ខេត្តពោធិ៍សាត់ ៖ក្នុងជីវភាពជាស្ដ្រីមេម៉ាយ អ្នកស្រី ពេជ្រ ស្រីសុផល បានតស៊ូ និងវិវត្តន៍ខ្លួនដើម្បីក្លាយទៅស្ត្រីដឹកនាំមួយរូបនៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
នៅឆ្នាំ២០១៧នេះ អ្នកស្រីបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ រយៈពេលបួនអាណត្តិជាប់គ្នា។ ក្នុងការកាន់តួនាទីជាស្ត្រីដឹកនាំមូលដ្ឋាន អ្នកស្រី ពេជ្រ ស្រីសុផល ផ្តោតការយកចិត្តទុកដាក់លើបញ្ហាស្ត្រីនិងកុមារ។ហើយនៅក្នុងការស្រមៃចុងក្រោយរបស់អ្នកស្រី គឺអ្នកស្រីចង់ឃើញក្រុមស្ត្រីតាមមូលដ្ឋានអាចការពារខ្លួនបានតាមរយៈការស្វែងយល់ផ្នែកច្បាប់។
មនុស្សម្នាក់ៗតែងតែមានក្តីស្រមៃ និងសេចក្តីប្រាថ្នារបស់ខ្លួន។ អ្នកខ្លះទទួលបានជោគជ័យដូចក្តីប្រាថ្នា និងការស្រមើស្រមៃ រីឯអ្នកខ្លះទៀតមិនបានជោគជ័យដូចបំណង។សម្រាប់អ្នកស្រី ពេជ្រ ស្រីសុផល មិនមែនជាករណីពិសេសនោះទេ។
មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៤ ខែមិថុនា អ្នកស្រី ពេជ្រ ស្រីសុផល ស្រមៃថា អ្នកស្រីចង់បន្ត ដំណែងជាជំទប់ទី១ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាបន្តទៀត។ ឃុំត្រពាំងជង ដែលជាស្រុកកំណើតរបស់អ្នកស្រី។
អ្នកស្រី ពេជ្រ ស្រីសុផល៖« ខ្ញុំសម្រេចចិត្តឈរឈ្មោះជាជំទប់នេះ ដោយសារខ្ញុំមើលឃើញថា ស្ថានភាពប្រជាពលរដ្ឋនៅក្នុងឃុំភាគច្រើនជាស្ដ្រី ហើយស្ដ្រីគាត់អត់សូវមានសិទ្ធិអំណា ចក្នុងការបញ្ចេញមតិយោបល់ ហើយគម្រោងការងាររបស់ស្ដ្រីអត់សូវទទួលបានជោគជ័យ ដោយសារពុំមានកំលាំងគាំទ្រពួកគាត់»។
ជាអតីតគ្រូបង្រៀននៅចុងទសវត្សឆ្នាំ១៩៨០ អ្នកស្រី ពេជ្រ ស្រីសុផល បានសម្រេចចិត្តចូលរួមក្នុងសកម្មភាពនយោបាយនៅថ្នាក់មូលដ្ឋានជាមួយគណបក្សប្រជានកម្ពុជាក្នុងខេត្តពោធិ៍សាត់ ដើម្បីផ្លាស់ប្តូរជីវភាព ដោយសារអ្នកស្រីយល់ថា ប្រាក់ខែគ្រូបង្រៀននៅកម្រិតបឋមសិក្សាទាបជាងប្រាក់ខែនៃសមាជិកក្រុមប្រឹក្សាឃុំ។
នៅឆ្នាំ ២០០២ ដែលជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាលើកដំបូងនៅកម្ពុជា អ្នកស្រីក៏សម្រេចចិត្តឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ។ អ្នកស្រីជាប់ឆ្នោតជាលើកដំបូងធ្វើជាសមាជិកក្រុមប្រឹក្សាឃុំ ដែលជាស្រុកកំណើតរបស់ខ្លួន។
ក្នុងការបោះឆ្នោតបួនអាណត្តិកន្លងមកនេះ អ្នកស្រី ពេជ្រ ស្រីសុផល បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា និងជំទប់ទី១។ ហើយអ្នកស្រី ត្រូវទទួលបន្ទុកលើការងារស្ដ្រី និងកុមារ ។
អ្នកស្រី ពេជ្រ ស្រីសុផល៖«នៅក្នុងចន្លោះឆ្នាំ ២០១២ នៅពេលដែលយើងក្លាយមកជាជំទប់ យើងមានភារកិច្ចជាច្រើនដែលត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំ ។ចឹងយើងត្រូវពិនិត្យមើលគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងការរស់នៅរបស់ប្រជាពលរដ្ឋ ទាំងការប្រើប្រាស់ថវិកានៅក្នុងឃុំ ទាំងហេដ្ឋារចនាផ្សេងៗដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ»។
ក្នុងវ័យ៦៣ ឆ្នាំ អ្នកស្រី ពេជ្រ ស្រីសុផល មានដើមកំណើតពីគ្រួសារកសិករមួយដែលមានកូនសរុបចំនួន១១នាក់។ អ្នកស្រីគឺជាកូនទី៣។ឆ្លងកាត់សម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម គ្រួសាររបស់អ្នកស្រីក៏ដូចជាគ្រួសារដទៃទៀតដែរ បានបាត់បង់សមាជិកគ្រួសារដែលជាបងប្អូនបង្កើតរបស់អ្នកស្រីចំនួន៧នាក់។
ប៉ុន្តែជីវិតដ៏លំបាកសម្រាប់អ្នកស្រីមិនបានបញ្ចប់ត្រឹមប៉ុណ្ណោះទេ។ អ្នកស្រីបានរៀបការនៅសម័យខ្មែរក្រហមនៅពេលដែលអ្នកស្រីអាយុ២១ ឆ្នាំ។ ជាអកុសល្យ ស្វាមីរបស់អ្នកស្រីបានស្លាប់ក្នុងរបបនោះ។ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ អ្នកស្រីបានរៀបការស្វាមីទី២។ ខ្សែជីវិតរបស់អ្នកស្រីបានជួបនូវការបែកបាក់ជាលើកទី២។ជាជីវិតលែងលះប៉ុន្មានឆ្នាំក្រោយពីជីវិតអាពាហ៍ពិពាហ៍។ អ្នកស្រីបានក្លាយជាស្ត្រីមេម៉ាយកូនមួយ។
អ្នកស្រី ពេជ្រ ស្រីសុផល៖«គ្រួសារខ្ញុំបែកបាក់គ្នា នៅជំនាន់ប៉ុលពត ក្រោយពីត្រឡប់ចេញមកវិញខ្ញុំបានគ្រួសារមួយទៀត នៅឆ្នាំ១៩៨០ ក្រោយពីខ្ញុំរៀបការជាមួយគាត់ខ្ញុំមានកូនស្រីមួយ ប្រុសមួយ។ ហើយនៅឆ្នាំ២០០៥ កូនប្រុសខ្ញុំបានស្លាប់ ក្រោយពីកូនខ្ញុំបានស្លាប់ ក្រោយមកប្ដីខ្ញុំក៏មានស្រីទៀត ក្រោយពីស្វាមីមានស្រីទៀត គាត់បានលែងលះជាមួយខ្ញុំ។ ចឹងខ្ញុំក៏បានរស់នៅជាភាពមេម៉ាយជាមួយនិងកូនស្រីមួយរូប រហូតមកដល់បច្ចុប្បន្ននេះ»។
ក្នុងស្ថានភាពគ្រួសារបែបនេះ អ្នកស្រី ពេជ្រ ស្រីសុផល ត្រូវពុះពារដើម្បីជីវភាព។ អ្នកស្រីធ្លាប់ធ្វើជាភ្នាក់ងារអង្កេតការណ៍បោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ និងបានធ្វើជាសមាជិកគណៈកម្មាការឃុំរៀបចំការបោះឆ្នោតផងដែរ។ ក្នុងជីវិតនយោបាយ អ្នកស្រី ស្រីសុផល មានគោលដៅរួមមួយ គឺលើកកំពស់តម្លៃស្ត្រីនិងកុមារ មានសិទ្ធទទួលបានព័ត៌មាន មានសិទ្ធចូលរួមប្រជុំ សិទ្ធិបញ្ចេញមតិយោបល់ រួមទាំងការសម្លឹងមើលការរីកចម្រើនក្នុងមូលដ្ឋាន។
អ្នកស្រី ពេជ្រ ស្រីសុផល៖« ខ្ញុំចង់ជួយប្រជាពលរដ្ឋទូទៅទាំងអស់ អោយមានជីវភាពរស់នៅសមស្រប មានសិទ្ធទទួលបានព័ត៌មាន ហើយនិងមានការចូលរួមប្រជុំ ឬក៏បញ្ចេញមតិយោបល់តាមអ្វីដែលជាតម្រូវការរបស់ពួកគាត់»។
អ្នកស្រីពេជ្រ ស្រីសុផល មិនបានបន្តរៀននៅមហាវិទ្យាល័យទៀតទេក្រោយពីបញ្ចប់ការសិក្សានៅថ្នាក់ទី១២។ យ៉ាងណាក៏ដោយអ្នកស្រីបានជួបនូវបញ្ហាប្រឈមជាច្រើនក្នុងការដឹកនាំនៅមូលដ្ឋាន។
អ្នកស្រី ពេជ្រ ស្រីសុផល៖ «បញ្ហាប្រឈមរបស់យើង មួយគ្រួសារពីសហគមន៍ បីក្រុមការងារដែលធ្វើការជាមួយយើង ចំនុចទីបួន ពាក់ព័ន្ធជាមួយសេដ្ឋកិច្ច ហើយនិងជីវភាពរបស់យើង យើងមានជីវភាពខ្វះខាតរបស់យើង ពេលដែលយើងទៅធ្វើការទាំងអស់ហ្នឹង យើងប្រឈម យើងអត់មានមធ្យោបាយធ្វើដំណើរ ។ ហើយចំនុចមួយទៀតជីវភាពខ្វះខាត ចឹងថវិកាយើងខ្វះមុខខ្វះក្រោយ យើងពិបាកក្នុងការធ្វើការ។ ក៏ប៉ុន្ដែបើយើងឈប់កណ្ដាលទី គោលបំណងដែលយើងប៉ងថា យើងដើរអោយដើរអោយដល់គោលដៅមួយជាកលាក់នោះ គឺ ដើរទៅអត់ដល់។ ចឹងក៏សម្រេចចិត្តថា តស៊ូរហូត»។
ថ្វីបើជួបនូវការប្រឈមខាងលើនេះ ប៉ុន្តែអ្នកស្រី ពេជ្រ ស្រីសុផល មិនទាន់អស់ក្តីស្រមៃរបស់ខ្លួននៅឡើយ។ នោះគឺ អ្នកស្រីចង់ឃើញស្ត្រីនៅតាមមូលដ្ឋានយល់ដឹងអំពីច្បាប់ឲ្យបានទូលំទូលាយ ដើម្បីស្ត្រីទាំងនោះចេះការពារខ្លួនទប់ទល់នឹងការរំលោភសិទ្ធិ ការរើសអើង និងគម្លាតយេនឌ័រ៕