en     km
en     km

គ​.​ជ​.​ប​ ថា​ ការ​បញ្ជា​ឲ្យ​បន្ទប់​ស្ថានការណ៍​ បញ្ឈប់​សកម្មភាព​ការងារ​ គឺជា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​ (មានសំឡេង)

Share

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបញ្ជាឲ្យបន្ទប់ស្ថានការណ៍ បញ្ឈប់សកម្មភាពការងារ ដែលក្រសួងថាជាទង្វើខុសច្បាប់ចំពោះ កិច្ចការបោះឆ្នោតកន្លងមក។ មន្ត្រី គ.ជ.ប និយាយថា ការបញ្ជាឲ្យបន្ទប់ស្ថានការណ៍បញ្ឈប់សកម្មភាពការងារ គឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ចំណែកអង្គការដែលពាក់ព័ន្ធថា ខ្លួនកំពុងពិភាក្សាគ្នាលើករណីនេះ។

comfrel
បន្ទប់ស្ថានការណ៍ គឺជាបណ្ដុំនៃអង្គការសង្គមស៊ីវិល ដែលសហការងារគ្នាឃ្លាំមើលការបោះឆ្នោត ។ តែក្រុមនេះ ជ្រកក្រោមអង្គការធំ ២ដែលធ្វើកិច្ចការបោះឆ្នោត។ ភ្លាមៗ បន្ទាប់ពីសម្ដេច នាយករដ្ឋមន្ត្រី ណែនាំឱ្យក្រសួងមហាផ្ទៃ ពិនិត្យមើលផ្លូវច្បាប់ លើបន្ទប់សា្ថនការណ៍ ក្រសួងមហាផ្ទៃដែលជាស្ថាប័នអនុវត្តច្បាប់ នៃសមាគម និង អង្គការសង្គមស៊ីវិល ក៏បានចាប់ធ្វើស្រាវជ្រាវនិងសិក្សាផ្លូវច្បាប់។

លិខិតចំនួនពីរ ដាច់ដោយឡែកពីគ្នា របស់ក្រសួងមហាផ្ទៃ បានផ្ញើជូននាយកប្រតិបត្ដិអង្គការ ខុមហ្វ្រែល និងអង្គការនិកហ្វិច ដោយបានប្រាប់ទៅអង្គការទាំងពីរនេះថា ការបង្កើតបន្ទប់ស្ថានការណ៍ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ដែលមានអង្គការ សមាគម ប្រមាណ ៤០ចូលរួម គឺជាការអនុវត្ដផ្ទុយទៅនឹងបទបញ្ញត្ដិ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លិខិតរបស់ក្រសួងដដែលនេះ បានប្រាប់ឲ្យសង្គមស៊ីវិលទាំងពីរនេះ បញ្ឈប់សកម្មភាពខុសច្បាប់របស់ “បន្ទប់ស្ថានការណ៍” ។
sam-kuntemy-thum
ជុំវិញរឿងនេះលោក សំ គន្ធាមី នាយកប្រតិបត្ដិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា NICFEC បង្ហាញការងឿងឆ្ងល់ថា ហេតុអ្វីបានជាក្រសួងមហាផ្ទៃ ទើបតែចេញលិខិតថា បន្ទប់ស្ថានការណ៍ដែលប្រមូលផ្ដុំអង្គការសង្គមស៊ីវិលដើម្បីធ្វើការងារបោះឆ្នោតខុសច្បាប់។ តែយ៉ាងណាលោកយល់ថា ការណ៍ដែលក្រសួងមហាផ្ទៃចេញលិខិតនេះ គឺដើម្បីឲ្យរបាយការណ៍ដែលក្រុមបន្ទប់ស្ថានការណ៍រកឃើញគឺខុសច្បាប់។ លោក សំ គន្ធាមី ៖«ការដែលយើងធ្វើនេះគឺយើងធ្វើតាម អព្យាក្រិត្យភាព របស់អង្គការត្រឹមត្រូវ ដែលស្របទៅតាមការងារបច្ចេកទេសការងារបោះឆ្នោត»។

ទាក់ទិនករណីដែលក្រសួងមហាផ្ទៃ ស្នើឲ្យបញ្ឈប់សកម្មភាពរបស់បន្ទប់ស្ថានការណ៍នេះ លោក សំ គន្ធាមី មិនទាន់អាចប្រាប់បានទេ ត្រូវរង់ចាំការប្រជុំសិនជាមុន។

ចំណែកលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា ការដែលក្រសួងទើបតែចេញលិខិត ឲ្យអង្គការសង្គមស៊ីវិល បញ្ឈប់សកម្មភាពរបស់បន្ទប់ស្ថានការណ៍នេះ ពីព្រោះតែកន្លងមកមានការរវល់នឹងការបោះឆ្នោត ទើបពុំមានការពិនិត្យឲ្យបានជាក់លាក់តាមផ្លូវច្បាប់ ករណីបន្ទប់ស្ថានការណ៍នេះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ

ជាងនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់បន្ថែមថា ការបង្កើតបន្ទប់ស្ថានការណ៍នេះ គឺជាការធ្វើការងារដោយ គ្មានអព្យាក្រិត្យ វាយតម្លៃខុសពីការពិត ហើយខុសនឹងច្បាប់អង្គការ។ លោក ខៀវ សុភ័គ ៖«ខ្ញុំគិតថា ប្រហែលជាក្រសួងមិនអនុញ្ញាតឲ្យធ្វើទេ ព្រោះវាធ្វើទៅវាមិនអព្យាក្រិត្យ ហើយជាអង្គការការបោះឆ្នោតហ្នឹង គឺគេមានរបស់គេហើយ»។

ជាមួយគ្នានេះលោក ខៀវ សុភ័គ បានអះអាងថា ប្រសិនបើក្រុមសង្គមស៊ីវិលនៅតែមិនព្រមបញ្ឈប់សកម្មភាពខុសច្បាប់ របស់បន្ទប់ស្ថានការណ៍នេះទេ នោះក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ក៏ប៉ុន្ដែលោកមិនបានបញ្ជាក់ឲ្យច្បាស់ថា នឹងចាត់វិធនាការបែបណានោះទេ។

ដោយឡែក លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃនេះថា ការចេញលិខិតឲ្យអង្គការ សង្គមស៊ីវិល បញ្ឈប់សកម្មភាពរបស់បន្ទប់ស្ថានការណ៍ គឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ គ.ជ.ប
លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ គ.ជ.ប

លោកបញ្ជាក់ថា ឈ្មោះបន្ទប់ស្ថានការណ៍នេះមិនមានឈ្មោះក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។ លោក ខន កែវមនោ ៖«នោះគឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃហើយ ដែលជាការពិនិត្យភាពស្របច្បាប់ និងមិនស្របច្បាប់របស់ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពរបស់ខ្លួន»។

មុនពេលដែលក្រសួងមហាផ្ទៃចេញលិខិតប្រាប់ឲ្យបញ្ឈប់សកម្មភាពរបស់បន្ទប់ស្ថានការណ៍ដែលក្រសួងបញ្ជាក់ថា ខុសច្បាប់នេះ គឺបន្ទាប់ពីសម្ដេច ហ៊ុន សែន ប្រតិកម្មទៅនឹងការរកឃើញរបស់បន្ទប់ស្ថានការណ៍ដែលថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នេះ «ខ្វះយុត្តិធម៌ និងមានការរឹតត្បិតសេរីភាពបញ្ចេញមតិ»៕

Share

ព័ត៌មានទាក់ទង

Image