ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា ក្រសួងទំនងមិនចាត់ វិធានការលើ «បន្ទប់ស្ថានការណ៍»នោះទេ បន្ទប់ពីបណ្តុំអង្គការមួយនេះ បានរំលាយខ្លួនឯង រួចទៅហើយនោះ។
នៅទីបំផុតក្រសួងមហាផ្ទៃទំនងជាមិនមានវិធានការផ្លូវច្បាប់ណាមួយប្រឆាំងនឹង«បន្ទប់ស្ថានការណ៍»នោះទេ។លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ វិទ្យុស្រ្តីនៅថ្ងៃព្រហស្បត្តិ៍ទី២៩ មិថុនានេះថា «បន្ទប់ស្ថានការណ៍»ដែលប្រមូលផ្តុំដោយក្រុមអង្គការសង្គមស៊ីវិលចំនួនប្រមាណ ៤០ ដើម្បីតាមដាននឹងវាយតម្លៃលើការបោះឆ្នោតនោះ បានរំសាយខ្លួនឯងវិញទៅហើយ។
« អាហ្នឹងដូចជាមនុស្សវាទៅលេងប៊ៀ យើងដឹងថាវាទៅលេងប៊ៀហើយ បើយើងទៅចាប់វាកំពុងលេងនោះវាមិនអីទេ តែ ឥឡូវវារំសាយអស់ហើយ។ ដូចពូប្រាប់អញ្ចឹងវានាំគ្នារត់អស់ហើយទៅចាប់វាយ៉ាងម៉េច។»
កាលពីល្ងាចថ្ងៃពុធម្សិលមិញអង្គការតំណាងឱ្យ«បន្ទប់ស្ថានការណ៍»ចំនួនពីរគឺអង្គការ ខុមហ្វ្រែលនិងនិកហ្វិក បានចេញ សេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីសកម្មភាពរបស់ខ្លួនថា គឺឈរលើគោលការណ៍អព្យាក្រឹត្យ ឥតលំអៀង ហើយការ ដាក់ពង្រាយអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដោយមានការទទួលស្គាល់ពីគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតផងដែរ។
សេចក្តីថ្លែងការណ៍របស់តំណាងបន្ទប់ស្ថានការណ៍ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពី សម្តេច ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានបញ្ជាឱ្យក្រសួងមហាផ្ទៃ ពិនិត្យមើលភាពស្របច្បាប់លើបណ្តុំអង្គការនៃ«បន្ទប់ស្ថានការណ៍» បន្ទាប់ពីបណ្តុំ អង្គការនេះ បានចេញសេចក្តីថ្លែងការណ៍រួម ដោយវាយតម្លៃថា ការបោះឆ្នោតឃុំសង្កាត់កាលពីដើមខែមិថុនានេះគឺ «ខ្វះយុត្តិធម៌ និង មានការរឹតត្បិតសេរីភាពបញ្ចេញមតិ»។ សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលដែលសម្តេចនាយករដ្ឋមន្ត្រីចាត់ទុកថាជាការ«ខោកក្បាលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត»។ ស្ថាបន័បោះឆ្នោតជាតិនេះដែលបានប្រកាសថាការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសន្តិភាព ដោយ រលូននិងអាចទទួលយកបាន។
យ៉ាងណាលោកឧត្តមសេនីយ៍ ខៀវ សុភ័គ បន្ថែមថា ជាទិដ្ឋភាពផ្លូវច្បាប់ ក្រសួងអាចចេញលិខិតណែនាំ មិនឱ្យអង្គការទាំង នោះ បង្កើតបណ្តុំអង្គការបែបនេះទៀតទេ នៅការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ «តែគ្រាន់តែអ្វីដែលអាចធ្វើបាន គឺអត់ឱ្យ បើកអញ្ចឹងទៀតទេ នៅលើកក្រោយៗគ្មានអញ្ចឹងទៀតទេ ។ហើយវាល្អសម្រាប់ស្ថានភាពបោះឆ្នោត២០១៨ អាហ្នឹងវាអាច មានរូបភាពហ្នឹង»។
លោក សម គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច មានប្រសាសន៍ថា ប្រសិនមានការណែនាំមិនឲ្យបង្កើតបណ្តុំអង្គការ អង្កេតការណ៍លើកការបោះឆ្នោតមែននោះ ក្រុមអង្គការសង្គមអាចនឹងលើកសំណើរដើម្បីជួបពិភាក្សាផ្ទាល់ ជាមួយក្រសួង មហាផ្ទៃ។
« ចាំមើលបើក្រសួងចេញសេចក្តីណែនាំ យើងរងចាំមើលក្រសួងសិន បើមិនឱ្យយើងបង្កើតទៀតទេ យើងអាចពិនិត្យមើល លទ្ធភាព ឬក៏អាចធ្វើការតស៊ូមតិ សូមឱ្យមានឡើងវិញ»។
យ៉ាងណាក៏ដោយក្រុមអង្គការសង្គមស៊ីវិលតែងតែប្រមូលផ្តុំគ្នាជារៀងរាល់ការបោះឆ្នោតសំខាន់ៗ ដូចជាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដើម្បីធ្វើការត្រួតពិនិត្យ តាមដាននិងវាយតម្លៃ ដំណើរការ បោះឆ្នោតរួមគ្នាជាសំលេងតែមួយ។
ប៉ុន្តែនេះជាលើកទីមួយហើយដែលក្រុមអង្គការទាំងនេះទទួលរងការវាយប្រហារនិងការគំរាមចាត់វិធានការពីសំណាក់ សម្តេចនាយករដ្ឋមន្ត្រី៕