ពលករខ្មែរ៖ប៉ូលីសអន្តោប្រវេសន៍ថៃ ចាប់ផ្ដើមបណ្ដេញពលករខ្មែរពីប្រទេសនេះ ដោយមានទ្រង់ទ្រាយធំម្ដងទៀត ដែលគេមើលឃើញថាជារដូវការបណ្ដេញពលករបរទេសធ្វើការងារនៅថៃដោយខុសច្បាប់។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារកព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃសុក្រ ទី ៣០ មិថុនា ការចាប់បណ្ដេញពលរដ្ឋបរទេស គឺ កម្ពុជា និងភូមានេះ ដោយសារធ្វើឡើងតាមសារចរណ៍ថ្មីមួយទៀត ដែលមានគោលដៅត្រួតពិនិត្យកម្មករបរទេស មកធ្វើការងារលួចលាក់ ឬខុសច្បាប់។
សារចរណ៍ថ្មីដែលដាក់ចុះដោយនាយករដ្ឋមន្ត្រីថៃ បានដាក់កំហិតថា និយោជកដែលជួលពលករបរទេសគ្មានច្បាប់អនុញ្ញាតនឹងត្រូវពិន័យ ២ម៉ឺន ៣ពាន់ ៥រយ ៥០ដុល្លារ ។
តាមការបង្ហោះលើបណ្ដាញសង្គម សារចរនេះ មាន ៨ចំណុច ដោយសុទ្ធតែដាក់កំហិតពលរដ្ឋថៃ មិនឱ្យជួយលួចលាក់ពលករបរទេសធ្វើការងារដោយខុសច្បាប់ឡើយ។ វិធានការថ្មីនេះ នាំឱ្យមានការចាប់ដាក់ពន្ធនាគារពលរដ្ឋថៃ និងពិន័យជាប្រាក់ ពី ៤០ម៉ឺនបាត ទៅ ៨០ម៉ឺនបាត។ ការពិន័យតឹងតែងនេះ នាំឲ្យនិយោជកបញ្ឈប់ការងារពលករបរទេសគ្មានច្បាប់ឯកសារ។
រដ្ឋាភិបាលថៃនិយាយថា ត្រួតពិនិត្យច្បាប់ពលករបរទេស គឺជាអាទិភាពពីពេលប៉ូលីសអន្តោប្រវេសន៍ទទួលស្គាល់ថា ពលករបរទេសគឺជាផ្នែកមួយសំខាន់នៃកម្លាំងពលកម្មនៅប្រទេសនេះ។
លោក ឆាំ ប៊ុនថេត អ្នកស្រាវជ្រាវបញ្ហាសង្គមយល់ថា ការដែលរដ្ឋាភិបាលថៃចាប់បណ្ដេញពលករខ្មែរពីប្រទេសគេវិញ រាប់ពាន់នេះ គឺជាបន្ទុកមួយទៀតដែលរដ្ឋាភិបាលកម្ពុជា ត្រូវជួយសម្រួលពួកគេ។ លោកថា អ្វីដែលនាំឱ្យពលរដ្ឋខ្មែរទៅធ្វើការប្រទេសគេមកពីកត្តាការងារនៅកម្ពុជាមិនទូទាំងទូលលាយ និងមកពីពលរដ្ឋខ្មែរទាំងនោះ គ្មានទុនរកស៊ីក្នុងប្រទេសដែលលោកថារដ្ឋាភិបាលត្រូវជួយពួកគាត់ ។
សំឡេង លោក ឆាំ ប៊ុនថេត៖
ទាក់ទិននឹងការផ្ដល់អនុសាសន៍របស់អ្នកវិភាគបញ្ហាសង្គមនេះដែរ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនដែលជាបក្សកាន់អណាច បានអះអាងថា រឿងនេះពិតជាបន្ទុករបស់រដ្ឋាភិបាលដែលចាំបាច់ជួយពួកគាត់។ លោក ពន្យល់ថា ការជួយពលករខ្មែរតាម រយៈការសម្របសម្រួលជាមួយរដ្ឋាភិបាលថៃ។
សំឡេង លោក សុខ ឥសាន្ត៖
យ៉ាងណា លោក សុខ ឥសាន្ដ ថា ពលរដ្ឋខ្មែរ ដែលត្រូវថៃចាប់បណ្ដេញមកវិញនេះ ពួកគាត់ មានឯកសារការងារត្រឹមត្រូវដែរឬយ៉ាងណាទេ។ តែតាម លោក ឆាំបុនថេត អ្នកស្រាវជ្រាវ បញ្ហាសង្គម ពលរដ្ឋខ្មែរធ្វើការងារនៅប្រទេសថៃ គឺមិនក្រោមមួយលាននាក់នោះទេ។
កម្មករមកពីប្រទេសក្រីក្រដែលនៅជិតខាងប្រទេសថៃ ដូចជា កម្ពុជា និងភូមា ជាកម្លាំងស្នូលនៃពលកម្មមនុស្ស និងនៅប្រទេសថៃ និងក្នុងឧស្សាហកម្មផ្សេងទៀត ដូចជាឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មចំណីអាហារស្បៀងសមុទ្រ ការងារសំណង់ ដោយមានតម្លៃច្រើនពាន់លានដុល្លារ។
កាលពីឆ្នាំ ២០១៤ ពលករខ្មែរជាង២០ម៉ឺននាក់ ត្រូវបានរដ្ឋាភិបាលថៃ ដឹកបញ្ចូនតាមឡានឱ្យត្រឡប់មកវិញម្ដងរួចមកហើយ។ ពលករមួយចំនួនមកវិញ ដោយគ្មានសល់ប្រាក់ជាប់នឹងខ្លួន ដោយសារតែ ថៅកែបើកប្រាក់មិនទាន់ និងខ្លះទៀត មិនបានបើកឱ្យតែម្ដង៕