ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ឬហៅភាសាសាមញ្ញថាបាក់ឌុបនៅឆ្នាំនេះ មានវិញ្ញាសារអំពីនយោបាយ ដែលផ្ទុយនឹងគោលការណ៍របស់ក្រសួងអប់រំមិនឲ្យសិស្ស និងគ្រូបង្រៀនជជែកពិភាក្សាពីបញ្ហានយោបាយ។ ករណីចេញវិញ្ញាសារប្រឡងបែបនេះ សមាគមគ្រូបង្រៀនថា ជាការកេញចំណេញផ្នែកនយោបាយ។
យុវតីម្នាក់សូមមិនបញ្ចេញឈ្មោះ ជាបេក្ខជន ដែលបានចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បាននិយាយថា កញ្ញាមិនអាចឆ្លើយសំណួរនេះបានទេ ព្រោះមេរៀននេះមិនធ្លាប់រៀនទាល់តែសោះ តែពេលប្រលងបែរជាចេញទៅវិញ «អត់ចេះធ្វើផង បើនិយាយទៅដឹងចេញប៉ុន្នានទេ ព្រោះអីអានឹងវាក្រោយគេ អត់ចេះហ៊ង ធ្វើអត់ទាន់ អត់ដែលដឹងទៀតណាស់ អត់ដឹងហ្មង ហើយទោះប្បីសល់ម៉ោងក៏ខ្ញុំអត់ធ្វើដែរ អាពេលដែល គ្រូបង្រៀនក៏អត់និយាយពីអាអញ្ចឹងៗទេ ដល់ពេលប្រឡងចេញមក»។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សាលីន បាននិយាយថា លោកមិនច្បាស់ថាតើមានវិញ្ញាសារបែបនោះមែនឬយ៉ាងណានោះទេ «ចាំមើលខ្ញុំ ខ្ញុំឆែកតារាងវិញ្ញាសារសិន ដើម្បីខ្ញុំដឹងច្បាស់ថា តើសួរបែបនេះមែនឬយ៉ាងម៉េច»។
«ការដែលក្រសួងអប់រំចេញវិញ្ញាសារដែលទាក់ទងទៅនឹងរឿងនយោបាយនេះ គឺការដាក់ទៅឲ្យសិស្សនេះ គឺគ្រាន់តែធ្វើដើម្បីតែគណបក្សប្រជាជនកេញចំណេញតែប៉ុននឹងទេ ក្នុងការដែលដាក់ឲ្យសិស្សធ្វើដូចថា សំណួរចេញពីរឿងសន្ទនាអី តាមពិតសិស្សានុសិស្ស ទាំងគ្រូ មិនអាចមានសិទ្ធិក្នុងការនិយាយពីនយោបាយនៅក្នុងសាលា ក្រសួងដាក់ទៅនេះគឺជាការកេញចំណេញផ្នែកនយោបាយសម្រាប់គណបក្សប្រជាជនតែប៉ុននឹងទេចាស»។ នេះជាការលើកឡើងរបស់ ប្រធានស្តីទីសមាគមគ្រូបង្រៀនឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ។ អ្នកស្រីបានបន្តថា សិស្សមិនដល់ ៤០ភាគរយផងដែលអាចឆ្លើយសំណូរនេះបាន។
សូមរំឭកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះធ្វើឡើងក្នុងមណ្ឌល ប្រឡងចំនួន១៥០មណ្ឌល ស្មើនឹង៣.៥៧៦បន្ទប់ ដោយមានបេក្ខជនប្រឡងជាង៨ម៉ឺននាក់ ក្នុងនោះមានបេក្ខជនជានារីជាង៤ម៉ឺននាក់៕