ភ្នំពេញ៖ មន្រ្តីសមាគមអាដហុកដែលត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នសម្តែងការសប្បាយចិត្តដែលពួកគេបានឈានជើងដល់កន្លែងដែលពួកគេធ្វើការពីមុន។
ក្នុងចំណោមពួកគាត់ ទាំង៤រូបនោះ គឺលោក យី សុខសាន្ត ដែលជាមន្ត្រីសមាគមអាដហុក មួយរូប មានប្រសាសន៍ថា នៅពេលដែលលោកបានឈានជើងដល់ការិយាល័យរបស់លោក ភ្លាម លោកមានអារម្មណ៍សប្បាយចិត្ត។
លោកសប្បាយចិត្តដោយសារតែលោកបានជួបមិត្តចាស់ៗដែលបានបែកគ្នាអស់រយៈពេលជាយូរមកហើយនោះ។ លោក យី សុខ សាន្ត «អ្វីដែលយើងសប្បាយចិត្តត្រង់ថាប្រហែលជាតុលាការគេចាត់ទុកថាយើងធ្វើការហ្នឹងវាមិនមានទោសពៃអីទេបានជាគេដោះលែងឱ្យយើងនៅក្រៅឃុំ»។
ចំណែក លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតដែលត្រូវបានតុលាការដោះលែងនោះ បានសម្តែងអារម្មណ៍មិនខុសពីលោក យី សុខសាន្តនោះទេ។ «មានអារម្មណ៍ទីមួយផ្លែក ផ្លែកត្រង់ថាការិយាល័យខ្ញុំពេលដែលខ្ញុំចេញទៅនោះកំពុងជួសជុលមិនទាន់ស្អាត បាតអញ្ចឹងទេ តែឥលូវការិយាល័យខ្ញុំស្អាតជាងមុន ទីពីរ យើងបានមកជួបមិត្តភក្រយើងពីមុនមកយើងខានជួបមួយឆ្នំាជាងយើងមានអារម្មណ៍មួយផ្លែក»។
ទោះបីជាមានការដោះយ៉ាងនេះក្តីលោកស្រី លឹម មុន្នី ដែលជាស្រ្តីបម្រើការងារទៅលើសិទ្ធិ ស្រ្តី និងកុមារ ហាក់បីដូចជាសប្បាយចិត្តផង មិនស្បាយចិត្តផងព្រោះការដោះលែង ស្ថិតក្រោមការតាមដាន។ «ខ្ញុំក៏មានអារម្មណ៍ការសប្បាយរីករាយធម្មតាទេមនុស្សដែលឃុំជាងមួយឆ្នំាហើយត្រូវបានដោះលែងបានគេងផ្ទះមួយយប់បានមកជួបជុំកូនចៅក៏ប៉ុន្តែក៏យើងមិនទាន់សប្បាយទាំងស្រុងនោះទេព្រោះអីនេះឱ្យយើងនៅក្រៅឃុំបណ្តោះអាសន្នស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ»។
ទាក់ទងការរស់នៅក្នុងពន្ធនាគាររយៈពេលជាង១ឆ្នំានេះ លោក យី សុខសាន្ត មានប្រសាសន៍ ថាមន្រ្តីពន្ធនាគារមិនបានរឹតត្បិតសេរីភាពពួគគាត់នោះទេ «នៅក្នុងពន្ធនាគារបើសម្រាប់ពួកយើងដែលធ្វើការសង្គមស៊ីវិលឬអ្នកនយោបាយហាក់បីដូចជាគេមិនរឹតត្បិតសម្រាប់ពួកយើងទេ គឺគេផ្តល់ឱកាសឱ្យពួកយើងច្រើនបានចេញហាត់ប្រាណ»។ ដោយទ្បែកលោក នី សុខា ក៏លើកទ្បើងមិនខុសគ្នានោះដែរ «អ្នកគ្រប់គ្រងនៅពន្ធនាគារក្នុងមួយរយៈកាលនេះគាត់ក៏បានមើលការខុសត្រូវយើង យកចិត្តទុកដាក់ពួកយើងខ្លះដែរ ប៉ុន្តែទោះបីយ៉ាងណាក៏នៅពន្ធនាគារយើងនៅមិនទាន់មានស្តង់ដាត្រឹមត្រូវដែរនេះហើយជាការលំបាករបស់ពួកយើង»។
ចំណែកលោកស្រី លឹម មុន្នី វិញក៏លើកដូច្នេះផងដែរ «សូមអរគុណខាងអនុរក្សពន្ធនាគារក៏ដូចជាមន្រ្តីគ្រប់គ្រង ឆ្មាំអីទំាងអស់គាត់មានការអនុវត្តច្បាប់បានល្អប្រសើរច្រើន គាត់បានអោយយើងអាចចេញហាត់ប្រាណ»។
លោក យី សុខ សាន្ត សង្កត់ធ្ងន់ថាលោកនឹងគោរពតាមនីតិវីច្បាប់ដែលបានកំណត់ តែលោក សង្ឃឹមថាតុលាការនឹងផ្តល់យុត្តិធម៌ដល់មន្រ្តីសមាគមអាដហុក និងអគ្គលេខាធិការរង គ. ជ. ប ផងដែរ «ទោះបីតុលាការបានសម្រេចឱ្យពួកពូនៅក្រៅឃុំក៏ពិតមែនតែពួកពូនឹងសន្យាចូលទៅតាមនីតិវិធីរបស់តុលាការនៅពេលដែលតុលាការកោះហៅពូពីព្រោះថាពូធ្វើការងារសិទ្ធិមនុស្សផ្នែកខាងច្បាប់ អញ្ចឹងពូត្រូវគោរពតាមច្បាប់ ពូកពូសង្ឃឹមថាតុលាការច្បាស់ជាផ្តល់យុត្តិធម៌ដល់ពួកពូដែលធ្វើការទៅលើសិទ្ធិមនុស្ស»។
ត្រង់ចំនុច លោក ស្រី លឹម មុន្នីក៏សង្ឃឹមដែរថាតុលាការ នឹងលើកលែងការចោទប្រកាន់ ទៅលើពួកគាត់ «ខ្ញុំនៅតែសង្ឃឹមថាតុលាការនឹងធ្វើការលើកលែងការចោទប្រកាន់ដល់ខ្ញុំហើយស្ថានភាពពេលនោះយើងនឹងតាមដានបន្តទៅទៀត»។
ទោះបីជាយ៉ាងណាក៏ដោយចុះលោក នី សុខា យល់ឃើញថាពួកលោកនឹងត្រូវ បានលើក លែងការចោទប្រកាន់ដោយសង្គមមួយត្រូវការយុត្តិធម៌ «អ្វីៗវានឹងប្រែប្រួលពីភាពខ្វះយុត្តិធម៌ទៅភាពដែលមានយុត្តិធម៌ពីព្រោះសង្គមវាមិនអាចរស់នៅដោយគ្មានភាពអយុត្តិធម៌បាននោះទេ»។
ពួកគាត់ត្រូវបានដោះលែងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី ២៩មិថុនា ឆ្នំា២០១៧ តាមរយៈដីកាបង្គាប់ឱ្យដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ចុះថ្ងៃទី ២៩ មិថុនា ឆ្នំា២០១៧ ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ។
ការដោះលែងនេះធ្វើទ្បើងមុនការប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់ពួកគេដែលនាំឱ្យ មានភ្ញាក់ផ្អើរ និងផ្ដើមឱ្យមានការចោទសួរថាតើមូលហេតុនេះមានអ្វីនៅពីក្រោយ ហើយ កន្លងមកមានការកៀបសង្កត់អ្វីខ្លះបានឈានដល់ស្ថានការណ៍បែបនេះ។
ទាំងលោក នីចរិយា មន្ត្រីគ.ជ.ប លោក នីសុខា លោកយីសុខសាន្ត លោកណៃវង់ដា និង លោកស្រីលឹម មុនី ដែលជាអ្នកការសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បាន ជាប់ខ្លួនក្នុងសំណុំរឿងសូកប៉ាន់ នាងខុម ចាន់តារាទី ហៅស្រីមុំ មានចំនួន៤២៧ថៃ្ង៕