loader
ក្រសួងមហាផ្ទៃទំនងមិនចាត់វិធានការលើ

អង្គការ​បួន​នៅ​អាស៊ី​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ច្បាប់​អន្តរជាតិ​ករណី​បន្ទប់​ស្ថានការណ៍(មានសំឡេង)​

អង្គការបួននៅតំបន់អាស៊ី សម្ដែងការព្រួយបារម្ភចំពោះការគំរាមបើកស៊ើបអង្កេតទៅលើសកម្មភាព និងភាពស្របច្បាប់នៃបណ្ដុំបន្ទប់ស្ថានការណ៍ដែលឃ្លាំមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅប្រទេសកម្ពុជា កាលពីថ្ងៃទី ៤ មិថុនា ដោយបានទទូចឱ្យរដ្ឋាភិបាលកម្ពុជាគោរពអនុសញ្ញាអន្តរជាតិ ស្ដីពី សិទ្ធិស៊ីវិល និងនយោបាយ។រាយការណ៍ជូនដោយកញ្ញា ជុំ ជោគជាតា៖

សមាជិកនៃបន្ទប់ស្ថានការណ៍ធ្វើសន្និសីទស្តីពីការរាប់សន្លឹកឆ្នោតឡើងវិញ។
សមាជិកនៃបន្ទប់ស្ថានការណ៍ធ្វើសន្និសីទស្តីពីការរាប់សន្លឹកឆ្នោតឡើងវិញ។

អង្គការទាំងបួននេះ រួមមាន អង្គការបណ្ដាញប្រជាធិបតេយ្យអាសា ADN, វេទិកាអាស៊ានដើម្បីប្រជាធិបតេយ្យនិងការអភិវឌ្ឍ (Forum-Asia), បណ្ដាញអាស៊ានដើម្បីការបោះឆ្នោតដោយសេរី (Anfrel) និងសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេហ៍ (SEAPA)។

សេចក្ដីថ្លែងការណ៍រួមរបស់អង្គការនេះ ផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ទី៣០ មិថុនា។ សេចក្ដីថ្លែងការណ៍បានលើកឡើងថា ការគំរាមនេះនាំទៅរកការបង្ក្រាបដែលរារាំងសកម្មភាពស្របច្បាប់របស់សង្គមស៊ីវិល និងបង្កើតឲ្យមានការគំរាមកំហែងធ្ងន់ធ្ងរដល់លទ្ធភាពរបស់អង្គការសង្គមស៊ីវិលក្នុងការតាមដានការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។

អង្គការអន្តរជាតិទាំងបួននេះ បានទទូចថា ជាការពិតរដ្ឋាភិបាលគួរតែបន្តលើកទឹកចិត្តខ្លាំងថែមទៀតដល់ក្រុមអង្គការនេះនៃបន្ទប់ស្ថានការណ៍ដែលបានចូលរួមជួយកិច្ចការសង្គម។ តែផ្ទុយទៅវិញបើរដ្ឋាភិបាលកម្ពុជាមានវិធានការមែននោះ គឺជា     ទង្វើមួយរំលោភលើអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល និងនយោបាយ ដែលកម្ពុជាជារដ្ឋភាគីហត្ថលេខីមួយដែរ ដែលត្រូវមានកាតព្វកិច្ចសិទ្ធិសម្ដែងមតិ និងការប្រមូលផ្ដុំដោយសន្តិវិធី។

ក្រុមអង្គការទាំងនេះ ក៏បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាត្រូវធានាឱ្យបាននូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តសិទ្ធិសេរីភាពនយោបាយនៅកម្ពុជា ដោយចាត់ទុកបន្ទប់ស្ថានការណ៍ គឺជាក្រុមអ្នកសង្កេតការណ៍បោះឆ្នោតដូច ក្រុមអ្នកសង្កេតការណ៍ឯទៀតដែរ។

យ៉ាងណាក៏ដោយអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ី ផាន យល់ថា រឿងបន្ទប់ស្ថានការណ៍រាជរដ្ឋាភិបាលមានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តទៅលើដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីស្រាវជ្រាវថាតើ បន្ទប់ស្ថានការណ៍ជាបន្ទប់មួយដែលបង្កើតឡើងដោយស្របច្បាប់ ឬមួយយ៉ាងណា។ហើយការសម្រេចក្ដីក្នុងរឿងនេះ គឺ តុលាការ។

លោក ផៃ ស៊ីផាន ៖ «ខ្ញុំឃើញថា យើងទាំងអស់គ្នានិយាយពីច្បាប់ទាំងអស់គ្នាទៅ តើការរៀបចំខ្លួន ការប្រព្រឹត្តិទៅរបស់ខ្លួននឹងតើត្រឹមត្រូវដែរទេ ហើយអ្នកដែលនិយាយថាខុស ឬត្រូវ មានតុលាការ»។

តាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន គឺ បន្ទប់ស្ថានការណ៍ មិនមែនជាស្ថាប័នព្រះមហាក្សត្រ ដែលប៉ះមិនបាននោះទេ។

លោក ផៃ ស៊ីផាន ៖ «រាជរដ្ឋាភិបាលគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួន ដើម្បីពិនិត្យមើលថាតើ វាសមស្របច្បាប់ឬមិនសមស្របច្បាប់តែប៉ុណ្ណឹង មិនអង្គការទាំងនោះតាំងខ្លួនជាស្ថាប័នកំពូលប៉ះមិនបាននោះទេ គឺមិន»។

បន្ទប់ស្ថានការណ៍ត្រូវបានបង្កើតឡើងដោយអង្គការក្នុងស្រុកចំនួន៤០ រួមជាមួយខុមហ្វ្រែល និងនិកហ្វិច ដែលជាអង្គការមានបទពិសោធន៍លើការងារបោះឆ្នោត។ គោលបំណងនៃការបង្កើតបន្ទប់ស្ថានការណ៍នេះគឺដើម្បីសង្កេតការណ៍បោះឆ្នោត ចែករំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងការបោះឆ្នោត ព្រមទាំងវាយតម្លៃនិងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត។

នៅថ្ងៃទី២៤ មិថុនា គឺមួយថ្ងៃមុន គណៈកម្មាធិការ ប្រកាសលទ្ធផលផ្លូវការណ៍បន្ទប់ស្ថានការណ៍បានបញ្ចេញការវាយតម្លៃប៉ាន់ស្មានរបស់ខ្លួន ដោយរកឃើញថា ៖ការបោះឆ្នោតនៅ កម្ពុជាមិនទាន់អាចចាត់ទុកបានថាជាការបោះឆ្នោតដោយសេរី និងត្រឹមត្រូវពេញលេញបានទេ។

បញ្ហាដែលបន្ទប់ស្ថានការណ៍រកឃើញនោះរួមមាន ការគាបសង្កត់ខាងនយោបាយ, កង្វះឯករាជ្យភាពខាងតុលាការ, ការប្រើប្រាស់ធនធានជាតិសម្រាប់ការបោះឆ្នោតមិនបានត្រឹមត្រូវ និងការគំរាមកំហែងទៅលើអង្គការសង្គមស៊ីវិល ដោយអាជ្ញាធររដ្ឋាភិបាល។

កាលពីថ្ងៃទី ២៩ មិថុនា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង ឲ្យពិនិត្យផ្លូវច្បាប់ ដើម្បីចាត់វិធានការណ៍លើបន្ទប់ស្ថានការណ៍នេះ។ តែសម្ដេចស ខេង ដែលអ្នកសារព័ត៌មានចោមរោមសួរ លោកមានប្រសាសន៍ថា អាស្រ័យភាពនៃការសិក្សាអំពីផ្លវច្បាប់។

កាលពីថ្ងៃសុក្រទី៣០មថុនា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានប្រាប់វិទ្យុស្ត្រី ថា ក្រសួងទំនងមិនចាត់ វិធានការលើ«បន្ទប់ស្ថានការណ៍»នោះទេ បន្ទាប់ពីបណ្តុំអង្គការមួយនេះ បានរំលាយខ្លួនឯង រួចទៅហើយ។ លោកបន្ដថា ដូចជាក្រុមលេងល្បែងមួយក្រុម ដែលសមត្ថកិច្ចប៉ុនប៉ងចាប់ ហើយត្រូវបានគេរំសាយបានមុន។

លោក ខៀវ សុភ័គ« អាហ្នឹងដូចជាមនុស្សវាទៅលេងប៊ៀ យើងដឹងថាវាទៅលេងប៊ៀហើយ បើយើងទៅចាប់វាកំពុងលេងនោះវាមិនអីទេ តែឥឡូវវារំសាយអស់ហើយ។ ដូចពូប្រាប់អញ្ចឹងវានាំគ្នារត់អស់ហើយទៅចាប់វាយ៉ាងម៉េច»។

យ៉ាងណាក៏ដោយលោកថា ជាទិដ្ឋភាពច្បាប់ក្រសួងអាចចេញលិខិតណែនាំមិនឲ្យអង្គការទាំងនោះបង្កើតបណ្ដុំអង្គការបែបនេះទៀតទេ នៅការបោះឆ្នោតឆ្នាំ២០១៨។

លោក សម គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច មានប្រសាសន៍ថា ប្រសិនមានការណែនាំមិនឲ្យបង្កើតបណ្តុំអង្គការអង្កេតការណ៍លើកការបោះឆ្នោតមែននោះ ក្រុមអង្គការសង្គមអាចនឹងលើកសំណើដើម្បីជួបពិភាក្សាផ្ទាល់ជាមួយក្រសួងមហាផ្ទៃ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x