអាចនឹងចាត់វិធានការប្រសិនបើមានការរំលោភលើបម្រាមនេះ។

ចាប់ពីខែកក្កដានេះរហូតដល់ដើមខែមករា ឆ្នាំ២០១៨ ស្ត្រីខ្មែរមិនត្រូវស៊ីឈ្នួលពពោះឲ្យជនបរទេសទៀតទេ។ មូលហេតុគឺដើម្បីចៀសវាងការជួញដូរទារកទៅក្រៅប្រទេស។ នេះបើតាមសេចក្តីអះអាងរបស់ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលបានថ្លែងប្រាប់វិទ្យុស្រ្តីនៅថ្ងៃ១២ កក្កដា ឆ្នំា ២០១៧។ លោកស្រីបញ្ជាក់បន្ថែមថាក្នុងករណីដែលត្រូវរកឃើញថាមានការមិនគោរពតាមសេចក្តីណែនាំនេះក្រសួងមហាផ្ទៃអាចនឹងប្រើប្រាស់វិធានការផ្លូវច្បាប់។ ប៉ុន្តែលោកស្រីមិនបានបង្ហាញវិធានការនោះបែបណានោះទេ។

សេចក្តីអះអាងនេះធ្វើឡើងខណៈដែលមានរបាយការណ៍មកថាយ៉ាងហោចណាស់មានស្ត្រីខ្មែរចំនួន៣០នាក់បានស៊ីឈ្នួលពពោះជំនួសជនបរទេសចាប់តាំងពីឆ្នាំ២០១៦មក។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានពន្យល់ថារហូតមកទល់ពេលនេះមានការដាក់ពាក្យស្នើសុំទារកពីស្រ្តីខ្មែរពីជនបរទេសមកកាន់ក្រសួងមហាផ្ទៃ ត្រឹម តែ ១៤-១៥ ករណីប៉ុណ្ណោះ។

លោកស្រី ជូ ប៊ុនអេង បញ្ជាក់បន្ថែមថាការដាក់កម្រិតនៅពេលនោះគឺដើម្បីទុកពេលឲ្យស្ត្រីដែលបានពពោះរួចហើយនោះមានពេល​វេលារហូតដល់ពេលសម្រាលកូន។ «ដាក់កំហិតថាករណីថ្មីនេះមិនឱ្យមានទៀតទេពីនេះរហូតទៅដល់មុនដើមខែមករា ឆ្នំា​២០១៨ ដោយសារយើងទុកចន្លោះពេលមួយនៅពេលដែលពួកគាត់បានជាជ្រុលរួចទៅហើយយើងក៏នឹងបន្តធ្វើការងារនេះគឺមិនប្រលែងនោះទេ»

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចុះហត្ថលេខាលើគោលការណ៍បណ្តោះអាសន្នមួយកាលពីខែមីនា ឆ្នំា២០១៧ អនុញ្ញា​តិ​ឱ្យនំាយកទារកដែលពពោះជំនួសដោយស្រ្តីកម្ពុជាទៅកាន់បរទេស។ ហើយគោលការណ៍បណ្តោះអាសន្ននេះតម្រូវឱ្យជនបរទេសដែលចង់បានទារកពីផ្ទៃម្តាយកម្ពុជាដែលពពោះជំនួសនោះមកដាក់ពាក្យស្នើសុំពីក្រសួងមហាផ្ទៃ។

នៅពេលនេះក្រសួងយុត្តិធម៌ និង ក្រសួងកិច្ចការនារី រួមទាំងផ្នែកពាក់ពន្ធ័មួយចំនួនទៀតកំពុងរៀបចំបង្កើតច្បាប់ទប់ស្កាត់ករណីផ្តល់សេវាស៊ីឈ្នួលពពោះឱ្យជនបរទេសតទៅទៀត។

ទាក់ទងនឹងករណីនេះ ក្រសួងសុខាភិបាល ក៏បានហាមប្រាមមិនឱ្យមានស្រ្តីខ្មែរស៊ីឈ្នួលពពោះជំនួសជនបរទេសផងដែរ។

លោក ស្រី សាខឿន សាវ៉ាឌី មន្រ្តីទទួលបន្ទុកផ្នែកច្បាប់នៃក្រសួងកិច្ចការនារី  បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្តីដឹងនៅថ្ងៃនេះដែរថា   ក្រសួងកិច្ចការនារីកំពុងតែប្រជុំពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាឱ្យច្បាប់នេះចេញមកមានប្រសិទ្ធភាពល្អប្រសើរ។ តែទោះបីជាយ៉ាងនេះក្តីលោកស្រី សាខឿន សាវ៉ាឌី មិនទាន់អាចប្រាប់បានទេថាសេចក្តីព្រាងច្បាប់នេះនឹងបញ្ចប់នៅពេលណានៅទ្បើយនោះទេ។«ពេលដែលក្រសួងពីរនឹងបានសម្រេចហើយវាមានការប្រជុំការងារផ្ទៃក្នុងតូចមួយទៀតវាមានក្រសួងពាក់ព័ន្ធសំខាន់ៗដូចជាក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អីហ្នឹងត្រូវចូលរួមប្រជុំមួយសារទៀតដើម្បីឯកភាពគ្នាហើយសុំទៅក្រុមប្រឹក្សាអ្នកច្បាប់ត្រួតពិនិត្យទៀត»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។

គួរជម្រាបថាកាលពីអំទ្បុងខែវិច្ឆិកា ឆ្នំា២០១៦ អាជ្ញាធរបានឃុំខ្លួនស្រ្តីជនជាតិអូស្រ្តាលី និងបក្សជនជាតិខ្មែរពីរនាក់ ដែលបានបើកក្លីនិចផ្តល់សេវាពពោះជំនួសនៅកម្ពុជា។ ជនជាតិដែលនិយមទិញសេវាពពោះជំនួសនៅកម្ពុជានេះ រួមមានជនជាតិអូស្រ្តាលី ជនជាតិអាមេរិក ជនជាតិកាណាដា ក្រៅពីនោះក៏មានជនជាតិចិនផងដែរ។

បើតាមលោកស្រ្តីជូ ប៊ុនអេង ពន្យល់ថាវិធីពពោះជំនួស មានពីររបៀប។ របៀបទីមួយ គេយកអំព្រីយ៉ុងដាក់ក្នុងមេជីវិតឈ្មោល ញី ហើយ យកមកផ្ញើរនៅក្នុងពោះស្រ្តី និងទីពីរ គេយកមេជីវិតបុរសដាក់បញ្ចូលក្នុងមេជីវិតស្រ្តី រហូតដល់ពេលកើត គឺ ៩ខែ ១០ថ្ងៃ៕

 

Share

ព័ត៌មានទាក់ទង

Image