ភ្នំពេញ៖ គណបក្សនយោបាយមួយចំនួនក្រៅពីគណបក្សប្រជាជនកម្ពុជា បានបង្ហាញការគាំទ្រ ចំណាត់របស់ក្រសួងមហាផ្ទៃទៅលើបន្ទប់ស្ថានការណ៍ ដែលតម្រូវឲ្យបញ្ឈប់សកម្មភាព។ ទន្ទឹមនឹងគណបក្សនយោបាយខ្លះទៀត យល់ថា បន្ទប់ស្ថានការណ៍គឺជាបណ្ដុំអង្គការដែលគួរតែអនុញ្ញាតឲ្យបន្ដសកម្មភាពរបស់ខ្លួនទៅមុខទៀត ដើម្បីអាចជួយបន្ថយបន្ទុករបស់ គ.ជ.ប និងផ្ដល់ព័ត៌មានដល់ម្ចាស់ឆ្នោត។
គណបក្សនយោបាយចំនួនបី មានពីរបានបង្ហាញការគាំទ្រចំពោះចំណាត់ការក្រសួងមហាផ្ទៃ ទៅលើបន្ទប់ស្ថានការណ៍ ដែលតម្រូវឲ្យអង្គការសង្គមស៊ីវិលបញ្ឈប់សកម្មភាពរបស់បន្ទប់ស្ថានការណ៍ដែលធ្វើការងារទៅលើការបើឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ដែលក្រសួងបញ្ជាក់ថា ខុសច្បាប់។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “លទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧” នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅសាលសន្និសីទនៃរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ ។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ថ្វីបើអង្គការសង្គមស៊ីវិលដែលបង្កើតបន្ទប់ស្ថានការណ៍បានចុះបញ្ជីស្របតាមច្បាប់នៅក្រសួងមហាផ្ទៃក្ដី ក៏ប៉ុន្ដែការរួមគ្នាបង្កើតអង្គមួយថ្មី ដាច់ខាតត្រូវតែចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
ត្រង់ចំណុចនេះលោកបានសង្កត់ធ្ងន់ សំដៅអ្នកនយោបាយនឹងអង្គការសង្គមស៊ីវិលថា តែងតែលើកពីចំណុចខ្វះខាតយកមករិះគន់ ទាមទារការកែប្រែ ហើយប្រើពាក្យសម្ដីផ្អែមល្ហែមដើម្បីជាការទាក់ទាញអ្នកគាំទ្រ ក៏ប៉ុន្ដែបែរជាមិនគោរពច្បាប់។ «តែខ្លួនឯងសូម្បីតែការយល់ដឹងនៃការគោរពច្បាប់គ្មានផងហ្នឹង ហើយទៅយកអះអាងធ្វើបំណងល្អ តើនណាមិនធ្វើបំណងល្អ ចង់សហការជាដៃគូរដ្ឋាភិបាល ដៃគូរវាងគណបក្ស និងគណបក្ស គោរពតែច្បាប់ទៅបានហើយ»។
ជាមួយគ្នានេះលោក ផន ចន្ថា អគ្គលេខាធិការរងគណបក្ស ហ្វ៊ុន ស៊ិន ប៉ិច បានថ្លែងគាំទ្រវិធានការរបស់ក្រសួងមហាផ្ទៃ ដែលលោកសំអាងថា គ្រប់អង្គការ សមាគម ទាំងអស់ត្រូវតែចុះបញ្ជីនៅក្រសួងមហាផ្ទៃឲ្យបានត្រឹមត្រូវ។ «ដូចដែលឯកឧត្ដមបណ្ឌិតមានប្រសាសន៍អំបាញ់មិញខ្ញុំគាំទ្រហើយឯកភាព ត្រូវតែទៅចុះបញ្ជីស្របតាមច្បាប់ ស្ដីពីសមាគម អង្គការក្រៅរដ្ឋាភិបាល ហើយបើយើងធ្វើស្រេចនឹងចិត្ដរបស់យើង បណ្ដុំអង្គការសង្គមស៊ីវិល ប្រមាណ ៤០ – ៤៨អញ្ចឹងហើយ មកធ្វើនយោបាយហ្នឹងប្រទេសយើងអត់មានថ្នាក់ដឹកនាំឬយ៉ាងម៉េច»។
ក៏ប៉ុន្ដែជុំវិញករណីនេះលោក សាម ស៊ុនឌឿន អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនយល់ដូចការអះអាងរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វុនស៊ិនប៉ិចនោះទេ លោកថ្លែងថា បន្ទប់ស្ថានការណ៍បានធ្វើការងារជាច្រើនលើកិច្ចការបោះឆ្នោត ហើយបានផ្ដល់ព័ត៌មានភ្លាមៗ និងទាន់ហេតុការស្ដីការបោះឆ្នោតឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតបានដឹង។
ជាងនេះលោកយល់ថា ការរិះគន់បន្ទប់ស្ថានការណ៍ថា លំអៀងទៅរកគណបក្សនយោបាយណាមួយនោះមិនមែនជាការពិតឡើយ។ ផ្ទុយទៅវិញការងាររបស់បន្ទប់ស្ថានការណ៍ បានជួយកាត់បន្ថយបន្ទុករបស់ គ.ជ.ប និងផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋឲ្យបានដឹងទៅវិញទេ។ «យើងឃើញថា បន្ទប់ស្ថានការណ៍ធ្វើបានប៉ុន្មាន គឺជួយដល់ គ.ជ.ប ជួយដល់អ្នកបោះឆ្នោត ហើយអត់មានលំអៀងទៅខាងណាទេ អត់កាន់ជើងគណបក្សណានោះទេ »។
យ៉ាងណាលោក សាម ស៊ុនឌឿន បង្ហាញរំពឹងថា បើផ្អែកតាមការងាររបស់បន្ទប់ស្ថានការណ៍ រដ្ឋាភិបាលគួរតែអនុញ្ញាតឲ្យបណ្ដុំអង្គការទាំងនោះ អាចដំណើរការបានទៅមុខទៀត។
ជាការឆ្លើយតបលោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះដែរ បានបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលបង្កើតជាបន្ទប់ស្ថានការណ៍នេះ គឺដើម្បីសន្ដិភាព និងការអភិវឌ្ឍប៉ុណ្ណោះ ហើយគ្មានបំណងដើម្បីប្រឆាំងរាជរដ្ឋាភិបាល ឬគាំទ្រទៅរកបក្សនយោបាយណាមួយនោះទេ។
បន្ថែមពីនេះមន្ដ្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល បញ្ជាក់បន្ថែមថា រដ្ឋាភិបាលគួរតែបើកចិត្ដ ឲ្យទូលាយដើម្បីទទួលយកការចូលរួមពីក្រុមសង្គមស៊ីវិល ដែលមានទាំងយុវជន ស្ដ្រី និងជនពិការ ក្នុងការអភិវឌ្ឍប្រទេស។ «គួណាស់តែលើកទឹកចិត្ដ គួរណាស់តែបើកបេះដូង ថា ពួកគាត់ក៏ជាជាតិជនជាតិខ្មែរ ជាជាតិសាសន៍យើងដែរ ហើយកិច្ចការណាមួយដែលមានការឆ្គាំឆ្គងអាចហៅអាចអញ្ជើញមកទំនាក់ទំនងគ្នាដើម្បីដោះស្រាយបញ្ហា»។
គួរជម្រាបថា ការជជែកគ្នារវាងអ្នកនយោបាយ ស្ដីពីចំណាត់ការរបស់ក្រសួងមហាផ្ទៃទៅលើបន្ទប់ស្ថានការណ៍ ដែលតម្រូវបញ្ឈប់សកម្មភាពដែលក្រសួងបញ្ជាក់ថាខុសច្បាប់នេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ តាមរយៈពីរ ដាច់ដោយឡែកពីគ្នា ផ្ញើជួននាយកប្រតិបត្ដិអង្គការ ខុមហ្វ្រែល និងអង្គការនិកហ្វិច កាលពីថ្ងៃទី០៤ កក្កដា ថា ការបង្កើតបន្ទប់ស្ថានការណ៍ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ដែលមានអង្គការ សមាគម ប្រមាណ ៤០ចូលរួមគឺជាការអនុវត្ដផ្ទុយទៅនឹងបទបញ្ញត្ដិ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លិខិតរបស់ក្រសួងដដែលនេះ បានប្រាប់ឲ្យសង្គមស៊ីវិលទាំងពីរនេះ បញ្ឈប់សកម្មភាពខុសច្បាប់របស់ “បន្ទប់ស្ថានការណ៍” ៕