ភ្នំពេញ៖សមាគមការពារសិទ្ធិមនុស្សអាដហុកនៅរសៀលថ្ងៃនេះ បានប្រារព្ធពិធីរំដោះគ្រោះបណ្តេញចង្រៃឧបទ្រុបជូនមន្ត្រីរបស់ខ្លួនដែលទើបនឹងដោះលែងបណ្តោះអាសន្នពីពន្ធនាគារ។ក្តីរំភើបរីករាយ ការស្វាគមគ្នាទៅវិញទៅកមបានកើតឡើងជាមួយនឹងការប្តេជ្ញាចិត្តបំពេញការងារក្រោយពីបានស្ថិតនៅក្រៅឃុំ។កញ្ញា ច្រឹក ស្រីអូន ជូនសេចក្តីរាយការណ៍៖
នៅក្នុងទីធ្លាមុខទីស្នាក់ការកណ្តាលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខាងត្បូងផ្សារធំថ្មី រាជធានីភ្នំពេញ សកម្មជនការពារសិទ្ធិមនុស្សចំនួនបួនរូបដែលទើបនឹងត្រូវដោះលែងថ្មីៗបំផុតកាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញបានប្រមូលផ្តុំគ្នាដើម្បីដើម្បីប្រារព្ធពិធីសូត្រមន្ត្ររំដោះគ្រោះ ដេញឧបទ្រុបចង្រៃ។
ពិធីសាសនាធ្វើឡើងនៅរសៀលថ្ងៃសុក្រនេះ ក្រោយពីពួកគេត្រូវស្ថិតក្នុងមន្ទីរឃុំឃាំងអស់រយៈពេល៤២៧ថ្ងៃ។មានការធ្វើរូបមនុស្សអំពីអង្ករចំនួនប្រាំ ដែលតំណាងឲ្យមន្ត្រីសិទ្ធិមនុស្សទាំងបួនរួបមានលោកនី សុខា លោកយី សុខសាន លោកស្រីលឹម មុន្នី និងលោកណៃ វ៉ង់ដា និងរូបមួយទៀតតំណាងឲ្យលោកនី ចរិយា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែ លោក នី ចរិយា មិនមានវត្តមាននោះទេ ដោយសារមានធុរៈផ្ទាល់ខ្លួន។ ព្រះសង្ឃចំនួនបួនអង្គ គង់នៅពីមុខរូបតំណាងទាំងប្រាំដែលធ្វើពីអង្ករនេះ។
លោកស្រី លឹម មុន្នី ពាក់អាវស ស្លៀកសំពត់ខ្មៅ សំដែងទឹកចិត្តសប្បាយរីករាយពេលបានវិលមកកាន់ការិយល័យការងារដែលអ្នកស្រីបានចាកចេញអស់រយៈពេលជាង១ឆ្នាំមកនេះ។
រាងស្គាំងស្គមបន្តិច លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សមិនអាចលាក់អារម្មណ៍របស់ខ្លួនឡើយនេះរសៀលថ្ងៃនេះ។
មនុស្សប្រមាណ ១០០ នាក់បានចូលរួមក្នុងពិធីសូត្រមន្តរំដោះគ្រោះនៃសមាគមការពារសិទ្ធិមនុស្សអាដហុកនេះ។ក្នុងនោះមានសកម្មជនដីធ្លីមកពីសហគមន៍ផ្សេងក្នុងរាជធានីភ្នំពេញ លោកស្រីមួរ សុខហួរ តំណាងរាស្ត្រ គណបក្សប្រឆាំង ផងដែរ។
ក្នុងសម្លៀកបំពាក់អាវស ទឹកមុខញញឹមតិចៗ លោក យី សុខសាន្ត មន្ត្រីអាដហុកមួយរូបទៀតហាក់បីដូចជានឹករលឹកការិយាល័យរបស់លោកជាងអ្វីៗទាំងអស់។
ក្រុមបុគ្គលិករបស់សមាគមអាដហុក ហាក់សំដែងភាពកក់ក្តៅដល់សហការីរបស់ពួកគេក្រោយពីត្រូវដោះលែងពីពន្ធនាគារ។
លោកសំ ចន្ទ័គា ជាបុគ្គលិកនិងជាអ្នកនាំពាក្យសមាគមនេះ។
បុគ្គលិកដទៃទៀតមិនបានលាក់លៀមអារម្មណ៍របស់ខ្លួនទេ។ ជាក់ស្តែងដូចជាលោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកសិទ្ធិស្ត្រីនិងកុមារ នៃសមាគមអាដហុក ជាដើម។ លោកស្រី ស្វាគមប្រធានផ្នែកសិទ្ធិស្ត្រីនិងកុមារ របស់លោកស្រីគឺ លោកស្រី លឹម មុន្នី។ លោកស្រីរំលឹកអំពីអនុស្សាវរីយ៍ជាច្រើនដែលលោកស្រីបានធ្វើការរួមគ្នា៕