(ភ្នំពេញ)៖ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ មានសង្ឃដីកាថា ឡានរបស់ព្រះអង្គ ត្រូវបានជនទុច្ចរិតមិនស្គាល់មុខគប់បំបែកកញ្ចក់ខាងស្ដាំផ្នែកកណ្ដាលនៃឡាន កាលពីវេលាម៉ោង ១០ និង ២៣នាទីយប់។ នេះបើតាមឱ្យដឹងនៅលើទំព័រហ្វេសប៊ុក ព្រះតេជគុណ ប៊ុត ប៊ុនតិញ ឱ្យដឹងនៅថ្ងៃរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៧នេះ។
តាមហ្វេសប៊ុករបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ អំពើគប់បំបែកកញ្ចក់ឡានរបស់ជនមិនស្គាល់មុខខាងលើ គឺ បានកើតឡើងនៅជិតវត្តសិរីពោធិព្រឹក្ស ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមការលើកឡើងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅក្នុងហេតុការណ៍នោះមិនបានធ្វើឱ្យព្រះអង្គ និងក្រុមការងាររបស់បណ្ដាញសង្ឃឯករាជ្យ មានរបួសនោះទេ។
តាមហ្វេសប៊ុករបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ហេតុការណ៍ខាងលើ គឺ បានកើតឡើងក្រោយពេលដែលក្រុមការងារបណ្ដាញព្រះឯករាជ្យដើម្បីយុត្តិធម៌សង្គមបាននិមន្តចុះពន្យល់ពលរដ្ឋ ការពាររូបបដិមាបូរាណមួយរូបនៅ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
នៅក្នុងហេតុការណ៍នេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ហេតុការណ៍ខាងលើជាបង្កអសន្តិសុខដល់អាត្មាភាពប៊ុត ប៊ុនតិញ និងក្រុមការងារដែលសកម្ម និងកិច្ចការសង្គម បរិស្ថាន និងព្រៃឈើ និងបំភ័យដល់ក្រុមការងារ ដែលជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ឱ្យឈប់ចូលរួមការងារ។ តាមថេរដីកា ព្រះតេជគុណ ប៊ុត ប៊ុនតិញ សកម្មភាពទុច្ចរិតទាំងនេះ ក៏មានការជាប់ទាក់ទងជាមួយនយោបាយផងដែរ។
សូមជម្រាបថា ព្រះតេជគុណ ប៊ុត ប៊ុនទិញ ជាអ្នកតស៊ូមតិ យ៉ាងសកម្មដើម្បីធ្វើឲ្យប្រសើរឡើង ៕