en     km
en     km

មាន​ភាព​មិន​ប្រក្រតី​តិច​តួច​ក្នុង​ការ​ផ្ទេរ​ដំណែង​មេឃុំ ចៅ​សង្កាត់​ក្រោយ​ការ​បោះឆ្នោត

Share

ភ្នំពេញ៖ការផ្ទេរដំណែងនិងការងារមេឃុំ ចៅសង្កាត់ ក្រោយពីការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់បានចាប់ផ្តើមចាប់តាំងពីថ្ងៃទី៣ ខែកក្កដា មកម្ល៉េះ។ ប៉ុន្តែនៅតាមបណ្តាឃុំសង្កាត់មួយចំនួនបាន ជួបនូវបញ្ហានៃ ការ ផ្ទេរមុខដំណែងឬការប្រគល់ការិយាល័យការងារ ជាដើម។

មាន​ភាព​មិន​ប្រក្រតី​តិច​តួច​ក្នុង​ការ​ផ្ទេរ​ដំណែង​មេឃុំ ចៅ​សង្កាត់​ក្រោយ​ការ​បោះឆ្នោត

ចៅសង្កាត់ចាស់ក្នុងសង្កាត់វាលវង់ ខណ្ឌ័៧ មករា រាជធានីភ្នំពេញ ចៅសង្កាត់ ចាស់ក្នុងសង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ  និងចៅសង្កាត់ចាស់ក្នុងសង្កាត់១ នៃខេត្តព្រះសីហនុ មិនព្រមប្រគល់ការិយាល័យការងារដល់ចៅ សង្កាត់ថ្មីមក ពីគណបក្សសង្គ្រោះជាតិ សាលាឃុំរាធរ ក្នុងស្រុកព្រះស្តេចខេត្តព្រៃវែងត្រូវ ភ្លើងឆេះបំផ្លាញខ្ទេចគ្មានសល់ រាប់ទាំងឯកសារនៅក្នុងនោះ។

ដោយឡែកចៅសង្កាត់ចាស់ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌ័សែនសុខ មិនព្រម ប្រគល់ការិយាល័យដល់គណបក្សជាប់ឆ្នោតថ្មីដូចគ្នាដែរ។

នេះគឺជាបញ្ហាមួយចំនួនដែលបានកើតឡើងក្នុងរយៈពេលប្រាំថ្ងៃនៃការចាប់ផ្តើមផ្ទេរដំណែងមេឃុំ ចៅសង្កាត់។ ស្របពេលដែលចៅសង្កាត់នៃគណបក្ស កាន់ អំណាចក្នុងសង្កាត់វាលវង់ ខណ្ឌ័៧ មករា មិនព្រមប្រគល់ការិយាល័យការងារ ដល់ចៅសង្កាត់ថ្មីមកពីគណបក្សប្រឆាំង។

លោកវ៉ា សារិន ចៅសង្កាត់ជាប់ឆ្នោតថ្មីរបស់គណបក្ស សង្គ្រោះជាតិនៃ សង្កាត់ ក្រាំងធ្នង់ ដែលទើបតែបានទទួលដំណែងនៅថ្ងៃទី៤ កក្កដា នៅតែមិនទាន់ ទទួលបានការិយាល័យ ពីចៅសង្កាត់ចាស់មកពីគណបក្សប្រជាជន កម្ពុជា នៅឡើយទេ។

លោកអះអាងថាចៅសង្កាត់ចាស់មិនព្រមប្រគល់បន្ទប់ដែលគាត់ធ្លាប់អង្គុយធ្វើការនោះទេដោយចៅសង្កាត់ចាស់អះអាងថាមានឯកសារនៅទីនោះច្រើនត្រូវរក្សាទុក។

ការណីដូចគ្នានេះដែរកើតឡើងនៅខេត្តព្រះសីហនុ។ លោក អ៊ុក ចេតនី សង្កាត់ លេខ១ ខេត្តព្រះសីហនុ ដែលត្រូវបានតែងតាំងជំនួសចៅសង្កាត់ ចាស់កាល ពីថ្ងៃទី ៥កក្កដា លើកឡើងថាចៅសង្កាត់ ចាស់មិនព្រមប្រគល់ បន្ទប់ឲ្យដោយ សារសម្ភារៈក្នុងបន្ទប់នោះជារបស់សម្បុរសជននិងបានពីគណបក្សប្រជាជនកម្ពុជា។ ហើយករណីនេះបានធ្វើឲ្យមានភាពចម្រូងចម្រាស់។

ទោះជាបែបនេះក្តី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុមិនបាន បដិសេធ ករណីនេះទេ។ប៉ុន្តែលោកអះអាងថាលោកបានទទួលដំណឹង នេះតាមរយៈ ការ ចុះផ្សាយនៃសារព័ត៌មាននានា។ហើយលោកនឹងដោះស្រាយបញ្ហានេះនៅពេល ដែលមានបណ្តឹងមកដល់ដៃរបស់លោក។

ដំណាលគ្នានោះដែរនៅសាលាឃុំរាធរស្រុកព្រះស្តេច ខេត្តព្រៃវែង បានឆេះ អស់ទាំងស្រុងជាមួយនឹងឯកសាររដ្ឋបាលទាំងអស់នៅក្នុងនោះ។

លោកខន កែវមនោ  ប្រធាននាយកដ្ឋានព័ត៌មាននិងទំនាក់ទំនង សាធារណៈ នៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថាចំពោះអ្វីដែល បាន កើតឡើងនោះ មិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់គ.ជ.ប នោះទេ។

លោកឧត្តមសេនីយ៍ខៀវ សុភគ៌ អ្នកនាំពាក្យក្រសួងមហាផ្ទៃកត់ សម្គាល់ថា ដំណើរការនៃការផ្ទេរដំណែងមេឃុំចៅសង្កាត់នៅ ទូទាំងប្រទេស កំពុងប្រព្រឹត្តិ ទៅធម្មតា វៀរលែងតែករណីមួយចំនួនដូចជាការឆេះសាលាឃុំ និងការមិនផ្ទេរ បន្ទប់ការងារជាដើម។ លោកយល់ឃើញថានេះជាករណីតិចតួចតែប៉ុណ្ណោះដែលគួរតែមានការសម្របសម្រួលនៅថ្នាក់មូលដ្ឋាន។

លោកស្រី ម៉េង សុភារី  ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនិតិកម្មនៃគណបក្សសង្គ្រោះជាតិទទួលស្គាល់ថាមានបញ្ហាកើតឡើងដូចបានរៀបរាប់ខាងលើ។ហើយគណបក្សប្រឆាំងកំពុងស្រាវជ្រាវពីភាពមិនប្រក្រតីមួយចំនួនរហូតដល់ថ្ងៃទី១៣ កក្កដា។

លោកសុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថាបញ្ហាដែលកើតឡើងគឺជារឿងបុគ្គល។

លោក កន សាវ៉ាង្ស   មន្ត្រីជាន់ខ្ពស់នៃកម្មវិធីស៊ើបអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល កត់សម្គាល់ថាក្នុងដំណើរការផ្ទេរដំណែងមេឃុំ ចៅសង្កាត់ មិនមានប្រក្រតីច្រើនកើតឡើងនោះទេ ក្រៅពីការមិនព្រមផ្ទេរការិយាល័យមួយចំនួននិងទីស្នាក់ការឃុំដែលត្រូវភ្លើងឆេះនោះ។

ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នៅថ្ងៃទី៤ខែមិថុនា។

លទ្ធផលនៃការបោះឆ្នោតបង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានកៅអីមេឃុំចៅសង្កាត់ចំនួន១១៥៦ គណបក្សសង្គ្រោះជាតិទទួលបាន៤៨៩អសនៈឃុំសង្កាត់និងគណបក្សខ្មែររួបរួមជាតិទទួលបានដំណែងមេឃុំចំនួន១៕

Share

Image
Image
Image