ភ្នំពេញ ៖ អង្គការក្រៅរដ្ឋាភិបាលចំនួន ៣០ ដែលភាគច្រើនធ្វើការងារទៅលើបញ្ហាស្ដ្រី ក្នុងនោះមាន មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ផងដែរ បានរកឃើញថា ចំនួនស្ដ្រីជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ មានការថយចុះចំនួន ១ភាគរយ បើធៀបទៅនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១២ កន្លងទៅ។
ការសន្និដ្ឋាននេះ ធ្វើឡើងមួយខែក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ។
តាមសេចក្ដីថ្លែងការណ៍នៅថ្ងៃទី០៦ កក្កដានេះដដែលបង្ហាញថា នៅក្នុងឆ្នាំ ២០១២ មានស្ដ្រីជាប់ឆ្នោតចំនួន ២០៣៨ នាក់ ក្នុងចំណោម ១ម៉ឺ ១៤៥៩ អាសនៈ ក្រុមប្រឹក្សាឃុំ គឺ ស្មើនឹង ១៧.៧៨ ភាគរយ។ដោយឡែកក្នុងបោះឆ្នោតឆ្នាំ ២០១៧នេះ ស្ដ្រីជាប់ឆ្នោតមានចំនួន ១៩៤០នាក់ ក្នុងចំនួន ១ម៉ឺន ១៥៧២ឃុំ គឺ ស្មើនឹង ១៦.៧៦ ភាគរយ។
ក្រុមអង្គការដែលរួមមានអង្គការអភិវឌ្ឍន៍ស្ត្រីកម្ពុជា(CWDA) អង្គការលីកាដូ អង្គការបម្លាស់ប្តូរជាវិជ្ជមាន សមាគមអន្ទ្រទេវី មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) បណ្តាញយេនឌ័រនិងអភិវឌ្ឍន៍ គណៈកម្មការស្ត្រីកម្ពុជា (CAMBOW) ជាដើម បានកត់សម្គាល់ថា «រដ្ឋាភិបាលមិនត្រឹមតែមិនបានទទួលជោគជ័យទៅតាមគោលដៅដែលបានដាក់ចេញក្នុងការបង្កើនការ
ចូលរួមរបស់ស្ដ្រីក្នុងតួនាទីដឹកនាំប៉ុណ្ណោះទេ តែថែមទាំងដើរថយក្រោយបន្តិចទៅវិញ»។
តាមសេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា ផែនការយុទ្ធសាស្ដ្រជាតិរយៈពេល ៥ឆ្នាំ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវសមភាពយេនឌ័របានកំណត់គោលដៅក្នុងការបង្កើនចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់ ជាស្ដ្រីឱ្យបាន ២៥ភាគរយ នៅត្រឹមឆ្នាំ ២០១៨៕