en     km
en     km

មន្ត្រី​សិទ្ធិ​មនុស្ស ​និង​សហ​ជីព​ថា ​ការ​បង្ខាំង​មនុស្ស​ក្នុង​ពេល​ធ្វើ​ការ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​

Share

ភ្នំពេញ​៖ បន្ទាប់​ពី​មាន​ក​រណី​បង្ខាំង​តំណាង​សហជីព​ ៨ ​នាក់​ក្នុង​ម៉ោង​ធ្វើ​ការ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ ​នៅ​ថ្ងៃ​ទី ​២៧ ​ខែ​សីហា​នេះ​ មន្រ្តី​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​មន្រ្តី​សហជីព​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា ​ការ​បង្ខាំង​អ្នក​ទាំង​នោះ​ក្នុង​បន្ទាប់​ធ្វើ​ការ​ ដោយ​មាន​ការ​យាម​កាម​ និង​មិន​អនុញ្ញាត​អ្នក​ទាំង​នោះ​ទៅ​ជួប​កម្មករ​​គឺ​ជា​ការ​រំលោភ​លើសិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​។

15 08​​ 27-keosokha-News-01-dara-ed
រូបតំណាង៖​ សហជីពទាំង៨នាក់ត្រូវបានគេបង្ឋាំងនៅក្នុងបន្ទប់ជាន់ទី២នៃរោងចក្រស្លាបព្រឹល ក្រុងបាវិត

​មន្ត្រី​សហជីព​ និង​មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល​យល់​ថា ​ការ​បង្ខាំង​តំណាង​សហជីព​ ៨ ​នាក់​នៃ​រោង​ចក្រ​ស្លាប​ព្រឹល​ Beautiful ​Window ​ស្ថិត​នៅ​ក្រុង​ បាវិត ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ​និង​មិន​អាច​ទទួល​យក​បាន​។​

​លោក ​អំ ​សំអាត ​អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ នៃ​អង្គ​ការ​លីកាដូ​ (Licadho)​ បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​ ​២៧ ​ខែ​សីហា ​ឆ្នាំ ​២០១៥ នេះ​ថា ​ករណី​បង្ខាំង​​​តំណាង​សហ​ជីព​ក្នុង​បន្ទប់​ធ្វើ​ការ​ដាច់​ដោយ​ឡែក​ ដោយ​មិន​ឲ្យ​ចេញ​ទៅ​ណា​ និង​មាន​អ្នក​យាម​កាម​បែប​នេះ​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​តាម​នី​តិ​វិធី​ច្បាប់​គឺ​ជា​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ផង​ដែរ​។ លោក​និយាយ​ថា​៖ «​នេះ​វា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​ការ​បង្ខាំង​មិន​ឲ្យ​គេ​ចេញ​ទៅ​ណា​មិនបាច់ចាំ​តែ​ឃុំ​ឃាំង​នោះ​ទេ ​បាន​ន័យ​ថា​បង្ខាំង​មិន​ឲ្យ​គេ​មាន​សេរី​ភាព​អាហ្នឹង​គេ​ចាប់​ទុក​ថា​ជា​បទ​បង្ខាំង​ មនុស្ស​ដោយ​ខុស​ច្បាប់​។​

​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ​ នៅ​ថ្ងៃ​ទី ​២៧ ខែ​សីហា​នេះ​ លោក ​ប៉ាវ ​ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចល​នា​កម្មករ ​បាន​ថ្កោល​ទោស​ចំពោះ​ ទង្វើ​របស់​និយោ​ជក​នៃ​រោង​ចក្រ​ស្លាប​ព្រឹល​ថា ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​។ លោក​លើក​ឡើង​ទៀត​ថា​ ការ​បង្ខាំង​តំណាង​សហជីព​ទាំង​ ៨ ​នាក់​ឲ្យ​ធ្វើ​ការ​ក្នុង​បន្ទប់​ធ្វើ​ការ​ដាច់​ដោយ​ឡែក​បែប​នេះ ​គឺបន្ទាប់​ពី​តំណាង​សហ​ជីព​ទាំង​នោះ​ បាន​ចេញ​មុខ​ធ្វើ​កូដ​កម្ម​ទាម​ទារ​ផល​ប្រយោជន៍​ជូន​កម្ម​ករ​នា​ពេល​កន្លង​ទៅ​។​

​លោក ​ប៉ាវ ​ស៊ីណា ​និយាយ​ថា​៖ «​បន្ទាប់​ពី​ពួក​គាត់​បាន​ធ្វើ​កូដ​​កម្ម​តវ៉ា​ហើយ​ គាត់​បាន​ចូល​ធ្វើការវិញ ​យើងឃើញ​ថា​តំណាង​ សហ​ជីព​ ៨ ​រូប​ត្រូវ​បាន​ក្រុម​ហ៊ុន​បាន​យក​គាត់​ទៅ​ដាក់​នៅ​ប៉ុស្ត៍​សន្តិ​សុខ​ ដោយ​មាន​ការ​យាម​កាម​អត់​ឱ្យ​​ពួក​គាត់​ទាំង ៨ រូប​ហ្នឹង​ ជួប​អ្នក​ណា​ឬ​ទៅ​ធ្វើ​ការ​​នៅ​ កន្លែង​ចាស់​របស់​គាត់​ឬ​តាម​តួនាទី​របស់​គាត់​ទេ​ គឺ​ដាក់​នៅ​ក្នុង​បន្ទប់​មួយ​ឲ្យ​អង្គុយ​មួយ​ក្រុម ​នឹង​មាន​ការ​យាម​កាម​គ្រប់​ពេល​វេលា ​រយៈ​ ៨ ​ម៉ោង​ហ្នឹង​​។ ​ដូច្នេះ​ខ្ញុំ​ឃើញ​ថា​ទង្វើ​នេះ​ ជា​ទង្វើ​មួយ​រំលោភ​ទៅ​លើ​សិទ្ធិ​ មនុស្ស​ធ្ងន់​ធ្ងរ​បំផុ​ត ដែរ​យើង​មិ​ន​អាច​ទទួល​យក​បាន​។​

​សូម​រំឭក​ថា ​កម្មក​រោង​ចក្រ​ស្លាប​ព្រឹល​ប្រមាណ​ ៤០០ នាក់​បាន​ធ្វើ​ការ​តវ៉ា​អស់​ជា​ច្រើន​ថ្ងៃ ​ដើ​ម្បី​ទាម​ទារ​ឲ្យ​រោង​ចក្រ​មួយ​នេះ ​បំពេញ​លក្ខ​ខណ្ឌ​ការ​ងារ​ចំនួន ១១ ​ចំណុច​ជូន​កម្ម​ករ។ ​នៅ​ថ្ងៃ​ទី ​១៩ ​ខែសីហា ​ការ​តវ៉ា​របស់​កម្មករ​បាន​ឈាន​ដល់​ការ​ផ្ទុះ​ហឹង្សា​ដោយ​មាន​ការ​គប់​ដុំថ្ម​ទៅ​លើ​អគារ​រោង​ចក្រ​ ​បាន​បណ្តាល​ឲ្យ​បែក​កញ្ចក់ ​និងខូច​ខាត​ទ្រព្យ​សម្បតិ្ត​រោង​ចក្រ​ផង​ដែរ​។ ក្រោយ​ពី​មាន​ដំណោះ​ស្រាយ​ ហើយ​កម្ម​ករ​ទាំង​អស់​ព្រម​ចូល​ធ្វើ​ការ​វិញ​ ស្រាប់​តែ​ភាគី​រោង​ចក្រ​មិន​បាន​ឲ្យ​តំណាង​កម្ម​ករ​ទាំង ៨ នាក់​នោះ ​ចូល​ធ្វើ​ការ​កន្លែង​ដើម​វិញ​ទៅ​ គឺ​យក​ពួក​គេ​ទៅ​ដាក​ដោយ​ឡែក​ពី​កន្លែង​ចាស់​​៕​

Share

Image
Image
Image