ភ្នំពេញ៖ អង្គការសហប្រជាជាតិចាប់ផ្តើមពិនិត្យរបាយការណ៍ត្រួតពិនិត្យជាសាកលតាមកាលកំណត់អំពីសិទ្ធិ មនុស្ស(UPR)ក្នុងវិស័យសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា។ ការពិនិត្យនេះ នឹងធ្វើទ្បើងតាមរយៈ ការធ្វើ សិក្ខា សាលារយៈពេល២ថ្ងៃនៅកម្ពុជា។
មន្ត្រីអង្គការសហប្រជាជាតិបានសាកសួររដ្ឋាភិបាលអំពីការអនុវត្តអនុសាសន៍របស់ខ្លួនស្តីពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបជាមួយលោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជានៅព្រឹកថ្ងៃពុធទី២៨ ខែមិថុនា នេះក្នុង រាជធានីភ្នំពេញ លោក ហេនស៍ ហ៊្វ្រីដឡាន់ដ៍ (Hans Fridlund) នាយកកម្មវិធីរបស់ របាយការណ៍ត្រួតពិនិត្យជាសាកល តាមកាលកំណត់អំពីសិទ្ធិមនុស្ស (UPR) បានស្វែងយល់ពីប្រសិទ្ធិភាព នៃការអនុវត្តន៍អនុសាសន៍ របស់អង្គការ សហប្រជា ជាតិស្តីពីសិទ្ធិមនុស្ស។ នេះបើតតាមអ្នកនំាពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អន បានប្រាប់វិទ្យុស្រ្តី ក្រោយ ពីជំនួប។ «គាត់សួរថាតើបន្ទាប់ពីទទួលអនុសាសន៍ឆ្នំា២០១៤មកហ្នឹងតើរដ្ឋាភិបាលកម្ពុជាយើងបាន ចាត់វិធានការអនុវត្តន៍ UPR ដល់ណាហើយទី២គាត់ចង់ដឹងថាតើយើងមានកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធយ៉ាងណាដែរ»។
UPR ដែលជាផ្នែកមួយរបស់ អង្គការសហប្រជាជាតិបានដាក់ អនុសាសន៍កាលពីឆ្នំា២០១៤ អោយប្រទេសកម្ពុជាចំនួន២០៥ អនុសាសន៍ក្នុងចំណោមអនុសាសន៍ទាំងនោះ ភាគីកម្ពុជាទទួលយកតែ១៦៣អនុសាសន៍ប៉ុណ្ណោះ ចំណែក៣៨ អនុសាសន៍ ទៀតកម្ពុជាពិចារណា និង ៤ អនុសាសន៍ទៀតកម្ពុជា បដិសេធមិនទទួល យកដោយសារមិនស្របតាមរដ្ឋ ធម្មនុញ្ញកម្ពុជា។
អនុសាសន៍១៦៣នេះផ្តោតសំខាន់ទៅលើ១២ចំនុចសំខាន់ៗដូចជា៖បញ្ហាកំណែទម្រង់ច្បាប់ប្រព័ន្ធយុត្តិធម៌ បញ្ហាដីធ្លី បញ្ហាសិទ្ធិមនុស្សជាតិ បញ្ហាសិទ្ធិសញ្ញា ជាដើម។
បើតាមអ្នកនាំពាក្យដដែលលោក កត្តា អន លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបថាបន្ទាប់ ពីទទួលបានអនុសាសន៍ពីអង្គការសហប្រជាជាតិ គណៈកិម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបប្រជុំជាមួយក្រសួងស្ថាប័ន ពាក់ ព័ន្ធប្រមាណ១៧ស្ថាប័នដើម្បីចូលរួមអនុវត្តន៍អនុសាសន៍ទាំងនោះ។
ប៉ុន្តែមន្ត្រីអ្នកនាំពាក្យមិនបានបង្ហាញពីការពន្យល់ពិស្តារណាមួយទៅកាន់មន្ត្រីអង្គការសហប្រជាជាតិនោះទេ។
នៅថ្ងៃព្រហស្បត្តិ៍និងថ្ងៃសុក្រទី២៩និង៣០ខែមិថុនា នេះUPR និងភាគីកម្ពុជានឹងរៀបចំសិក្ខាសាលាមួយដើម្បីពិភាក្សាលើ ការអនុវត្តអនុសាសន៍របស់អង្គការសហប្រជាជាតិដោយភាគីកម្ពុជា។
ក្នុងសិក្ខាសាលានោះនឹងមានការចូលរួមដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តំណាងUPR មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕