ភ្នំពេញ៖ ស្ត្រីដែលឡើងកាន់តួនាទីជាមេឃុំ និង ចៅសង្កាត់បានកើនឡើងប៉ុន្តែចំនួនស្ត្រីនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់មានការធ្លាក់ចុះ។ កត្តានេះធ្វើឲ្យក្រុមអង្គការដែលធ្វើកិច្ចការ លើកស្ទួយស្ត្រីក្នុងវ័យនយោបាយមានការខកចិត្ត។
ស្ត្រីដែលបានជាប់ឆ្នោតឡើងកាន់តួនាទីជាមេឃុំនិងចៅសង្កាត់កើនបានចំនួន ៣៣រូបនៅឆ្នាំ២០១៧នេះ បើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីប្រាំឆ្នាំមុន។ ប៉ុន្តែចំនួនស្ត្រីដែលជាប់ឆ្នោតក្នុងក្រុមប្រឹក្សាឃុំសង្កាត់បានធ្លាក់ចុះវិញ។ គឺបានធ្លាក់ចុះពីចំនួន ២០៣៨ នាក់ នៅឆ្នាំ២០១២ មកត្រឹមចំនួន ១៩៤០ នាក់ នៅឆ្នាំ២០១៧។ ពោលគឺចំនួនស្ត្រីក្នុងក្រុមប្រឹក្សាឃុំសង្កាត់បានធ្លាក់ចុះចំនួន ៩៨នាក់។
នេះបើយោងតាមរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការក្នុងការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ដែលបានដាក់បង្ហាញក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្នុងរាជធានីភ្នំពេញ។
កញ្ញា សេង រាសី អ្នកសម្របសម្រួលគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយបានថ្លែងថា កញ្ញាខកចំពោះការធ្លាក់ចុះនៃចំនួនស្ត្រីក្នុងអំណាចមូលដ្ឋាននេះ។ «គួរឲ្យសោកស្ដាយដូចយើងបានជម្រាបជួនអញ្ចឹង បើទោះបីជាចំនួនមេឃុំស្ដ្រីមានការកើនឡើង ក៏ប៉ុន្ដែចំនួនជារួមតែម្ដងនៃសមជិកក្រុមប្រឹក្សាឃុំសង្កាត់មានការធ្លាក់ចុះ»។
ជាមួយគ្នានេះដែរលោកស្រី សឺន កេតសិរីលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំនិងយេនឌ័រ អង្គការខុមហ្វ្រែល បានស្តីបន្ទោសដល់គណបក្សនយោបាយនិងរដ្ឋាភិបាលក្នុងការខកខានការចាប់អារម្មណ៍ក្នុងការផ្តល់តម្លៃដល់ស្ត្រីសម្រាប់ឱកាសដឹកនាំក្រុមប្រឹក្សាឃុំសង្កាត់នេះ។«យោងតាមលទ្ធផលបោះឆ្នោតបានបង្ហាញឲ្យឃើញថា ការចូលរួមរបស់ស្ដ្រីដែលក្លាយជាអ្នកជាប់ឆ្នោតតំណាងនៅថ្នាក់មូលដ្ឋាន មានការថយចុះតិចតូច ក្នុងការក្លាយទៅជាអ្នកបំរើនៅថ្នាក់មូលដ្ឋានឃុំសង្កាត់ បើប្រៀបធៀបទៅនឹងអាណត្ដិមុនៗ»។
ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា ការធ្លាក់ចុះនៃចំនួនស្ត្រីក្នុងក្រុមប្រឹក្សាឃុំសង្កាត់ដោយសារគណបក្សទាំងពីរ ដែលបានដណ្តើមបានអាសនៈឃុំសង្កាត់ច្រើនបំផុត បានដាក់បេក្ខភាពស្ត្រីតិច តួចក្នុងបញ្ជីឈ្មោះបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ពោលគឺបេក្ខភាពនារីរបស់គណបក្សប្រជាជនកម្ពុជាបានថយចុះធៀបនឹងការបោះឆ្នោតកាលពីឆ្នាំ២០១២។ ដោយឡែកគណបក្សសង្គ្រោះជាតិក៏មិនបានដាក់បេក្ខភាពស្ត្រីច្រើននោះដែរ។ បន្ថែមពីនេះទៀតក្រុមអង្គការសង្គមស៊ីវិលបានស្តីបន្ទោសដល់រដ្ឋាភិបាលដែលមិនមានសកម្មភាពច្រើនដើម្បីលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយថ្នាក់មូលដ្ឋាននេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានពន្យល់ថា ការដាក់បេក្ខភាពស្ត្រីគឺធ្វើតាមគោលការណ៍របស់បក្ស ហើយស្ត្រីត្រូវជ្រើសរើសដោយផ្អែកលើសមត្ថភាពរបស់ពួកគេ។
ជាមួយគ្នានេះ លោកស្រី មូរ សុខហូរ អនុប្រធានគណបក្សសង្គ្រោះជាតិ សារភាពថា គណបក្សសង្គ្រោះជាតិ ពិបាករកស្ត្រីឲ្យបានច្រើនមកឈរឈ្មោះ។ ប៉ុន្តែលោកស្រីគិតថា វាជាសញ្ញាវិជ្ជមានមួយនៅពេលដែលស្ត្រីបក្សប្រឆាំងបានជាប់ឆ្នោតច្រើនក្នុងការបោះឆ្នោតមូលដ្ឋានលើកនេះ៕