en     km
en     km

បទ​វិ​ភាគ​៖​​ កំ​ណែ​ទម្រង់​វិ​ស័យ​អប់​រំ មិន​មែន​ធ្វើ​តែ​លើ​ការ​ប្រ​ឡង​បាក់​ឌុប​មួយ​មុខ​នោះ​ទេ​!

Share

ភ្នំ​ពេញ​​៖ បន្ទាប់​ពី​ការ​ប្រ​ឡង​បាក់​ឌុប​រួច​រាល់​កាល​ពី​ថ្ងៃ​ទី​២៤ ២៥សីហា ឆ្នាំ​២០១៥​ កន្លង​ទៅ​ថ្មីៗ​នេះ មតិ​ម​ហា​ជន​យល់​ឃើញ​ថា​ ការ​រឹត​បណ្តឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​ជា​រឿង​គួរ​ឲ្យ​សា​ទរ ព្រោះ​ការ​រឹត​បណ្តឹង​នេះ គឺ​ជា​គន្លឹះ​ដ៏​មាន​ប្រ​សិទ្ធិ​ភាព​ដែល​ធ្វើ​ឲ្យ​សិស្ស​ខំ​រៀន​សូត្រ​។ ប៉ុន្តែ​កំ​ណែ​ទម្រង់​ការ​ប្រ​ឡង​តែ​មួយ​មុខ​នោះ វា​នៅ​មិន​ទាន់គ្រប់​គ្រាន់​នោះ​ទេ ពោល​គឺ​ត្រូវ​មាន​វិ​ធាន​ការ​ជា​ច្រើន​ផ្សេង​ទៀត ដើម្បី​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់​រំ​​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ល្អ​ប្រ​សើរ​បាន​។

ត​ទៅ​នេះ​ សូម​ស្តាប់​បទ​វិ​ភាគ​របស់​អ្នកយកព័ត៌មានរបស់ WMC លោក​រ៉ឹម ភារី​៖

ព័ត៌មានជាសំឡេង៖

នៅ​កម្ពុជា គេ​សង្កេត​ឃើញ​ថា ប្រព័ន្ធ​អប់​រំ​នៅ​មាន​កម្រិត​ទាប ទាំង​គុណ​ភាព និង​បរិ​មាណ។​ ការ​អប់​រំ​ទាប​ បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​វិ​ស័យ​ផ្សេងៗ​ទៀត ព្រោះ​ថា​វិ​ស័យ​អប់​រំ​ គឺ​ជា​ក្បាល​ម៉ា​ស៊ីន ក្នុង​ការ​ផលិត​ធន​ធាន​មនុស្ស ដើម្បី​ទៅ​បម្រើ​នូវ​គ្រប់​វិស័យ​។ ការ​ប្រ​ឡង​ធ្លាក់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិ​យ​ភូមិ​របស់​សិស្ស កាល​ពី​ឆ្នាំ២០១៤ កន្លង​ទៅ គឺ​ជា​សូរ​ជួង​មួយ​ដាស់​ដល់​ប្រ​ជា​ជន​ខ្មែរ​ថា គុណ​ភាព​អប់​រំ​របស់​កម្ពុជា​នៅ​មាន​កម្រិត​ទាប​​នៅ​ឡើយ​។ កាល​ណោះ​មាន​ការ​ប្រ​ឡង​ដល់​ទៅ​ចំ​នួន​ពីរ​ដង​ ប៉ុន្តែ​ទាំង​មុន ទាំង​ក្រោយ សិស្ស​ប្រ​ឡង​ជាប់​បាក់​ឌុប មាន​ចំនួន​តែ​៤០,៦ ភាគ​រយ​តែ​ប៉ុ​ណ្ណោះ​។ ការ​ប្រ​ឡង​ធ្លាក់​​បាក់​ឌុប​នៅ​ឆ្នាំ​សិក្សា​​២០១៣-២០១៤ គឺ ជា​អធិករណ៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា    វិស័យ​អប់​រំ​នៅ​កម្ពុជា គឺ​ទាម​ទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ច្បាស់​លាស់​មួយ​ ពោល​គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ដែល​ត្រូវរួម​គ្នា​ក្នុង​ការ​ពង្រឹង​គុណ​ភាព​អប់​រំ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រ​កួត​ប្រជែង​នៅ​ថ្នាក់​តំបន់ នៅ​ពេល​កម្ពុជា​ ធ្វើ​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​អា​ស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥ នេះ​។

15 08 27 _Pheary_Analysis_01_Soklim_edការ​ធ្វើ​កំ​ណែ​ទម្រង់​ប្រព័ន្ធ​អប់​រំ មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ព្រោះ​វា​ត្រូវ​ការ​ពេល​វេលា​យូរ និង​ធន​ធាន​ច្រើន​។ ការ​ពង្រឹង​ធន​ធាន​មនុស្ស​គឺ​ជា​រឿង​វែង​ឆ្ងាយ ដែល​ត្រូវ​គិត​គូរ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​។ មាន​គន្លឹះ​ចំនួន​១០​ ចំនុច​ដែល​អាច​ធ្វើ​ឲ្យ​វិស័យ​អប់​រំ​នៅ​កម្ពុជា​ទទួល​​បាន​ផ្កែ​ផ្កា​ក្នុង​ដំណាក់​កាល​នៃ​ការ​កែ​ទម្រង់​វិ​ស័យ​នេះ​នៅ​កម្ពុជា​៖

១) បង្កើន​ថវិការ​ជាតិ​លើ​វិ​ស័យ​អប់​រំ​ឲ្យ​ច្រើន​លើស​លប់​៖ ការ​ចំណាយ​ថ​វិ​កា​ជាតិ​​លើ​ក្រ​សួង​អប់​រំ​ នៅ​មាន​តិច​តួច​ វា​នឹង​ស្ទះ​ដល់​ការ​កែ​ទម្រង់​គ្រប់​បែប​យ៉ាង​។ ប្រ​សិន​បើ​ខ្ទង់​​ថ​វិ​កា​មិន​គ្រប់​គ្រាន់ ការ​ងារ​អ​ភិវឌ្ឍ​វិ​ស័យ​អប់​រំ ផែន​ការ​ទាំង​ឡាយ នឹង​ត្រូវ​នៅ​គាំង​មិន​អាច​​ដំ​ណើរ​​ការ​ទៅ​បាន​​ល្អនោះ​​ទេ​។

២) ដំ​ឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ឲ្យ​រស់​នៅ​ក្នុង​ជីវ​ភាព​មួយ​សម​រម្យ​៖ ប្រ​សិន​បើ​ប្រាក់​ខែ​គ្រូ​មិន​អាច​ទ្រាំ​ទ្រ​នឹង​​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ​គ្រប់​គ្រាន់​ គ្រូ​ប្រា​កដ​ជា​មិន​អាច​យ​ក​ចិត្ត​ទុក​ដាក់​បង្រៀន​សិស្ស​បាន​​ល្អ​នោះ​ទេ ព្រោះ​មួយ​ថ្ងៃៗ គ្រូ​រវល់​តែ​ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង ​ដើម្បី​រក​ចំ​ណូល​បន្ថែម​​។ គ្រូ​ខ្លះ ឆ្លៀត​លក់​នំ​នៅ​ក្នុង​ថ្នាក់​ គ្រូ​ខ្លះ​ឆ្លៀត​បង្រៀន​គួរ​បន្ថែម គ្រូ​ខ្លះ​រត់​ម៉ូ​តូ​ឌុប ឯ​គ្រូ​ខ្លះ​ទៀត​លក់​ឯក​សារ​ឲ្យ​សិស្ស​ជា​ដើម ធ្វើ​ម៉េច​ឲ្យ​តែ​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​។ ដោយ​សារ​តែ​ប្រាក់​បៀ​វត្សរ៍​តិច​ពេក ធ្វើ​ឲ្យ​គ្រូ​បង្រៀន​​ជា​ច្រើន​បោះ​បង់​មុខ​របរ​មួយ​នេះ ដោយ​រត់​ទៅ​ប្រកប​មុខ​របរ​ផ្សេងៗ​ ដែល​បង្ក​ឲ្យ​ទី​ជន​បទ​ដាច់​ស្រយាល​ខ្វះ​គ្រូ​បង្រៀន​។ ការ​ផ្តល់​ប្រាក់​បៀ​វត្សរ៍​ទាប​បែប​នេះ ធ្វើ​ឲ្យ​ជីវ​ភាព​គ្រូ​បង្រៀន​មួយ​ចំនួន​ធំ​ក្រី​ក្រ​តោក​យ៉ាក ហើយ​ដោយ​​សារ​តែ​ជីវ​ភាព​លំ​បាក​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​គ្រូ​បង្រៀន​មួយ​ចំនួន​រវល់​ធ្វើ​ការ​ខាង​ក្រៅ គ្មាន​ពេល​​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ស្រាវ​ជ្រាវ​ឯក​សារ​បន្ថែម ដើម្បី​បង្រៀន​សិស្ស​ឲ្យ​បាន​ល្អ​។

៣) រៀប​ចំ​កម្ម​វិ​ធី​សិក្សា​ឲ្យ​បាន​ត្រឹម​ត្រូវ៖​ ដោយ​ស្រប​តាម​បរិ​បទ​កម្ពុជា និង​មាន​លក្ខណៈ​ស្តង់​ដារ​​អន្តរ​ជាតិ ទាំង​កម្ម​វិធី​សិក្សា​នៅ​ថ្នាក់​មតេយ្យ​សិក្សា មធ្យម​សិក្សា និង​ឧត្តម​សិក្សា​។

៤ ) រដ្ឋ​​ត្រូវ​ផ្តល់​អាហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រី​ និង​បញ្ជូន​សិស្ស​ពូ​កែ​ទៅ​រៀន​ក្រៅ​ប្រទេស​៖ ការ​បញ្ជូន​សិស្ស​ទៅ​ក្រៅ​ប្រទេស​ តាម​រយៈ​ការផ្តល់​អា​ហា​រូបករណ៍ ដោយ​ដាក់​លក្ខ​ខណ្ឌ​ឬ​កិច្ច​សន្យា​ជា​មួយ​រដ្ឋា​ភិ​បាល​ថា នៅ​ពេល​និស្សិត​បញ្ចប់​ការ​សិក្សា ត្រូវ​តែ​យក​ជំនាញ ចំណេះ វិល​មក​អភិវឌ្ឍ​មាតុ​ភូមិ​ខ្មែរ​វិញ​។ ការ​ធ្វើ​បែប​នេះ កម្ពុជា​នឹង​សម្បូរ​ធន​ធាន​មនុស្ស​ពហុ​ជំនាញ ដើម្បី​ងាយ​ស្រួលក្នុ​ង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។

៥) បង្កើត​ស្ថា​ប័ន​បក​ប្រែ​ជា​ភា​សា​ជាតិ៖​ កន្លង​មក កម្ពុជា​ពុំ​សូវ​មាន​សៀវ​ភៅ​ឬ​ឯក​សារ​​ជា​ភា​សា​ខ្មែរ​សម្រាប់​​ការ​សិក្សា​ស្រាវ​ជ្រាវ​នោះ​ទេ​។ ការ​ខ្វះ​ខាត​សៀវ​ភៅ​ជា​ភា​សា​ខ្មែរ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​សិស្ស​​និស្សិត​ដែល​មិន​ចេះ​ភា​សា​បរទេស​គ្មាន​លទ្ធ​ភាព​ស្រាវ​ជ្រាវ​។ ភាព​សម្បូរ​បែប​នៃ​ឯក​សារ​ជា​ភា​សា​ខ្មែរ​ គឺ​ជា​ការ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​អាន​របស់​សិស្ស​និ​ស្សិត​។ ក្រ​សួង​អប់​រំ​គួរ​បង្កើត​ស្ថា​ប័ន​មួយ ដោយ​ប្រ​មូល​អ្នក​ជំនាញ និ​ង​អ្នក​ចេះ​ភា​សា​បរ​ទេស​ ដើម្បី​បក​ប្រែ​សៀវ​ភៅ ឬ​ឯក​សារ​ពី​ភា​សា​បរ​ទេស​ដែល​ល្អៗ ដើម្បី​ស្រូប​យក​ចំណេះ​ដឹង គំនិត ការ​រក​ឃើញ​ថ្មីៗ​ ពី​ប្រ​ទេស​ក្រៅ​ សម្រាប់​បំប៉ន​ចំណេះ​​បន្ថែម​ទៀត​ដល់​និស្សិត​ខ្មែរ​។

) បង្កើត​អន្តេ​វាសិ​កដ្ឋាន​ដល់​សិស្ស​ក្រី​ក្រ​ និង​សិស្ស​នារី​ដែល​មក​ពី​តាម​ខេត្ត​ដាច់​ស្រយាល៖​ សិស្ស​ដែល​ឡើង​មក​រៀន​​នៅ​ទី​ប្រជុំ​ ឬ​ទី​ក្រុង​ភ្នំពេញ​ មាន​បញ្ហា​ការ​ស្នាក់​នៅ​ជាខ្លាំង​ ជា​ពិសេស​សិស្ស​នារី។​ សិស្ស​នារី​មួយ​​ចំនួន​ធំ​ ស្នាក់​នៅ​បន្ទប់​ជួល​តូច​មួយ​ ដែល​មាន​គ្នា​ពី​​បី​ទៅ​បួន​នាក់។​ បន្ទប់​តូច​​ចង្អៀត​ និង​ភាព​ក្រី​ក្រ​គឺ​ ជា​រឿង​មួយ។​ តែ​អ្វី​ដែល​ពិបាក​ជាង​នេះ​ទៀត​នោះ​ ការ​រស់​នៅ​បន្ទប់​ជួល​​ បាន​ជួប​បញ្ហា​ជា​ច្រើន​ដូច​ជា​ ចោរ​កម្ម​ ឃាត​កម្ម​ គ្រឿង​ញៀន​ និង​ការ​រំខាន​ផ្សេងៗ​ ដែល​ពិបាក​ក្នុង​ការ​សិក្សា​របស់​និស្សិត។

150826-sophea-news-01-dara-ed

) ​ត្រូវ​បង្កើត​សាលា​ជំនាញ​ និង​បន្ថែម​គ្រូ​ផ្នែក​ជំនាញ​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាល៖​ ការ ​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥​នេះ​ គឺ​ធ្វើ​ឲ្យ​​កម្ពុជា​ពិបាក​នឹង​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ដទៃ​នៅ​ក្នុង​ តំបន់​អាស៊ាន​ ជា​ពិសេស​ ប្រទេស​ជិត​ខាង​ដែល​មាន​កម្មករ​​ជំនាញ​ច្រើន​​។​ ការ​បង្រៀន​កម្មករ​ជំនាញ​ គឺ​ត្រូវ​ប្រើ​ពេល​វេលា​ខ្លី​ តែ​អាច​ធ្វើ​ឲ្យ​យុវជន​កម្ពុជា​ មាន​ជំនាញ​ដែល​អាច​ប្រកួត​ប្រជែង​ទីផ្សារ​ការ​ងារ​ជា​មួយ​យុវជន​អាស៊ាន។​

)​ ស្វែង​រក​អ្នក​វិនិយោគ​ ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក៖​ ដើម្បី​បង្កើត​ការងារ​ដល់​​និស្សិត​ដែល​ បញ្ចប់​ការ​សិក្សា​ និង​បញ្ចប់​ជំនាញ​របស់​ពូក​គេ។​ ការ​បង្កើត​ការងារ​ គឺ​ជា​យន្ត​ការ​លើក​ទឹក​ចិត្ត​ និង​ជំរុញ​​ឲ្យ​យុវជន​កម្ពុជា​ខិត​ខំ​រៀន​សូត្រ។​

) ​បង្កើត​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​មួយ​ ដែល​មាន​គ្រប់​ផ្នែក​ ទាំង​វិទ្យាសាស្រ្ត​ធម្មជាតិ​ និង​វិទ្យាសាស្រ្ត​សង្គម៖​ ការ​សាង​សង់​ទៀត​សោត​ មិន​មែន​សាង​សង់​អគារ​ ហើយ​​ទុក​ចោល​នោះ​ទេ​ តែ​ត្រូវ​ទិញ​សម្ភារ​ពិសោធន៍​ សម្ភារ​បរិក្ខា​ឲ្យ​បាន​គ្រប់​គ្រាន់​ ផ្តល់​គ្រូ​ អ្នក​ជំនាញ​ ដើម្បី​បម្រើ​ដល់​ការងារ​ស្រាវ​ជ្រាវ​របស់​បញ្ញវន្ត​។ ប្រសិន​បើខ្វះគ្រូជំនាញ កម្ពុជាគួរចំណាយថវិកាជួលគ្រូមក​ពី​ក្រៅ​ប្រទេស​ ឬ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​ប្រទេស​ដៃ​គូរ​ឲ្យ​គេ​ជួយ។​ កម្ពុជា​ល្មម​ដល់​​ពេល​ឈប់​ទទួល​ជំនួយ​ជា​ថវិកា​មួយ​ចំនួន​ហើយ​ តែ​គួរ​ទទួល​យក​ជំនួយ​បច្ចេក​ទេស​ ជំនួយ​​ធន​ធាន​មនុស្ស​ ទើប​កម្ពុជា​អាច​រួច​ផុត​ពី​គ្រោះ​អវិជ្ជា​បាន។​

១០)​ ត្រូវ​កំចាត់​អំពើ​ពុក​រលួយ​ចេញ​ពី​វិស័យ​អប់​រំ​ជា​ដាច់​ខាត៖​ គន្លឹះ​​ខាង​លើ​ដែល​បាន​រៀប​រាប់​ខាង​​លើ​អំបាល​មាណ​ បើ​មាន​អំពើ​ពុក​រលួយ​លុក​លុយ​ចូល​នោះ​ វិស័យ​មួយ​នេះ​នឹង​មិន​អាច​​កែ​ទម្រង់​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ។​ មែន​ទែន​ទៅ​ កំចាត់​អំពើ​ពុក​រលួយ​គឺ​ទាម​ទារ​ឲ្យ​​មាន​ឆន្ទៈ​ខ្ពស់​ពី​ថ្នាក់​ដឹក​នាំ​ ប្រទេស។​ គន្លឹះ​ទាំង​១០​ចំណុច​ខាង​លើ​នេះ​ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។​​ ប្រទេស​មួយ​ចំនួន​ដែល​​មាន​ការ​រីក​ចម្រើន​ផ្នែក​វិស័យ​អប់រំ​ គេ​បាន​ធ្វើ​រួច​ហើយ។​ បើ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ អនុវត្តន៍​បាន​នូវ​ចំណុច​ទាំង​អំបាល​មាណ​ខាង​លើ​ នោះ​កម្ពុជា​ នឹង​ទទួល​បាន​ការ​អប់រំ​មួយ​ដែល​មាន​ទាំង​បរិមាណ​ និង​គុណភាព​ ដើម្បី​ប្រកួត​ប្រជែង​​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​ក្នុង​ពិភព​លោក៕

Share

Image
Image
Image