en     km
en     km

​គណបក្សប្រជាជន៖​អាមេរិក​កំពុង​ទាមទារ​យុត្តិធម៌​សម្រាប់បណ្ឌិត កែម ឡី ?

Share

សហរដ្ឋអាមេរិកអះអាងថាក្រុមគ្រួសារសពលោកកែម ឡី កំពុងទន្ទឹងរង់ចាំយុត្តិធម៌ពេញលេញ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានវាយបកទៅវិញដោយលើកពីករណីឃាតកម្មលើអតីតប្រធានាធិបតីអាមេរិកកាលពីជាង៥០ឆ្នាំមុន។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោកបណ្ឌិត កែម ឡី

ស្ថានទូតអាមេរិកប្រចាំប្រចាំកម្ពុជា បានអធិប្បាយថាក្រុមគ្រួសារសពរបស់លោកបណ្ឌិតកែម ឡី កំពុង«រង់ចាំយុត្តិធម៌ពិតប្រាកដ»មួយ។

ក្នុងសេចក្តីអត្ថាធិប្បាយមួយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃចន្ទ័គឺចំថ្ងៃរំលឹកខួបមួយឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ស្ថានទូតអាមេរិកបានសរសេរយ៉ាងដូច្នេះថា «ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជាសូមចូលរួមជាមួយប្រជាជនកម្ពុជា នៅក្នុងការអបអរជីវិត និងការងាររបស់លោក កែម ឡី។ យើងសូមសំដែងសមានទុក្ខសារជាថ្មីចំពោះគ្រួសាររបស់លោក កែម ឡី»

បន្ថែមពីនោះទៀតស្ថានទូតសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថាខ្លួន«សង្ឃឹមថា អ្នកប្រព្រឹត្តនឹងត្រូវបានចាប់អោយទទួលខុសត្រូវពេញលេញចំពោះអំពើលីលា និងដ៏កំសាកនេះ។»

 

លោក កែម ឡី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគសង្គម និងនយោបាយ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាតកាល់តិច ក្បែរស្តុបបូកគោ។ ក្រោយឃាតកម្មនេះ បុរសម្នាក់ឈ្មោះអឿត អាង ហៅជួប សម្លាប់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែក្រុមគ្រួសាររបស់លោកនិងតំណាងអង្គការសង្គមស៊ីវិលនៅតែសម្តែងមន្ទិលចំពោះខ្មាន់កាំភ្លើងរូបនេះនិងបានស្នើឲ្យមានការស៊ើបអង្កេតករណីនេះបន្ថែមទៀត។

លោក ឈឹម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថាសហរដ្ឋអាមេរិកកំពុងតែទាមទារយុត្តិធម៌ឱ្យសពលោកកែម ឡី។ ប៉ុន្តែលោកចោទជាសំណួរឲ្យសហរដ្ឋអាមេរិកធ្វើការប្រៀបធៀបរវាងយុត្តិធម៌សម្រាប់លោកកែម ឡី និងយុត្តិធម៌សម្រាប់អតីតប្រធានាធិបតីអាមេរិក ចន ខេនណឹឌី។

លោក ឈឹម ផលវរុន ៖«បានសេចក្តីថាអាមរេរិកទាមទារឱ្យកម្ពុជាមានយុត្តិធម៌សម្រាប់លោក កែម ឡី  ប៉ុន្តែអាមេរិកខ្លូនឯងទទួលស្គាល់ទេថា មានយុត្តិធម៌សម្រាប់លោក ចន ខេនឌីដែលគេធ្វើឃាតជាង៥០ឆ្នាំកន្លងមកនោះ»។

លោកJohn Kennedy អតីតប្រធានាធិបតីអាមេរិកទី៣៥ ដែលត្រូវគេលបធ្វើឃាតដោយការបាញ់ពីចម្ងាយ នៅឆ្នាំ១៩៦៣។

លោក យ៉ង សាំងកុមារ ដែលបានរួមគ្នាជាមួយលោកកែម ឡី បង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ថា ការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាដូចនេះ អាចមកពីសហរដ្ឋអាមេរិកមិនទាន់ជឿជាក់ថាជួប សម្លាប់ ដែលត្រូវបានយកមកកាត់ទោស មិនមែនជាឃាតករពិតប្រាកដ។ យ៉ាងណាមិញលោកទទូចឱ្យតុលាការស៊ើបអង្កេតឡើងវិញចំពោះ ឃាតកម្មនេះ ដោយរកអ្នកនៅពីក្រោយខ្នង។

លោក យ៉ង សាំងកុមារ ៖«ចង់ឱ្យមានការស្រាវជ្រាវស៊ើបអង្កេតឡើងវិញ សង្ឃឹមថាយើងនឹងអាចរកយុត្តិធម៌ពិតប្រកដ»។

លោក លី សុផានណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់វិទ្យុស្ត្រីFM 102 តាមរយៈតេលេក្រាមថា ចំពោះករណីឃាតកម្មលោកកែម លោកគឺជាកិច្ចការសម្ងាត់របស់តុលាការដែលមិនអាចអធិប្បាយជាសាធារណៈនោះទេ។

កាលពីថ្ងៃចន្ទ័ម្សិលមិញនេះ គឺចំថ្ងៃខួបគម្រប់មួយឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី តំណាងក្រុមអង្គការសង្គមស៊ីវិលបានទទូចឲ្យមានការស៊ើបអង្កេតបន្ថែមលើករណីឃាតកម្មនេះ៕

Share

Image
Image
Image