en     km
en     km

មេធាវីសម្តេចហ៊ុន សែន៖ អ្នកវិភាគធ្វើឱ្យគណបក្សកាន់អំណាច​បាត់​សំឡេងឆ្នោត(មានសំឡេង)

Share

ភ្នំពេញ៖ លោក គី តិច មេធាវីការពារក្តីជូនសម្តេច ហ៊ុន សែន អះអាងថា លោក គឹម សុខ អ្នកវិភាគបញ្ហាសង្គមបានធ្វើឲ្យបក្សកាន់ប្រជាជនកម្ពុជាបាត់បង់សម្លេងគាំទ្រក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ។

ប៉ុន្តែការលើកឡើងនេះមិនស៊ីសង្វាក់ជាមួយអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជានោះទេ។

លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយកម្ពុជា ធ្វើដំណើរដោយថ្មើរជើងទៅបំភ្លឺនៅសាលាដំបូងក្រុងភ្នំពេញ ដោយមានអ្នកចូលរួមអបដំណើរប្រមាណ១ពាន់នាក់។ លោកចូលបំភ្លឺតាមការចោទប្រកាន់របស់មេធាវីបក្សកាន់អំណាចដែលបានចោទថា លោក គឹម សុខ និយាយបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថាបាន ស្លាប់លោកបណ្ឌិត កែម ឡី។រូបភាពពីWMC
លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយកម្ពុជា ធ្វើដំណើរដោយថ្មើរជើងទៅបំភ្លឺនៅសាលាដំបូងក្រុងភ្នំពេញ ដោយមានអ្នកចូលរួមអបដំណើរប្រមាណ១ពាន់នាក់។ លោកចូលបំភ្លឺតាមការចោទប្រកាន់របស់មេធាវីបក្សកាន់អំណាចដែលបានចោទថា លោក គឹម សុខ និយាយបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថាបាន ស្លាប់លោកបណ្ឌិត កែម ឡី។រូបភាពពីWMC

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្រោយពីការប្រកាសសាលដីការបស់តុលាការកំពូលចំពោះសំណុំរឿងលោក គឹម សុខ នៅថ្ងៃពុធនេះ លោក គី តិច បានអះអាង ការចោទប្រកាន់របស់អ្នកវិភាគរូបនេះ បានបង្កព្យសនកម្មយ៉ាងធ្ងន់ធ្ងរដល់ គណបក្សប្រជាជនកម្ពុជា។ ព្យសនកម្មដែលបាននាំឲ្យមានការធ្លាក់សំឡេងគាំទ្រក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីដើម ខែមិថុនាកន្លងមកនេះ។

លោកមេធាវីសម្តេចហ៊ុន សែន ពន្យល់ថា ការចោទប្រកាន់នានារបស់លោក គឹម សុខ នៅមុនការបោះឆ្នោត ពិសេសគឺការ ចោទគណបក្សប្រជាជនកម្ពុជាថាជាអ្នករៀបចំការសម្លាប់លោកបណ្ឌិត កែម ឡី បានធ្វើឱ្យពលរដ្ឋដាក់បន្ទុកសង្ស័យលើ គណបក្សកាន់អំណាច និងធ្វើឱ្យប៉ះពាល់ទឹកចិត្តគាំទ្រដែលពលរដ្ឋធ្លាប់មានចំពោះសម្តេច ហ៊ុន សែន។

«ប្រជាពលរដ្ឋមួយចំនួនមិនបានគិតឱ្យបានដិតដល់ ហើយមិនបានស្តាប់លទ្ធផលពីតុលាការគាត់សន្និ ដ្ឋានបាត់ហើយ គាត់ [ប្រជាជន]សន្និដ្ឋានថា អូ!ប្រហែលគណបក្សប្រជាជននៅពីក្រោយការស្លាប់របស់បណ្ឌិតកែម ឡី មែន អញ្ចឹងគាត់ប្រើសិទ្ធិ គាត់ អាផ្នត់គិតគាត់ស្តាប់ គឹម សុខ ទៅគាត់ជឿ គាត់អត់បោះឆ្នោតឱ្យគណបក្សប្រជាជន»។

លោក គី តិច មេធាវីការពារក្តីជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងសំណុំរឿងជាច្រើន។
លោក គី តិច មេធាវីការពារក្តីជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងសំណុំរឿងជាច្រើន។

គណបក្សប្រជាជនកម្ពុជាបានបាត់បង់មេឃុំ ចៅសង្កាត់ ជាង៤០០កៅអីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៤ខែមិថុនា។

កាលពីពេលថ្មីៗនេះលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តី FM102 ថា ការធ្លាក់សំឡេងគាំទ្ររបស់បក្សកាន់អំណាចនេះ គឺបណ្តាលពីការបំពេញសេវាសាធារណជូនពលរដ្ឋមិនទាន់ បានល្អប្រសើរ។

«ការធ្លាក់សំឡេងឆ្នោតនេះ គឺជាបទពិសោធន៍ឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីកែលម្អនូវចំណុចខ្វះខាត ចំណុចខ្សោយ ក្នុងការបំរើសេវាសាធារណជូនប្រជាពលរដ្ឋ»។

លោក ឯម សុវណ្ណរ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយមានប្រសាសន៍ថា ការបកស្រាយរបស់លោក គឹម សុខ មិនមែនជាធាតុផ្សំធំដុំដែលនាំឱ្យពលរដ្ឋងាកចិត្តចេញពីគណបក្សប្រជាជននិងបែរទៅបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិនោះទេ។

«ការគាំទ្រមិនប្រាកដថាមកពីការបកស្រាយហ្នឹងទេ យើងមើលអំពីយន្តការមួយចំនួននៃការធ្លាក់ប្រជា ប្រិយភាពហ្នឹង វា សំខាន់ទៅលើគណដឹកនាំនៃគោលនយោបាយថ្នាក់ជាតិ ត្រូវផ្តោតលើប្រជាពលរដ្ឋ ហើយប្រព័ន្ធយុត្តិធម៌ហ្នឹងឱ្យ វាមាន សុក្រឹក្យភាព ទើបអាចទាញប្រជាប្រិយភាពបាន។»

លោក គឹម សុខ អ្នកវិភាគសង្គមនិងនយោបាយ ត្រូវបានតុលាការចាប់ខ្លួនកាលពីថ្ងៃទី ១៧ កុម្ភៈ បន្ទាប់ពីលោក បានធ្វើការ បកស្រាយក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីថា ឃាតកម្មលើលោកបណ្ឌិត កែម ឡី មានជាប់ពាក់ព័ន្ធជាមួយគណបក្សកាន់ អំណាច។

របាយការណ៍មួយរបស់ក្រុមហ៊ុន ហ្សាវីវ (Shaviv) ដែលត្រូវបណ្តាញផ្សព្វផ្សាយមួយចំនួនយកមកលាតត្រដាង  បង្ហាញថា គណបក្សប្រជាជនកម្ពុជាមានចំណុចខ្លាំងក្នុងវិស័យដឹកជញ្ជូន ហេដ្ឋារចនាសម្ពន្ធ័និងផ្លូវថ្នល់រួមទាំងក្នុងវិស័យអបរំ។ ប៉ុន្តែ គណបក្សនេះខ្សោយក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន អំពើពុករលួយនិងការគ្រប់គ្រងធនធានធម្មជាតិ។

ការរកឃើញដដែលបង្ហាញថា ក្រុមអ្នកបោះឆ្នោតទុកចិត្តលើលោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិខ្លាំងជាងសម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធទប់ទល់នឹងអំពើពុករលួយ ក្នុងការបង្កើតការងារធ្វើសម្រាប់ ប្រជា ពលរដ្ឋនិងក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម។

ក្រៅពីនោះការស្ទង់មតិបង្ហាញពីទំនោររបស់អ្នកបោះឆ្នោតទៅរកគណបក្សប្រឆាំង ច្រើនជាងទៅរកគណបក្សកាន់អំណាច ក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨។

ប៉ុន្តែលោកសុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលរបាយការណ៍នេះ៕

Share

ព័ត៌មានទាក់ទង

Image