ភ្នំពេញ៖ តុលាការកំពូលបានលើកពេលប្រកាសសាលដីកាសុំនៅក្រៅឃុំនិងលើកលែងការចោទប្រកាន់របស់ក្រុមមន្ត្រីសិទ្ធិសកម្មជនបរិស្ថាន និងអ្នកវិភាគបញ្ហាសង្គម នៅថ្ងៃពុធនេះដោយមិនមានការបញ្ជាក់ពីមូលហេតុនោះទេ។
តាមគម្រោងតុលាការជាន់ខ្ពស់នេះត្រូវប្រកាសសាលដីកាទាក់ទងនឹងសកម្មជនសិទ្ធិមនុស្សចំនួនបួនរូបនៃសមាគមអាដហុក លោកស្រី លឹម មុន្នី លោកណៃ វង្សដា លោកយី សុខសាន្ត និង លោកនី សុខា សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិមួយរូប លោក វ៉ែន វ៉ន និងអ្នកវិភាគបញ្ហាសង្គម លោក គឹម សុខ នៅថ្ងៃទី ២៨ ខែមិថុនានេះ។
ប្រធានចៅក្រមជំនុំជម្រះ លោក ឈួន ចន្ថា បានលើកពេលសាលដិកាក្នុងសំណុំរឿងទាំងបីនេះទៅប្រកាសនៅថ្ងៃទី៥ខែកក្កដាវិញ។
ក្រុមសកម្មជនសិទ្ធិមនុស្សនិងអ្នកវិភាគសង្គម លោកគឹម សុខ បានប្តឹងទាស់ប្រឆាំងនឹងការឃុំខ្លួនបណ្តោះអាសន្នរបស់ពួកគេ។ចំណែកឯ លោក វ៉ែន វ៉ន ប្តឹងសុំឲ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោក។ លោកត្រូវតុលាការចោទប្រកាន់ពីបទចោទការទទួលផលអនុផលព្រៃឈើដោយគ្មានលិខិតការអនុញ្ញាត្តិ កាលពីឆ្នំា ២០១៥។
មន្ត្រីសមាគមអាដហុកត្រូវឃុំខ្លួនអស់រយៈពេលជាងមួយឆ្នាំមកហើយពីបទថាបានសូកប៉ាន់សក្សីក្នុងសំណុំរឿងនាងខុម ចាន់តារាទី ហៅស្រីមុំ។
លោក វ៉ែន វ៉ន តំណាងជនជាតិដើមភាគតិចជង និងសកម្មជនបរិស្ថាននៃ អង្គការមាតាធម្មជាតិ ត្រូវបានសាលាដំបូងខេត្តកោះកុង បានកាត់ទោសឲ្យជាប់ពន្ធនាគារអស់រយៈពេលមួយឆ្នំា កាលពីខែមិនា ឆ្នំា២០១៦ ក្រោមបទចោទ«ប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត»។ ប៉ុន្តែទោសនេះត្រូវបានព្យួរ។
ចំណែកលោកគឹម សុខ ត្រូវចាប់ឃុំខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឲ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» ពាក់ព័ន្ធការអត្ថាធិប្បាយរបស់លោកនៅវិទ្យុអាស៊ីសេរីដែលថារដ្ឋាភិបាលជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា៕