ភ្នំពេញ៖ បន្ទាប់ពីការប្រឡងបាក់ឌុបរួចរាល់កាលពីថ្ងៃទី២៤ ២៥សីហា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ មតិមហាជនយល់ឃើញថា ការរឹតបណ្តឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺជារឿងគួរឲ្យសាទរ ព្រោះការរឹតបណ្តឹងនេះ គឺជាគន្លឹះដ៏មានប្រសិទ្ធិភាពដែលធ្វើឲ្យសិស្សខំរៀនសូត្រ។ ប៉ុន្តែកំណែទម្រង់ការប្រឡងតែមួយមុខនោះ វានៅមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺត្រូវមានវិធានការជាច្រើនផ្សេងទៀត ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឲ្យមានភាពល្អប្រសើរបាន។
តទៅនេះ សូមស្តាប់បទវិភាគរបស់អ្នកយកព័ត៌មានរបស់ WMC លោករ៉ឹម ភារី៖
នៅកម្ពុជា គេសង្កេតឃើញថា ប្រព័ន្ធអប់រំនៅមានកម្រិតទាប ទាំងគុណភាព និងបរិមាណ។ ការអប់រំទាប បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យផ្សេងៗទៀត ព្រោះថាវិស័យអប់រំ គឺជាក្បាលម៉ាស៊ីន ក្នុងការផលិតធនធានមនុស្ស ដើម្បីទៅបម្រើនូវគ្រប់វិស័យ។ ការប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់សិស្ស កាលពីឆ្នាំ២០១៤ កន្លងទៅ គឺជាសូរជួងមួយដាស់ដល់ប្រជាជនខ្មែរថា គុណភាពអប់រំរបស់កម្ពុជានៅមានកម្រិតទាបនៅឡើយ។ កាលណោះមានការប្រឡងដល់ទៅចំនួនពីរដង ប៉ុន្តែទាំងមុន ទាំងក្រោយ សិស្សប្រឡងជាប់បាក់ឌុប មានចំនួនតែ៤០,៦ ភាគរយតែប៉ុណ្ណោះ។ ការប្រឡងធ្លាក់បាក់ឌុបនៅឆ្នាំសិក្សា២០១៣-២០១៤ គឺ ជាអធិករណ៍បញ្ជាក់យ៉ាងច្បាស់ថា វិស័យអប់រំនៅកម្ពុជា គឺទាមទារឲ្យមានការកែទម្រង់ច្បាស់លាស់មួយ ពោលគឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលត្រូវរួមគ្នាក្នុងការពង្រឹងគុណភាពអប់រំ ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងនៅថ្នាក់តំបន់ នៅពេលកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥ នេះ។
ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ មិនមែនជាការងាយស្រួលនោះទេ ព្រោះវាត្រូវការពេលវេលាយូរ និងធនធានច្រើន។ ការពង្រឹងធនធានមនុស្សគឺជារឿងវែងឆ្ងាយ ដែលត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ។ មានគន្លឹះចំនួន១០ ចំនុចដែលអាចធ្វើឲ្យវិស័យអប់រំនៅកម្ពុជាទទួលបានផ្កែផ្កាក្នុងដំណាក់កាលនៃការកែទម្រង់វិស័យនេះនៅកម្ពុជា៖
១) បង្កើនថវិការជាតិលើវិស័យអប់រំឲ្យច្រើនលើសលប់៖ ការចំណាយថវិកាជាតិលើក្រសួងអប់រំ នៅមានតិចតួច វានឹងស្ទះដល់ការកែទម្រង់គ្រប់បែបយ៉ាង។ ប្រសិនបើខ្ទង់ថវិកាមិនគ្រប់គ្រាន់ ការងារអភិវឌ្ឍវិស័យអប់រំ ផែនការទាំងឡាយ នឹងត្រូវនៅគាំងមិនអាចដំណើរការទៅបានល្អនោះទេ។
២) ដំឡើងប្រាក់ខែគ្រូបង្រៀនឲ្យរស់នៅក្នុងជីវភាពមួយសមរម្យ៖ ប្រសិនបើប្រាក់ខែគ្រូមិនអាចទ្រាំទ្រនឹងចំណាយប្រចាំថ្ងៃគ្រប់គ្រាន់ គ្រូប្រាកដជាមិនអាចយកចិត្តទុកដាក់បង្រៀនសិស្សបានល្អនោះទេ ព្រោះមួយថ្ងៃៗ គ្រូរវល់តែធ្វើការងារក្រៅម៉ោង ដើម្បីរកចំណូលបន្ថែម។ គ្រូខ្លះ ឆ្លៀតលក់នំនៅក្នុងថ្នាក់ គ្រូខ្លះឆ្លៀតបង្រៀនគួរបន្ថែម គ្រូខ្លះរត់ម៉ូតូឌុប ឯគ្រូខ្លះទៀតលក់ឯកសារឲ្យសិស្សជាដើម ធ្វើម៉េចឲ្យតែបានប្រាក់ចិញ្ចឹមគ្រួសារ។ ដោយសារតែប្រាក់បៀវត្សរ៍តិចពេក ធ្វើឲ្យគ្រូបង្រៀនជាច្រើនបោះបង់មុខរបរមួយនេះ ដោយរត់ទៅប្រកបមុខរបរផ្សេងៗ ដែលបង្កឲ្យទីជនបទដាច់ស្រយាលខ្វះគ្រូបង្រៀន។ ការផ្តល់ប្រាក់បៀវត្សរ៍ទាបបែបនេះ ធ្វើឲ្យជីវភាពគ្រូបង្រៀនមួយចំនួនធំក្រីក្រតោកយ៉ាក ហើយដោយសារតែជីវភាពលំបាកនេះហើយ ទើបធ្វើឲ្យគ្រូបង្រៀនមួយចំនួនរវល់ធ្វើការខាងក្រៅ គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវឯកសារបន្ថែម ដើម្បីបង្រៀនសិស្សឲ្យបានល្អ។
៣) រៀបចំកម្មវិធីសិក្សាឲ្យបានត្រឹមត្រូវ៖ ដោយស្របតាមបរិបទកម្ពុជា និងមានលក្ខណៈស្តង់ដារអន្តរជាតិ ទាំងកម្មវិធីសិក្សានៅថ្នាក់មតេយ្យសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា។
៤ ) រដ្ឋត្រូវផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រី និងបញ្ជូនសិស្សពូកែទៅរៀនក្រៅប្រទេស៖ ការបញ្ជូនសិស្សទៅក្រៅប្រទេស តាមរយៈការផ្តល់អាហារូបករណ៍ ដោយដាក់លក្ខខណ្ឌឬកិច្ចសន្យាជាមួយរដ្ឋាភិបាលថា នៅពេលនិស្សិតបញ្ចប់ការសិក្សា ត្រូវតែយកជំនាញ ចំណេះ វិលមកអភិវឌ្ឍមាតុភូមិខ្មែរវិញ។ ការធ្វើបែបនេះ កម្ពុជានឹងសម្បូរធនធានមនុស្សពហុជំនាញ ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍប្រទេសជាតិ។
៥) បង្កើតស្ថាប័នបកប្រែជាភាសាជាតិ៖ កន្លងមក កម្ពុជាពុំសូវមានសៀវភៅឬឯកសារជាភាសាខ្មែរសម្រាប់ការសិក្សាស្រាវជ្រាវនោះទេ។ ការខ្វះខាតសៀវភៅជាភាសាខ្មែរនេះហើយ ទើបធ្វើឲ្យសិស្សនិស្សិតដែលមិនចេះភាសាបរទេសគ្មានលទ្ធភាពស្រាវជ្រាវ។ ភាពសម្បូរបែបនៃឯកសារជាភាសាខ្មែរ គឺជាការបង្កភាពងាយស្រួលដល់ការអានរបស់សិស្សនិស្សិត។ ក្រសួងអប់រំគួរបង្កើតស្ថាប័នមួយ ដោយប្រមូលអ្នកជំនាញ និងអ្នកចេះភាសាបរទេស ដើម្បីបកប្រែសៀវភៅ ឬឯកសារពីភាសាបរទេសដែលល្អៗ ដើម្បីស្រូបយកចំណេះដឹង គំនិត ការរកឃើញថ្មីៗ ពីប្រទេសក្រៅ សម្រាប់បំប៉នចំណេះបន្ថែមទៀតដល់និស្សិតខ្មែរ។
៦) បង្កើតអន្តេវាសិកដ្ឋានដល់សិស្សក្រីក្រ និងសិស្សនារីដែលមកពីតាមខេត្តដាច់ស្រយាល៖ សិស្សដែលឡើងមករៀននៅទីប្រជុំ ឬទីក្រុងភ្នំពេញ មានបញ្ហាការស្នាក់នៅជាខ្លាំង ជាពិសេសសិស្សនារី។ សិស្សនារីមួយចំនួនធំ ស្នាក់នៅបន្ទប់ជួលតូចមួយ ដែលមានគ្នាពីបីទៅបួននាក់។ បន្ទប់តូចចង្អៀត និងភាពក្រីក្រគឺ ជារឿងមួយ។ តែអ្វីដែលពិបាកជាងនេះទៀតនោះ ការរស់នៅបន្ទប់ជួល បានជួបបញ្ហាជាច្រើនដូចជា ចោរកម្ម ឃាតកម្ម គ្រឿងញៀន និងការរំខានផ្សេងៗ ដែលពិបាកក្នុងការសិក្សារបស់និស្សិត។
៧) ត្រូវបង្កើតសាលាជំនាញ និងបន្ថែមគ្រូផ្នែកជំនាញនៅតាមទីជនបទដាច់ស្រយាល៖ ការ ចូលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥នេះ គឺធ្វើឲ្យកម្ពុជាពិបាកនឹងប្រកួតប្រជែងជាមួយប្រទេសដទៃនៅក្នុង តំបន់អាស៊ាន ជាពិសេស ប្រទេសជិតខាងដែលមានកម្មករជំនាញច្រើន។ ការបង្រៀនកម្មករជំនាញ គឺត្រូវប្រើពេលវេលាខ្លី តែអាចធ្វើឲ្យយុវជនកម្ពុជា មានជំនាញដែលអាចប្រកួតប្រជែងទីផ្សារការងារជាមួយយុវជនអាស៊ាន។
៨) ស្វែងរកអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក៖ ដើម្បីបង្កើតការងារដល់និស្សិតដែល បញ្ចប់ការសិក្សា និងបញ្ចប់ជំនាញរបស់ពូកគេ។ ការបង្កើតការងារ គឺជាយន្តការលើកទឹកចិត្ត និងជំរុញឲ្យយុវជនកម្ពុជាខិតខំរៀនសូត្រ។
៩) បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមួយ ដែលមានគ្រប់ផ្នែក ទាំងវិទ្យាសាស្រ្តធម្មជាតិ និងវិទ្យាសាស្រ្តសង្គម៖ ការសាងសង់ទៀតសោត មិនមែនសាងសង់អគារ ហើយទុកចោលនោះទេ តែត្រូវទិញសម្ភារពិសោធន៍ សម្ភារបរិក្ខាឲ្យបានគ្រប់គ្រាន់ ផ្តល់គ្រូ អ្នកជំនាញ ដើម្បីបម្រើដល់ការងារស្រាវជ្រាវរបស់បញ្ញវន្ត។ ប្រសិនបើខ្វះគ្រូជំនាញ កម្ពុជាគួរចំណាយថវិការជួលគ្រូមកពីក្រៅប្រទេស ឬធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូរឲ្យគេជួយ។ កម្ពុជាល្មមដល់ពេលឈប់ទទួលជំនួយជាថវិកាមួយចំនួនហើយ តែគួរទទួលយកជំនួយបច្ចេកទេស ជំនួយធនធានមនុស្ស ទើបកម្ពុជាអាចរួចផុតពីគ្រោះអវិជ្ជាបាន។
១០) ត្រូវកំចាត់អំពើពុករលួយចេញពីវិស័យអប់រំជាដាច់ខាត៖ គន្លឹះខាងលើដែលបានរៀបរាប់ខាងលើអំបាលមាណ បើមានអំពើពុករលួយលុកលុយចូលនោះ វិស័យមួយនេះនឹងមិនអាចកែទម្រង់ទទួលបានជោគជ័យនោះទេ។ មែនទែនទៅ កំចាត់អំពើពុករលួយគឺទាមទារឲ្យមានឆន្ទៈខ្ពស់ពីថ្នាក់ដឹកនាំ ប្រទេស។ គន្លឹះទាំង១០ចំណុចខាងលើនេះ មិនមែនជារឿងថ្មីនោះទេ។ ប្រទេសមួយចំនួនដែលមានការរីកចម្រើនផ្នែកវិស័យអប់រំ គេបានធ្វើរួចហើយ។ បើក្រសួងអប់រំ យុវជន និងកីឡា អនុវត្តន៍បាននូវចំណុចទាំងអំបាលមាណខាងលើ នោះកម្ពុជា នឹងទទួលបានការអប់រំមួយដែលមានទាំងបរិមាណ និងគុណភាព ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក៕