ភ្នំពេញ៖អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងនៅថ្ងៃនេះថាក្រុម តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាបានដាក់សំណើរទៅកាន់រដ្ឋសភាជាតិនៅថ្ងៃនេះដើម្បីសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោ បាយ។អ្នកវិភាគព្រមានថា ការធ្វើវិសោធនកម្មច្បាប់នេះ អាចនឹងប៉ះពាល់ ដល់ជំនឿរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
ក្រុមតំណាងរាស្ត្រច្រើនជាង៣០រូបរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃច័ន្ទនេះបានចុះហត្ថលេខារួមគ្នាដើម្បីស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។
ការធ្វើវិសោធនកម្មច្បាប់ដែលត្រូវគេមើលឃើញថាដើម្បីរុញច្រានលោកសម រង្ស៊ី មិនឲ្យលូកលាន់ក្នុងកិច្ចកានយោបាយជាមួយគណបក្សសង្គ្រោះជាតិ។
កាលពីសប្តាហ៍មុនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសជាសាធារ ណៈដោយស្នើឲ្យក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារៀបចំសំណើរ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះក្រោយពីសម្តេចបញ្ចេញប្រតិកម្មដោយមិនបង្ហាញឈ្មោះចំៗថាអ្នកនយោបាយដែលកំពុងជាប់ទោស បាននិងកំពុងព្យាយាមធ្វើនយោបាយជួយគណបក្សសង្គ្រោះជាតិ។ហើយសម្តេចស្នើឲ្យក្រុមតំណាងរាស្ត្របក្សកាន់អំណាចដើម្បីទប់ស្កាត់សកម្មភាពនេះ។
លោកសុខ ឥសាន្ត តំណាងរាស្ត្រនិងជាអ្នកនាំ ពាក្យគណបក្សប្រជាជន កម្ពុជាបានប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃនេះនៅមន្ទីររដ្ឋសភាថា ក្រុមតំណាង រាស្ត្របក្សកាន់អំណាចជាង៣០រូបបានព្រមព្រាងគ្នាស្នើរដ្ឋសភាឲ្យធ្វើវិសោធនកម្មច្បាប់នោះ។ «យើងគ្រាន់តែធ្វើយកហត្ថលេខីជាង៣០នាក់មកគឺយើងចាត់ទុកជាបានការហើយទៅគណៈកម្មការអចិន្រ្តៃយ៍ រដ្ឋសភាដើម្បីចាត់ តំាងឱ្យគណៈកម្ម ការជំនាញធ្វើការងារហ្នឹងអចិន្ត្រៃយ៍ប្រជុំមិញហើយគឺប្រគល់ឱ្យគណៈកម្មការទី៦ ឯកឧត្តមប៉ែន បញ្ញា គាត់ហ្នឹងមានភារកិច្ចធ្វើកិច្ចការហ្នឹង»។
ច្បាប់ស្តីពីគណបក្សនយោបាយដែលបង្កើតទ្បើងក្នុងឆ្នំា ១៩៩៧ មាន៤៥ មាត្រា។ ប៉ុន្តែច្បាប់នេះត្រូវក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាស្នើវិសោធនកម្មរួចម្តងហើយ។និងច្បាប់នេះត្រូវបានធ្វើវិសោធន កម្មប្រកាស ឱ្យប្រើនាថ្ងៃទី ៧ ខែមីនា ឆ្នំា២០១៧ ដោយបន្ថែមមាត្រាដល់ចំនួន ៥០មាត្រា។ ច្បាប់វិសោធនកម្មថ្មីនោះដែលត្រូវគេដឹងថាដើម្បីរារាំងលោកសម រង្ស៊ី មិនឲ្យធ្វើនយោបាយ។ ច្បាប់នេះបានចែងពីលទ្ធភាពរំលាយគណបក្សនយោបាយក្នុងករណីដែលមេបក្សជាប់ពាក់ពន្ធ័នឹងបទឧក្រិដ្ឋធ្ងន់ធ្ងរនិងរារាំងមិនឲ្យប្រជាពលរដ្ឋដែលមានទោសជាប់ខ្លួនដឹកនាំគណបក្សនយោ បាយនោះទេ។
ក្រោយមកលោក សម រង្ស៊ី បានលាលែងពីប្រធាន គណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងគណបក្សនេះដោយទំនងជាដើម្បីចៀសវាងពីផលប៉ះ ពាល់ដល់ការរំលាយគណបក្ស។
ឆ្លើយតបទៅនឹងសំណួរដែលថាវិសោធនកម្មច្បាប់នេះដើម្បីកៀបសង្កត់ទៅ លើលោកសម រង្ស៊ី បន្ថែមទៀត លោកសុខ ឥសាន្ត ឆ្លើយថាគណបក្សរបស់ លោកមិនបានបិទមាត់លោក សម រង្ស៊ី នោះទេ។ ប៉ុន្តែលោកសម រង្ស៊ី «បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋ។»
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ទោះជាយ៉ាងណាលោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ខ្លួនថា មិនគួរធ្វើវិសោធនកម្មច្បាប់ឡើងវិញនោះទេហើយក៏«មិនចាំបាច់»ខ្លាចរូបលោកនិងខ្លាចស្រមោលលោកនោះទេ បើសិន ជា«ពួកខ្លួន មិនធ្វើ អំពើ អាក្រក់”នោះ។
សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ ថាចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់គណបក្ស នយោបាយនេះប្រសិនបើ ខ្លឹមសារផ្តោតសំខាន់តែសម្រាប់តែលើគូប្រកួតប្រជែងគណ បក្សនយោបាយ ទេនោះ ច្បាប់នេះនឹងមិនទទួលបាន ការផ្តល់តម្លៃពីក្រុមប្រជាពលរដ្ឋនោះ ទេ។
លោក ឯម សុវណ្ណារ៉ា បន្តថាដើម្បីឱ្យវិសោធកម្ម ច្បាប់នេះមានភាពល្អប្រ សើរនោះគួរមានការចូលរួមពីសង្គមស៊ីវិលផងដែរ។ «សំខាន់ឱ្យមានការចូលរួមពីអង្គការសង្គមស៊ីវិល ផ្តល់មតិយោបល់ ឬក៏ ធ្វើសិក្ខាសាលាពីតម្រូវការពាក់ព័ន្ធទូទៅអានេះវាអាចឆ្លើយតបទៅនឹង ម្រូវការទូទៅរបស់ប្រជាពលរដ្ឋបានហើយ ប្រសិនបើ ចេញតែ ពីគណ បក្សនយោបាយដដែលទេវាមិនបម្រើឱ្យទស្សនៈទូទៅរបស់ពលរដ្ឋទូទៅនោះទេ »
លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បញ្ជាក់ថាសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះមិនទាន់មកដល់ដៃរដ្ឋសភានៅឡើយទេ៕