en     km
en     km

សហគមជាតិ​និង​អន្តរជាតិ​សាទរ​​ការដោះលែង​មន្ត្រីសិទ្ធិ​មនុស្ស​និង​គ.ជ.ប

Share

ភ្នំពេញ៖ មួយថ្ងៃក្រោយពីការដោះលែងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក សហគមន៍ជាតិនិងអន្តរជាតិបានសំដែងការសាទរដោយរំពឹងថាការដោះលែងនេះនឹងជួយបន្ធូរបន្ថយបរិយាកាសនយោបាយនៅក្នុងប្រទេសកម្ពុជាមុនការបោះឆ្នោតសកលនៅឆ្នាំក្រោយ។ ដោយឡែកលោកធន់ សារ៉ាយ ប្រធានសមាគមអាដហុកស្នើឲ្យតុលាការលើកលែងការចោទប្រកាន់លើបុគ្គលិកនិងអតីតបុគ្គលិករបស់ខ្លួន។

មន្រ្តីសមាគមអាដហុកលោក នី សុខា (ឆ្វេង) ណៃ វង់ដា(កណ្តាល) យី សុខ សាន្ត (ស្តំា) នៅថ្ងៃពិធីសូត្រមន្តរំដោះគ្រោះនៅទីស្នាក់ការអាដហុក ថ្ងៃទី ៣០ ខែមិថុនា ឆ្នំា ២០១៧។
មន្រ្តីសមាគមអាដហុកលោក នី សុខា (ឆ្វេង) ណៃ វង់ដា(កណ្តាល) យី សុខ សាន្ត (ស្តំា) នៅថ្ងៃពិធីសូត្រមន្តរំដោះគ្រោះនៅទីស្នាក់ការអាដហុក ថ្ងៃទី ៣០ ខែមិថុនា ឆ្នំា ២០១៧។

សហរដ្ឋអាមេរិកបានស្វាគមការដោះលែងមន្ត្រីសមាគមអាដហុកនិងមន្ត្រីគ.ជ.បជាបណ្តោះអាសន្ន ដោយចាត់ទុកថាសេចក្តីសម្រេចចិត្តនេះនឹងជួយបន្ធូរបន្ថយសម្ពាធលើគេនិងក្រុមគ្រួសារពួកគេ។

ក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃសុក្រនេះគឺមួយថ្ងៃក្រោយពីក្រុមមន្ត្រីទាំងនោះត្រូវបានដោះលែង ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ការសំរេចចិត្តតាមផ្លូវច្បាប់នេះ នឹងកាត់បន្ថយបន្ទុកដែលមានទៅលើចុងចោទ និងគ្រួសាររបស់គេ ក្នុងពេលដែលគេប្រឈមមុខដោះស្រាយចំពោះបណ្តឹងចោទប្រកាន់ចំពោះរូបពួកគេ»។

មន្រ្តីអាហុកទាំងបួនរូប រួមមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន និងលោកស្រី លឹម មុន្នី ព្រទាំងមន្រ្តី គ ជ ប មួយរូបគឺលោក នី ចរិយា ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ទី ២៩ មិថុនា ម្សិលមិញ ក្រោយពីឃុំខ្លួនពួកគេអស់រយៈពេល ៤២៧ថ្ងៃ។

មន្រ្តីអាដហុកបួនរូប ត្រូវបានជាប់ចោទពីបទសូកប៉ាន់សាក្សីនិងអគ្គលេខាធិការរង គ ជ ប ជាប់ចោទពីបទសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងក្តីក្តាំស្នេហាលួចលាក់រវាងនាង ខុម ចាន់តារ៉ាទី និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

ទោះបីជាកំពុងស្ថិតនៅក្រៅប្រទេស លោក ធន់ សារ៉ាយ ប្រធានសមាគមអាដហុក បានបង្ហោះវីដេអូឃ្លីបមួយដែលមានរយពេលជាងពីរនាទីនៅលើបណ្តាញសង្គមហ្វេសប៊ុកពីប្រទេសកាណាដា នៅថ្ងៃទី៣០ មិថុនានេះ សាទរចំពោះបុគ្គលិករបស់ខ្លួនមានសេរីភាពក្នុងការជួបជុំគ្រួសាររបស់ពួគគាត់។

ប៉ុន្តែលោកធន់ សារ៉ាយ ចង់ឃើញ តុលាការក្រុងភ្នំពេញទម្លាក់ការចោទប្រកាន់ទាំងស្រុងទៅលើបុគ្គលិក និងអតីតបុគ្គលិកអង្គការអាដហុកទំាងប្រំារូបនេះ។

នៅថ្ងៃនេះដែរ លោក សួស យ៉ារ៉ា តំណាងរាស្ត្រនិងជាអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានសម្តែងការស្វាគមក្នុងនាមឲ្យគណបក្សកាន់អំណាចចំពោះការដោះលែងមន្រ្តីការពារសិទ្ធិមនុស្សទំាងបួនរូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះដែរ។

ដូចគ្នានេះដែរ គណបក្សសង្រ្គោះជាតិ បានសេចក្តីថ្លែងកា នៅរសៀលថ្ងៃសុក្រនេះ ដោយបានសំដែងការចែករំលែកសេចក្តីត្រេកអរ ជាមួយក្រុមគ្រួសាររបស់សកម្មជនសិទ្ធិមនុស្សនិងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងប្រាំរូប។

គណបក្សប្រឆំាង សង្ឃឹមថា ការដោះលែងមន្រ្តីអាដហុកទំាំងបួនរូប និងមន្រ្តីគ.ជ.ប«ជាជំហានថ្មីមួយ» ដើម្បីឈានទៅរកស្ថានភាពនយោបាយកាន់តែល្អប្រសើរឡើង ក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅឆ្នំា ២០១៨៕

Share

ព័ត៌មានទាក់ទង

Image