ភ្នំពេញ ៖ អង្គការ ខុមហ្វេ្រល និង អង្គការនិកហ្វិច បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា សកម្មភាពការងារ របស់បន្ទប់ស្ថានការណ៍លើការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៤ កន្លងទៅនេះ គឺឈរលើគោលការណ៍អព្យាក្រឹត្យឥត លំអៀង ហើយការដាក់ពង្រាយអ្នកសង្កេតការណ៍បោះឆ្នោតក៏មានការទទួលស្គាលពី គ ជ ប ផងដែរ។
ការប្រកាសនេះធ្វើឡើ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី សម្ដេចនាយករដ្ឋមន្ត្រី ណែនាំឱ្យ ក្រសួងមហាផ្ទៃ ពិនិត្យមើលភាព ស្របច្បាប់ របស់ បន្ទប់ស្ថានការណ៍ ស្ដីពីការបោះឆ្នោតនេះឡើងវិញ ដោយសម្ដេចព្រមាន ចាត់ការ តាមផ្លូវច្បាប់ ។
ការណែនាំ នេះ គឺបន្ទាប់ពីបណ្តុំអង្គដែលមានសមាជិករបស់ខ្លួនប្រមាណ ៤០ នេះ បានចេញសេចក្តីថ្លែងការណ៍រួម ដោយ ពិនិត្យឃើញថា ការបោះឆ្នោតឃុំសង្កាត់កាលពីដើមខែមិថុនានេះ«ខ្វះយុត្តិធម៌និងមានការរឹតត្បិតសេរីភាពបញ្ចេញមតិ»។
សម្តេចចាត់ទុកសេចក្តីថ្លែងនេះ ថា កំពុង«បង្កឲ្យមានបរិយាកាសអាប់អួរជុំវិញការប្រកាសលទ្ធផលនៃការបោះឆ្នោត»។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក៏បានបង្ហាញសកម្មភាពការងាររបស់បន្ទប់ស្ថានការណ៍ដែលរួមមាន៖
ការប្រមូលផ្តុំធនធាន ដើម្បីបង្កើនសមត្ថភាព និងការរួមចំណែកសហការជាមូលនិធិ ឬគាំទ្រ ដើម្បីដំណើរការផែនការដាក់ ពង្រាយអ្នកសង្កេតការណ៍ក្នុងស្រុកនៅថ្ងៃបោះឆ្នោត។
ចែករំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងការបោះឆ្នោតធ្វើការវាយតំលៃ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ដោយផ្អែកលើបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៤ ឆ្នាំ ២០១៧។
ក្នុងសេចក្តីថ្លែងការណ៍ដដែរនេះ អង្គការ ខុមហ្វ្រេល និងអង្គការ និចហ្វិច បញ្ជាក់ថា ខ្លួនបានប្រកាសបញ្ចប់សកម្មភាពការ ងារតាំងពីថ្ងៃទី ២៤ មិថុនា មកម្ល៉េះ។
បន្ទប់ស្ថានការណ៍បានចេញរបាយការណ៍ អង្កេតរបស់ខ្លួន កាលពីថ្ងៃទី២៤មថុនា មុនមួយថ្ងៃនៃការ ប្រកាស លទ្ធផលបោះ ឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបាបគជប ប្រកាសជាផ្លូវការ។
បន្ទប់ស្ថានការណ៍បានរកឃើញ គុណសម្បត្តិផងនិងគុណវិបត្តិផងនៃដំណើរការបោះឆ្នោតក្នុងនោះបានលើកឡើងអំពី បរិយាការគំរាមកំហែង ផ្នែកនយោបាយ ៕