កូរ៉េ៖កាលពីព្រឹកព្រលឹមថ្ងៃទី ៤ កក្កដា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចអន្តរជាតិមួយលើកទៀតរបស់ខ្លួនបានជោគជ័យដោយហោះបាន ៩៣៣គីឡូម៉ែត្រក្នុងរយៈតែ ៣៩នាទី ដែលក្រុងព្យុងយ៉ាងអះអាថា ខ្លួនមានសមត្ថភាពពេញហើយពេលនេះក្នុងការធ្វើសង្គ្រាមអាវុធនុយក្លេអ៊ែរ វាយប្រហារអាមេរិក។ តែទង្វើនេះ នាំឱ្យអាមេរិកច្រឡោតខឹងយ៉ាងខ្លាំងដោយព្រមានឆ្លើយតប ឆាប់នេះ។លោកសេរីវឌ្ឍនៈជូនសេចក្ដីប្រែសម្រួល។៖
ប្រតិកម្មដំបូងៗរបស់មន្ត្រីសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីក្រសួងការបរទេស Rex Tillerson បានហៅការបាញ់សាកល្បងកាំជ្រួចអន្តរទ្វីបថ្មីទៀតរបស់កូរ៉េខាងជើងថា ជាការគំរាមយ៉ាងពិតប្រាកដលើសហរដ្ឋអាមេរិក និងពិភពលោកដែលអាមេរិកមិនអាចទទួលយកបានឡើយចំពោះ ការផ្តល់ឲ្យកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ។
អ្នកជំនាញខាងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកជឿថា កូរ៉េខាងជើងបាញ់កាំជ្រួចអន្តរទ្វីប (ICBM) គឺអាវុធនេះអាចធ្លាក់មកលើករដ្ឋអាឡាស្ការបស់រដ្ឋអាមេរិក។ តែអ្នកជំនាញបានអះអាងថា កាំជ្រួចនោះក៏អាចបាញ់ស្កាត់វិញបានដែរ ដោយកាំជ្រួចរបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យប៉ុងតាហ្កូន លោក ស្រី Dana White និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការឆ្លើយតបចំពោះការបាញ់កាំជ្រួចសាកល្បងរបស់កូរ៉េខាងជើងនេះ នាំឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវបន្ថែមការប្រុងប្រយ័ត្នថែមទៀត។ កាលពីថ្ងៃម្សិលមិញ សហរដ្ឋអាមេរិកបានស្នើឲ្យមានកិច្ចប្រជុំជាបន្ទាន់នៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បី ពិភាក្សារឿងនេះ ហើយគេរំពឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃ ពុធ ទី ៥ កក្កដានេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកផ្សេងទៀត លោករដ្ឋមន្ត្រី Tillerson បាននិយាយថា អាមេរិកថ្កោលទោសយ៉ាងខ្លាំង ចំពោះកូរ៉េខាងជើង។ លោកបានបញ្ជាក់ថា ការបាញ់សាកល្បងកាំជ្រួច ICBM របស់កូរ៉េខាងជើង បានបង្ហាញឲ្យឃើញនូវការបង្កើនការគំរាមកំហែងកាន់តែខ្លាំងលើសហរដ្ឋអាមេរិក ប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់ និងពិភពលោកទាំងមូលដែលចាំបាច់ត្រូវមានវិធានការបញ្ឈប់ជាបន្ទាន់។
លោកបានបញ្ជាក់ទៀតថា ការទាមទាររបស់កូរ៉េខាងជើង ចង់បានថ្នូរជាផលប្រយោជន៍សេដ្ឋកិច្ចគឺមិនអាចទទួលយកបានឡើយ។ ក្នុងន័យនេះ សហរដ្ឋអាមេរិកទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ ត្រូវចាត់វិធានការឆ្លើយតបជាបន្ទាន់ ហើយចាត់ទុកកូរ៉េខាងជើង ជារដ្ឋគ្រោះថ្នាក់បំផុត។
មោទនភាពរបស់កូរ៉េខាងជើង
យ៉ាងណាក៏ដោយទូរទស្សន៍កូរ៉េខាងជើងបានប្រកាសថា កាំជ្រួច ICBM Hwasong-14 ដែលបានបាញ់សាកល្បងនោះ ត្រូវបានពិនិត្យផ្ទាល់ដោយមេដឹកនាំ គីម ជុង អ៊ុន។
កូរ៉េខាងជើងបាននិយាយថា កាំជ្រួចនេះ ហោះបាន 933 គីឡូម៉ែត្រ ក្នុងថេរៈវេលា៣៩ នាទី ដោយវាអាចហោះបាន ២៨០២ គីឡូម៉ែត្រ។ ដោយសាររត់បានចំងាយដូចនេះ អ្នកជំនាញរបស់អាមេរិកព្រមានថា វាអាចធ្លាក់ដល់រដ្ឋអាឡាស្កាសហរដ្ឋអាមេរិក។
កូរ៉េខាងជើងបានព្រមានថា ខ្លួនមានលទ្ធភាពប្រើប្រាស់សង្គ្រាមអាវុធនុយក្លេអ៊ែរ ពេញទំហឹងហើយនៅពេលនេះ ដែលអាចបាញ់គ្រប់ទឹសដៅទាំងអស់នៃពិភពលោក។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA ដែលបានស្រង់សម្តីលោក គីម ជុងអ៊ុន បានចុះផ្សាយថា ការបាញ់សាកល្បងកាំជ្រួចអន្តរទ្វីបនេះគឺជាជំនូនមួយជូនសហរដ្ឋអាមេរិក ដើម្បីអបអរសាទរជូនទិវាឯករាជ្យជាតិរបស់ប្រទេសមហាអំណាចមួយនេះ។
ការបាញ់សាកល្បងកាំជ្រួចថ្មីម្តងទៀតនេះ គឺជាការផ្គើន ឬ រំលោភ លើសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខរបស់អង្កការសហប្រជាជាតិ ដែលហាមប្រទេសនេះសាយភាយអាវុធប្រល័យលោក។ប៉ុន្តែ អ្នកជំនាញ ភាគច្រើនជឿថាទីក្រុងព្យុងយ៉ាង មិនទាន់មានសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយភ្ជាប់កាំជ្រួចបាញ់រំលងទ្វីបនោះទេ។
អ្នកវិទ្យាសាស្ត្រខាងរូបវិទ្យា ជនជាតិអាមេរិក David Wright និយាយថា កាំជ្រួចនេះ បើអាចរត់បាន ៦៧០០គីឡូម៉ែត្រទើបអាចធ្លាក់ដល់រដ្ឋអាឡាល់ស្កា តែមិនអាចបាញ់ដល់រដ្ឋហាវៃនោះទេ។ អ្នកវិទ្យាសាស្ត្ររូបនេះ ថា រដ្ឋអាមេរិកចំនួន ៤៨រដ្ឋទៀត ក៏មិនអាចបានបាញ់ដល់ដែរ។
ប្រតិកម្មពីសហគមន៍អន្តរជាតិនិងប្រទេសសម្ព័ន្ធមិត្តកូរ៉េខាងជើង
ជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង មូនចាវអ៊ីន ដែលទើបត្រឡប់ពីអាមេរិកវិញ បានអំពាវនាវឱ្យមានកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសងប្រជាជាតិ។ ខណៈនេះដែរ អគ្គមេបញ្ជាកងទ័ពប្រទេសកូរ៉េខាងត្បូង លោក Cho Han-Gya បាននិយាយថា របបគីម ជុងអ៊ុន នៅក្រុងព្យុងយ៉ាង និងប្រឈមមុខការវិនាសហិនហោច ប្រសិនបើនៅបន្តបង្កសង្គ្រាមទៀតនោះ ។
ចំពោះប្រទេសជប៉ុនវិញ នាយករដាមន្ត្រី លោក ស៊ិន ស៊ូអាបេ បាននិយាយថា ប្រទេសរបស់លោកត្រូវតែសហការគ្នាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីគាបសង្កត់ក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។ចំណែកឯ ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តស្លាប់រស់ជាមួយកូរ៉េខាងជើង ក៏ដូចនឹងប្រទេសរុស្សីផងដែរ ក៏បានអំពាវនាវឲ្យកូរ៉េខាងជើងឆាប់ព្យួរចោលកម្មវិធីកាំជ្រួចអន្តរទ្វីប បើទោះជាក្នុងហេតុផល ដោះដូរអ្វីមួយជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បួង។
ប្រធានាធិបតីចិន លោក ស៊ី ជីងពីង និង សមភាគីគឺរុស្សី លោក វ្លាឌឺមៀ ពូទីន ដែលបានជួបគ្នា នៅទីក្រុងម៉ូស្គូ បាននិយាយថា ភាគីពាក់ព័ន្ធទាំងអស់គួរតែចាប់ផ្តើមបើកការចរចាជាមួយគ្នាឲ្យបានឆាប់បំផុត។
លោក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវជាថ្មីទៀតដល់ចិនឲ្យបន្ថែមការគាបសង្កត់ថែមទៀតទៅលើកូរ៉េខាងជើង។ លោក ត្រាំ និយាយថា ចិនខិតខំច្រើនណាស់ហើយឲ្យក្រុងព្យុងយ៉ាងស្តាប់បង្គាប់ខ្លួន តែមេដឹកនាំគីម ជុងអ៊ុន មិនបានចាប់អារម្មណ៏ឡើយ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ក៏បានអំពាវនាវឲ្យសហគមន៏អន្តរជាតិសហការគ្នាឲ្យបានខ្លាំងបំផុតគាបសង្កត់កូរ៉េខាងជើង ដោយត្រូវចាត់ទុកថា ប្រទេសនេះ ប្រើប្រាស់អាវុធខុសនឹងច្បាប់អន្តរជាតិទាំងស្រុង។ លោកថា ប្រទេសនេះ ជឿនលឿនខាងអាវុធតែប្រជារាស្ត្រក្លាយជាទាសកររស់នៅដោយសភាពអត់ឃ្លានយ៉ាងខ្លាំង៕BBC