ភ្នំពេញ៖កុមារសុំទាននៅតាមដងផ្លូវទំនងជាមានមេខ្លោងនៅពីក្រោយខ្នង។ អាជ្ញាធរនិងក្រុមអង្គការសង្គមកត់សម្គាល់ថាករណីនេះគឺជាការធ្វើអាជីវកម្មលើកុមារ។ហើយនៅក្នុងខែកក្កដានេះក្រុមសមត្ថកិច្ចនិងក្រុមអង្គការសង្គមស៊ីវិលបានសហការគ្នាបង្ក្រាប់ការធ្វើអាជីវកម្មខុសច្បាប់នេះបានពីរករណី។កញ្ញាជុំ ជោគជាតា រាយការណ៍ជូនដូចតទៅ៖
ក្នុងអំឡុងខែមិថុនា និងកក្កាដានេះ អាជ្ញាធររាជធានីភ្នំពេញបានបំបែកការណីធ្វើអាជីវកម្មលើកុមារនិងទារកចំនួនពីរ។ករណីទាំងពីរដែលជាប់ពាក់ពន្ធ័នឹងការប្រើប្រាស់កុមារឲ្យធ្វើជាកុមារសុំទានដោយមានការបញ្ជាពីក្រោយខ្នង។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនស្ត្រីវ័យ៥០ឆ្នាំម្នាក់និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដោយសង្ស័យថាស្ត្រីរូបនោះជាប់ពាក់ព័ន្ធនឹងអំពើនឹងការធ្វើអាជីវកម្មលើកុមារសម្រាប់បម្រើឲ្យការសុំទាននៅតាមដងផ្លូវ។ស្ត្រីរូបនេះ ត្រូវសមត្ថកិច្ចរកឃើញថាបានបង្ខាំងកុមារចំនួនប្រាំពីរនាក់ ក្នុងនោះមានទារកចំនួនពីរនាក់ផងដែរ។ហើយកុមារទាំងនោះដែលមិនមែនជាកូនបង្កើតរបស់ស្ត្រីនោះត្រូវដើរធ្វើជាស្មូមដើម្បីយកលុយមកឲ្យស្ត្រីខាងលើនេះ។
ដោយឡែកនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយអង្គការបេសកកម្មយុត្តិធម៌IJM និងអង្គការក្តីសង្ឃឹមនិងយុត្តិធម៌ រួមទាំងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានបង្ក្រាបបានករណីកេងប្រវ័ញ្ចពលកម្មកុមារមួយករណីទៀត ដោយឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ដែលប្រើប្រាស់កូនៗរបស់ខ្លួនទាំងប្រាំនាក់ដើម្បីសុំទានពីអ្នកដំណើរនៅតាមផ្លូវ។ ក្មេងៗទាំងនោះ មានអាយុពី ១ឆ្នាំ ដល់ ១៧ឆ្នាំ។ ពួកគេត្រូវប្រើប្រាស់សម្រាប់ការដើរសុំទានដូចគ្នាដែរ។
ឆ្លើយចំពោះ មុខសមត្ថកិច្ច កុមារទាំងនោះបញ្ជាក់ថា ជួនកាលពួកគេត្រូវដេកនៅតាមចិញ្ចើមផ្លូវ។តាមរបាយការណ៍របស់ក្រុមសមត្ថកិច្ចកុមារចុងក្រោយទាំងប្រាំនាក់អាចរកលុយពីការធ្វើស្មូមបានចំនួនដប់ម៉ឺនរៀលក្នុងមួយថ្ងៃ។ហើយពួកគេត្រូវប្រគល់ឲ្យឱពុកម្តាយពួកគេ។
លោក វរសេនីយ៍ សេន កូម៉ុន ប្រធានការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រាបវិទ្យុស្ត្រីFM ១០២ ថា ស្ត្រីអាយុ៥០ដែលត្រូវឃាត់ខ្លួនក្នុងករណីបង្ខាំងកុមារដើម្បីធ្វើអាជីវកម្មសុំទានត្រូវបញ្ជូនទៅកាន់តុលាការ។
លោក វរសេនីយ៍ សេន កូម៉ុន៖ «គាត់នឹងត្រូវបានតុលាការចោទប្រកាន់អំពើ ជ្រើសរើសមិនស្របច្បាប់សម្រាប់កេណ្ឌប្រវ័ណ្ឌលើអនីតិជន ។នេះគ្រាន់តែជាការចោទទេ សាលក្រមចូលជាស្ថានពរមិនទាន់សម្រេចនៅឡើយទេ» ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកលី សុផាន់ណា បញ្ជាក់ថា លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងសាលារាជធានីភ្នំពេញបានបើកការសើបសួរដោយចោទប្រកាន់លើឈ្មោះ ភួង ចន្នី ដែលជាស្ត្រីត្រូវបានបង្ក្រាបក្នុងករណី១មួយសម្រាប់ការធ្វើអាជីវកម្មលើកុមារ។ លោកបន្ថែមថា ស្ត្រីរូបនោះត្រូវចោទប្រកាន់ពីបទ «ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច តាមមាត្រា១២ ច្បាប់ស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី»។
តំណាងអង្គការបេសកកម្មយុត្ថិធ៌មអន្ដរជាតិ (IJM) ដែលធ្វើការលើបញ្ហាប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស ជាពិសេសកុមារ តាំងពីឆ្នាំ២០១៦ នៅប្រទេសកម្ពុជា លើកឡើងថាការប្រើប្រាស់កុមារឲ្យធ្វើពលកម្មខាងលើគឺជាការកេងប្រវញ្ច័លើពួកគេ។ អង្គការ IJM នេះមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។មន្ដ្រីតំណាងអង្គការ IJM ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃនេះថា៖«តាមពិតទៅគម្រោងថ្មីរបស់យើង មានអនុស្សរណៈជាមួយរដ្ឋាភិបាល ចឹងគោលដៅរបស់យើង គឺ ដើម្បីប្រយុទ្ធពលកម្មក្នុងស្រុក និងឆ្លងដែន ។ ហើយក្នុងស្រុកយើងជ្រើសរើសខេត្តគោលដៅ ៩ ក្នុងនោះ ខេត្ត កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញជាដើម »។ និងឆ្លងដែន មានដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសចិន»។
នៅតាមដងផ្លូវនៃរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តមួយចំនួន គេសង្កេតឃើញមានកុមារសុំទានជាច្រើនដែលឈប់សំចតនៅតាមចំណុចភ្លើងស្តុបដើម្បីរង់ចាំសុំលុយពីអ្នកដំណើរដែលឈប់នៅមុខភ្លើងក្រហម។កុមារមួយចំនួនស្ថិតក្នុងរាងកាយស្គាំងស្គមនិងមានទារកមួយចំនួនត្រូវគេបីស្ពាយពីកន្លែងមួយទៅកន្លែងមួយដើម្បីទាក់ទាញការអាណិតក្នុងបំណងសុំលុយពីអ្នកដំណើរ៕