កាស៊ីណូម៉ាកាវ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានទទួលរងការខូចខាតប្រមាណ៩០ភាគរយ ក្នុងគ្រោះអគ្គីភ័យកាលពីរសៀលថ្ងៃព្រហស្បត្តិ៍។

នេះបើតាមការវាយតម្លៃរបស់លោក នេត វ៉ាន់ថា ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យនៃក្រសួងមហាផ្ទៃ ដែលបានប្រាប់វិទ្យុស្រ្តី នៅថ្ងៃសុក្រនេះ។
អគ្គីភ័យបានចាប់ផ្តើមឆាបឆេះអគារស្នាក់នៅរបស់បុគ្គលិកនៃកាស៊ីណូ ម៉ាកាវ នៅវេលាម៉ោងប្រមាណ២រសៀល។ ហើយក្រុមអជ្ញាធរបានប្រើប្រាស់រយៈពេលបីម៉ោងដើម្បីបង្ក្រាបអគី្គភ័យនេះបានទាំងស្រុង។ពុំមានមនុស្សស្លាប់ និងរបួសនោះទេ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីផ្លូវការដដែល។
លោកនេត វ៉ាន់ថា បានឱ្យដឹងថា មូលហេតុដែលបង្កឱ្យអគ្គីភ័យនេះកើតឡើង នៅមិនទាន់ដឹងនៅឡើយ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ តែយ៉ាងមិញលោកបានឱ្យថា បើតាមបុគ្គលនៅទីនោះ វាអាចបណ្តាលមកពីផ្កាភ្លើង ជាងផ្សារដែក៕
Post Views: 718