en     km
en     km

រដ្ឋាភិបាល​ច្រានចោល​របាយការណ៍​របស់​អង្គការ​លី​កាដូ​ដែល​រិះគន់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

Share

ភ្នំពេញ៖ ស្របពេលដែលរបាយការណ៍របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីការដូ បានចេញផ្សាយថា ស្ថាន ភាពសិទ្ធិមនុស្សនៅកម្ពុជា រយៈពេល២ឆ្នាំចុងក្រោយ មានស្ថានភាពធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនោះ។ នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ដ្រីនាំពាក្យរដ្ឋាភិបាលបានសម្រេចច្រានចោលរបាយការណ៍មួយនេះ ថា ជារបាយការណ៍មួយដែលមិនឆ្លើយតបនឹងភាពជាក់ស្ដែងក្នុងការប្រព្រឹត្តទៅនៃការបញ្ចេញយោបល់នៅកម្ពុជានោះទេ។

 

កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៧ អង្គការសម្ព័ន្ធខ្មែរជំរឿនការពារសិទ្ធិមនុស្ស(លីការដូ) បានចេញរបាយការណ៍មួយរបស់ខ្លួនកម្រាស់ ៣ទំព័រ ដោយវាយតម្លៃថាស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជាមិនដើរទៅមុខ ព្រោះ ការបញ្ចេញមតិ និងសកម្មភាព ជួយសង្គមត្រូវបានរឹត្បិតយ៉ាងខ្លាំង។

តាមរបាយការណ៍របស់អង្គការលីការដូ គឺនៅខែ កក្កដា ឆ្នាំ២០១៦ អ្នកការពារសិទិ្ធមនុស្សបានទទួលរងនូវបទពិសោធន៍យ៉ាងជូរចត់ចំពោះការបញ្ចេញគំនិតរិះគន់ក្នុងនោះ អ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ត្រូវបានគេលួចបាញ់ប្រហារទាំងកណ្តាលថ្ងៃ ហើយក្រោយមក ទោះជាជនសង្ស័យ ត្រូវបានតុលាការផ្តន្ទាទោស ក៏ដោយ ក៏រហូតមកដល់ពេលនេះ នៅមិនទាន់មានការស៊ើបអង្កេតដែលគួរឲ្យជឿទុកចិត្តណាមួយ ត្រូវបានធ្វើឡើងទៅលើឃាតកម្មនេះនៅឡើយទេ។

មិនតែប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០១៦ មក អ្នកតំណាងសហគមន៍ជាច្រើន មេដឹកនាំសហជីព និងសកម្មជនបរិស្ថាន បានទទួលរងនូវការចោទប្រកាន់ដែលមិនមានមូលដ្ឋានច្បាប់ ការកោះហៅឲ្យបំភ្លឺនៅចំពោះមុខតុលាការដែលជាវិធីសាស្ត្របំភិតបំភ័យដើម្បីបំបិទមាត់ និងការការពន្ធនាគារ តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការកម្ពុជាដែលមានលក្ខណៈលំអៀង។

tep-vanny-pre

អ្នកតំណាងសហគមន៍ ដែលបានទទួលពានរង្វាន់អន្តរជាតិ អ្នកស្រី ទេព វន្នី បានទទួលរងនូវការចោទប្រកាន់តាមរយៈប្រព័ន្ធតុលាការជាច្រើនករណី៖ គ្រាន់តែឆ្នាំមុន អ្នកស្រី ត្រូវបានតុលាការផ្តន្ទាទោសនៅក្នុងសំណុំរឿងចំនួនបីផ្សេងគ្នា ដែលក្នុងនោះករណីចំនួនពីរបានកើតឡើងរាប់ឆ្នាំមកហើយ។ អ្នកការពារសិទិ្ធមនុស្សជាច្រើនផ្សេងទៀតនៅក្នុងសហគមន៍របស់អ្នកស្រី ដែលភាគច្រើនជាស្ត្រី ក៏ត្រូវបានអាជ្ញាធរដាក់គោលដៅដូចគ្នា។

adhoc-pre

បុគ្គលិកការពារសិទិ្ធមនុស្សសមាគមអាដហុកចំនួនបួននាក់ រួមមានអ្នកស្រី លីម មុនី លោក នី សុខា លោក យី សុខសាន្ត និងលោក ណៃ វ៉ង់ដា ក៏ដូចជាអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា បានជាប់ក្នុងពន្ធនាគារចាប់តាំងពីខែឧសភា ឆ្នាំ ២០១៦ មករហូតដល់ការដោះលែងអ្នកទាំងនោះឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីសប្តាហ៍មុនពីបទសូកប៉ាន់សាក្សី។ដោយមិនទាន់មានការប្រកាសថ្ងៃសវនាការនៅឡើយ សំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់អ្នកទាំងប្រាំ នៅតែបន្តត្រូវបានតុលាការបដិសេធ។

សម្រាប់លោក នី ចរិយា គ្រាន់តែនិយាយរិះគន់លើភាពមិនប្រក្រតីនៃនីតិវិធីតុលាការកាលពីខែឧសភា ឆ្នាំ២០១៥ បានធ្វើឲ្យលោកត្រូវបានតុលាការចោទប្រកាន់ និងដាក់ទោសពន្ធនាគារពីបទល្មើសមួយផ្សេងទៀត។ នេះបង្ហាញយ៉ាងច្បាស់ពីការព្យាយាមរបស់អាជ្ញាធរ ដើម្បីបំបិទសំឡេងរិះគន់ស្របច្បាប់លើភាពមិនប្រក្រតីនៃនីតិ។

លោកស្រី ណាលី ពីឡូក នាយិការងផ្នែកតស៊ូមតិនៃអង្គការ លីកាដូ មានប្រសាសន៍ថា៖ “នៅខណៈនេះ អ្នកការពារសិទិ្ធមនុស្ស កំពុងទទួលរងការធ្វើទុក្ខបុកម្នេញដោយគ្រាន់តែក្រោកឈរនិងនិយាយរិះគន់អំពីភាពអយុត្តិធម៌ គឺមិនគួរត្រូវជាប់ក្នុងពន្ធនាគារនោះទេ ហើយបទចោទប្រកាន់ទាំងអស់លើអ្នកទាំងនោះគួរត្រូវបានទម្លាក់ចោល ”។

ជុំវិញរឿងនេះ លោក ផៃ ស៊ី ផាន អ្នកពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី បានច្រានចោលចំពោះរបាយការណ៍មួយនេះ ដោយលោក យល់ឃើញថា របាយការណ៍ខាងលើ គឺ មិនបានឆ្លើយតបនឹងទិដ្ឋភាពជាក់ស្ដែង និងការបញ្ចេញមតិយោបល់នៅកម្ពុជា។

លោក ផៃ ស៊ី ផាន ៖« ចំនុចទីមួយ .បើតាមរយៈច្បាប់ ក៏ដូចជារាជរដ្ឋាភិបាលតែងតែផ្ដល់នូវសេរីភាពក្នុងការបញ្ចេញមតិ ក៏ប៉ុន្ដែស្ថិតនៅក្នុងច្បាប់ ។ ហើយចំនុចទីពីរ. បើតាមច្បាប់អ្នកដឹកនាំក្នុងការបញ្ចេញមតិត្រូវទទួលខុសត្រូវទទួលខុសទាំងស្រុង ចំពោះអ្វីដែលជាយថាហេតុកើតឡើងដោយមិនបានប្រៀបទុកជាមុន រាប់ទាំងចំនួនអ្នកចូលរួម រាប់ទាំងស្មារតីនៃការបញ្ចេញយោបល់ ចៀសវាងការវាយប្រហារប្រមាថកាណ៌ទាន ឬបរិហារកេរ្ដិ៍អ្នកដទៃ»។

តាមរបាយការណ៍របស់អង្គ់ការលីកាដូ ដោយការបោះឆ្នោតថ្នាក់ជាតិនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ ការធ្វើទុក្ខបុកម្នេញអាចនឹងបន្តទៅថ្ងៃអនាគត ហើយការរំលោភបំពានទៅលើអ្នកការពារសិទិ្ធមនុស្សជាច្រើននឹងបន្តក្លាយជាផ្នែកមួយនៃកិច្ចប្រឹងប្រែងក្នុងការបន្តរឹតត្បិតសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image