en     km
en     km

Human Rights Watch អំពាវនាវឱ្យកម្ពុជាដកបម្រាមដែលហាមសកម្មភាពបន្ទប់ស្ថានការណ៍(មានសំឡេង)

Share

ភ្នំពេញ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃទី ០៩ កក្កដា បានអំពាវនាវដល់ រដ្ឋាភិ បាលកម្ពុជា លុបចោលបម្រាមដែលមានចរិតរឹតត្បឹតសកម្មភាពក្រុមសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត។ តែយ៉ាង ណាមន្រ្តីរដ្ឋាភិបាលចាត់ទុកការលើកឡើងនេះថា ជាការលើកឡើងបែបពួកឧទ្ទាមជ្រុលនិយម ដែលចង់ឱ្យ កម្ពុជាខ្ទាតចេញពីគន្លងនីតិរដ្ឋ។

ស្តាប់សំឡេង៖
ពលរដ្ឋផ្ទៀងផ្ទាត់ឈ្មោះមុនបោះឆ្នោត។រូបភាពពី អង្គការ Human Rights Watch ។
ពលរដ្ឋផ្ទៀងផ្ទាត់ឈ្មោះមុនបោះឆ្នោត។រូបភាពពី អង្គការ Human Rights Watch ។

សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដែលមានមូលដ្ឋាននៅអាមេរិក កត់សម្គាល់ឃើញថា រដ្ឋា ភិបាលកម្ពុជាកំពុងប្រើសកម្មភាព ដើម្បីពង្រីកការរឹតត្បិតលើការឃ្លាំមើលការបោះឆ្នោតមុនពេលការបោះឆ្នោតជាតិឆ្នាំ ២០១៨។ ជាងនេះទៀត អង្គការនេះថាការបំបិទសកម្មភាពរបស់បន្ទប់ស្ថានការណ៍បែបនេះ ក៏ជាការរំលោភលើសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដែលត្រូវបានដោយ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ប្រចាំអាស៊ី បានរៀបរាប់ដូចនេះថា៖«រដ្ឋាភិបាលកម្ពុជា ហាក់ដូចជាចង់លុបចោលរាល់ឧបសគ្គណាមួយចំពោះការគ្រប់គ្រង នយោបាយរបស់ខ្លួន ហើយជាក់ស្តែងមិនចង់ឱ្យមានសាក្សីណាមួយដឹងលឺឡើយ»។

ជាមួយគ្នានេះដែរ លោក រ៉ូប៊ឺតសុន ទទូចឱ្យសហគមន៍អន្តរជាតិពិនិត្យមើល តួនាទីរបស់ខ្លួនឡើងវិញ។

លោក រ៉ូប៊ឺតសុន បន្តទៀតថា៖«ប្រទេសម្ចាស់ជំនួយរបស់កម្ពុជាទាំងអស់ គួរតែអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាលុបចោលបទ បញ្ជាទាំងនេះ ហើយធានាឱ្យមានការឃ្លាំមើលឯករាជ្យក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ»។

កាលពីថ្ងៃទី ២៤ មិថុនា បណ្តុំអង្គការនៃបន្ទប់ស្ថានការណ៍ប្រមាណ ៤០ បានចេញសេចក្តីថ្លែងការណ៍របស់រួមមួយដោយកត់ សម្គាល់ឃើញថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះ «ខ្វះយុត្តិធម៌ និងរឹតត្បិតសេរីភាព ប៉ុន្តែការចាត់ចែងដំណើរការបោះឆ្នោតបានប្រសើរជាងមុន»។

ទំនងពាក្យថាខ្វះយុត្តិធម៌នេះ ហើយ ដែលនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានប្រតិកម្មចំពោះសេចក្តីថ្លែងការណ៍ នេះ ដោយបានចោទសេចក្តីថ្លែងការណ៍នេះមានចរិកញុះញង់កិច្ចការផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ ជ ប ហើយ ភ្លាមៗសម្តេចនាយករដ្ឋមន្ត្រីក៏បញ្ជាឱ្យក្រសួងមហាផ្ទៃស៊ើបអង្កេតភាពស្របច្បាប់របស់បន្ទប់ស្ថានការណ៍ នេះឡើងវិញ។

សម្តេច ហ៊ុន សែន ថ្ងៃទៅបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។រូបភាព ពីHuman Rights Watch
សម្តេច ហ៊ុន សែន ថ្ងៃទៅបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។រូបភាព ពីHuman Rights Watch

បន្ទាប់ពីមានបញ្ជារបស់នាយករដ្ឋមន្រ្តី គឺនៅថ្ងៃទី៤ កក្កដា ក្រសួងមហាផ្ទៃបានចេញលិខិតពីរដាច់ដោយឡែកទៅកាន់អង្គ ការ ខុមហ្វ្រែល និងអង្គការនិកហ្វិក ដោយព្រមានអង្គការទាំងពីរនេះត្រូវបញ្ឈប់សកម្មភាពខុសច្បាប់របស់បន្ទប់ស្ថានការណ៍ ជាបន្ទាន់។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីចាត់ទុកសេចក្តីថ្លែងការណ៍នេះថា ជាគំនិតរបស់ពួកមេក្រុមឧទ្ទាម ដែលចង់ឱ្យកម្ពុជាដើរប្រាសចាកចេញពីគន្លងនីតិរដ្ឋ។ លោក ផៃ ស៊ីផាន និយាយថា ការបង្កើតបន្ទប់ស្ថានការណ៍នេះគឺ មានលក្ខណជាបណ្តាញ ដើម្បីបំរើផលប្រយោជន៍ក្រុមបក្សពួកមួយក្រុមតូចតែប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន៖«ការបង្កើតបន្ទប់ស្ថានការណ៍ដើម្បីអ្វីដែលជាផលប្រយោជន៍របស់ពួកគេ ដូច្នេះពួកប្រឆាំង ដែលមាន គំនិតឧទ្ទាមហ្នឹងគឺមិនចង់អ្វីៗស្ថិតក្នុងច្បាប់របស់កម្ពុជាឡើយ។ដូច្នេះការលើកឡើងគឺគ្រាន់តែជាគំនិតពួកមេឧទ្ទាមមួយ តែប៉ុណ្ណោះ ហើយពួកប្រមូលផ្តុំដែលជាធ្វើនោះគឺមានចំណុចជាច្រើនដែលយើងចាប់បាន»។

យ៉ាងណា លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) យល់ឃើញដូច របាយការណ៍របស់ Human Rights Watch ដែលថា ការបំបិទបន្ទប់ស្ថានការណ៍មិនឱ្យឃ្លាំមើលសកម្មភាពបោះ ឆ្នោតបែប នេះ គឺជាការរឹតត្បឹតសេរីភាពក្នុងការចូលរួម និងបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល។ លោក កន សាវាង្ស ស្នើសុំឱ្យរដ្ឋា ភិបាលបើកចិត្តឱ្យទូលាយ ដើម្បីអង្គការសង្គមស៊ីវិលអាចចូលរួមធ្វើសកម្មភាព ដើម្បីឱ្យលទ្ធផលនៃការបោះឆ្នោតអាចឆ្លុះ បញ្ចាំងគ្នា និងអាចទទួលយកបានទាំងអស់គ្នា។

សមាជិកនៃបន្ទប់ស្ថានការណ៍
សមាជិកនៃបន្ទប់ស្ថានការណ៍

លោក កន សាវាង្ស៖«វាជាមុខមាត់មួយសម្រាប់ប្រទេសជាតិដែរ ពីព្រោះអីយើងឃើញហើយថា ការបោះឆ្នោតមួយៗ រដ្ឋា ភិបាលឱ្យសហគមន៍ជាតិ អន្តរជាតិចូលរួមសង្កាត់ការលើកការបោះឆ្នោតដូច្នេះហើយយើងគួរលើកទឹកចិត្ត។ តែយើងគួរ ធ្វើការកែប្រែវិញ បើសិនបើអង្គការសង្គមស៊ីវិលត្រង់ចំណុចណាខ្វះខាតធ្វើការកែសម្រួលវិញ»។

សូមជំរាបជូនថា បន្ទាប់ពីមានការព្រមានហាមមិនឱ្យបង្កើតឱ្យមានបណ្តុំសកម្មភាពតាមដានឃ្លាំមើលការបោះឆ្នោតរួចមក អង្គការ ខុមហ្វ្រែល និងអង្គការនិចហ្វិច បានដាក់លិខិតស្នើសូមពន្យល់ពីការចេញសេចក្តីថ្លែងការណ៍របស់ខ្លួន និង សកម្មភាពការងារលើការបោះឆ្នោត ទៅកាន់ក្រសួងមហាផ្ទៃផងដែរ តែមិនទាន់មានការឆ្លើយតបណាមួយនោះទេ។ តែយ៉ាងណាអង្គការទាំងពីរនឹងបន្តសកម្មភាពតាមដានការបោះឆ្នោតនៅឆ្នាំក្រោយតាមវិជ្ជាជីវរបស់ខ្លួនស្របតាមច្បាប់៕

 

Share

ព័ត៌មានទាក់ទង

Image