ភ្នំពេញ ៖ ពីរថ្ងៃក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់ជាផ្លូវការ គណបក្សធំៗចំនួនពីរ ដែលទទួលបានការ គាំទ្រច្រើនជាងគេ បានចេញសេចក្តីថ្លែងការណ៍វាយបកគ្នាទៅវិញទៅមក។
ជាមួយគ្នានេះសហគមអន្តរជាតិបានអបអរសាទរលទ្ធផលបោះឆ្នោតកាលពីដើមខែមិថុនានេះ។
លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាផ្លូវការបានបង្កឲ្យមានការចម្រូងចម្រាស់រវាងគណបក្សប្រជាជន កម្ពុជានឹងគណបក្សសង្គ្រោះជាតិ។ គណបក្សធំទាំងពីរដែលទទួលបានសំឡេងគាំទ្រលើសលុបក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ កាលពីដើមខែមិថុនា។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកម្រាស់ ៣ ទំព័រកាលពីល្ងាចថ្ងៃចន្ទ័ គណបក្សសង្គ្រោះជាតិបានរិះគន់បរិយាកាសមុនការ បោះឆ្នោតថា មានការរារាំងលោក សម រង្ស៊ី មិនឱ្យចូលស្រុក មានការវាយដំតំណាងរាស្រ្តបក្សសង្គ្រោះ ជាតិ ការប្រើប្រព័ន្ធ តុលាការដើម្បីចោទប្រកាន់ និងឃុំខ្លួនសមាជិករដ្ឋសភា ព្រឹទ្ធសភា មន្រ្តី គ ជ ប មន្រ្តីសិទ្ធិមនុស្ស អ្នកវិភាគ សកម្មជននយោ បាយ និងដីធ្លា ការធ្វើឃាតអ្នកវិភាគ ព្រមទាំងវោហាសាស្រ្តបំភិតបំភ័យពលរដ្ឋពីបញ្ហាសង្គ្រាមជាដើម។
សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ឃើញថា មានការរើសអើងគណបក្សនយោបាយពីសំណាក់អាជ្ញាធរក្នុងយុទ្ធនាការ បោះឆ្នោត ហើយប្រព័ន្ធផ្សព្វផ្សាយពិសេសទូរទស្សន៍ គឺលម្អៀងទៅគណបក្សប្រជាជនកម្ពុជាទាំងស្រុង។ មានការប្រើ ប្រាស់មន្រ្តីរាជការ ធនធានថវិកា សម្ភារៈរដ្ឋទៅឃោសនាឱ្យគណបក្សកាន់អំណាច។
គណបក្សប្រឆាំងបន្តថាមនុស្សជាងមួយលាននាក់បានបាត់បង់ឳកាសទៅបោះឆ្នោត ដោយសារមិនបានផ្តល់ពេលវេលា គ្រប់គ្រាន់ឱ្យកម្មករ បុគ្គលិក ឈប់សម្រាក។ចំណែកការដោះស្រាយពាក្យបណ្តឹងវិញ គ ជ ប មិនបានដោះស្រាយពាក្យ បណ្តឹងរបស់គណបក្សសង្គ្រោះជាតិឱ្យបានគ្រប់នោះទេ។
ភ្លាមៗនៅថ្ងៃដដែលនោះដែរ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ច្រានចោល និងថ្កោលទោសការលើក ឡើងរបស់គណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ថា គណបក្សប្រឆាំងកំពុងតែ«មួលបង្កាច់ស្ថានការណ៍គ្មានការពិត ដែលអាចធ្វើឱ្យសារធាណជនជាតិ និងអន្តរជាតិ មានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរ។»
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់វិទ្យុស្រ្តីបន្ថែមថា ការលើកឡើងរបស់គណបក្សប្រឆាំង គឺដើម្បីតែផលប្រយោជន៍បក្សខ្លួនឯងប៉ុណ្ណោះ ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងពលរដ្ឋកម្ពុជាបានទទួលស្គាល់ លទ្ធផល ក៏ដូចជាជោគជ័យរបស់គណបក្សកាន់អំណាច។
«ពិភពលោកគេទទួលស្គាល់ថា ការបោះឆ្នោតនេះ សេរីយុទ្ធធម៌ ហើយប្រជាជនទាំងមូលបានទទួលស្គាល់រីករាយអបអរ សាទរនៃជ័យជំជម្នះថ្មី អញ្ចឹងអ្វីៗដែលជាសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិហ្នឹង គឺមិនបានឆ្លុះបញ្ចាំងការពិត នៃគុណភាពប្រជាធិបតេយ្យនៅកម្ពុជានោះទេ»។
បើទោះបីគណបក្សកាន់អំណាចច្រានចោលមិនទទួលស្គាល់ក៏ដោយចុះ តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិបានលើកយកចំណុចមួយមកបកស្រាយថា គណបក្សសង្គ្រោះជាតិបានរកឃើញមានទូរទស្សន៍ឯកជនជា ច្រើន មិនបានចេញផ្សាយការលក់ម៉ោងឱ្យគណបក្សនយោបាយតាមការណែនាំរបស់គ ជ បនោះទេ។ ហើយ គ ជ ប ក៏មិន បានដាក់ទណ្ឌកម្មដល់ទូរទស្សន៍ឯកជនទាំងនោះដែរ។ដែលប្រការជារឿងមិនយុត្តិធម៌។
កាលពីថ្ងៃម្សិលមិញសម្តេច ហ៊ុន សែន បានធ្វើការព្រមានទៅលើបក្សប្រឆាំង និងបន្ទប់ស្ថានការណ៍នៃការបោះឆ្នោតដែល បានបរិហារពីភាពមិនក្រក្រតីមួយចំនួន កើតឡើងក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
សម្តេចនាយករដ្ឋមន្រ្តីក៏បានព្រមាន ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមអង្គការសង្គមសីវិលនៃបន្ទប់ស្ថានការបោះឆ្នោត ដែលមានសមាជិកជាង ៤០ អង្គការនោះផងដែរ។
ការព្រមានរបស់នាយករដ្ឋមន្រ្តីលើបន្ទប់ស្ថានការណ៍នេះ គឺបន្ទាប់ពីបណ្តុំអង្គការមួយនេះ បានចេញសេចក្តីថ្លែងការណ៍ វាយតម្លៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ នេះថា «ខ្វះយុត្តិធម៌ និងមានការរឹតត្បិតសេរីភាពបញ្ចេញមតិ»។
ក្នុងពេលនេះ ប្រទេសមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅ ប្រទេសកម្ពុជា។
កាលពីថ្ងៃម្សិលមិញឯកអគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម ហាយ បានសរសើរលោកនាយករដ្ឋមន្រ្តី ចំពោះជោគជ័យនៃការ បោះឆ្នោតឃុំថ្មីៗនេះ។ ចំណែកស្ថានទូតចិន រុស្សី និងវៀតណាម ក៏បានសេចក្តីថ្លែងការណ៍អបអរសាទរចំពោះជ័យជម្នះ របស់គណបក្សប្រជាជនកម្ពុជាផងដែរ ដោយបានហៅការបោះឆ្នោតនេះ ថាបានប្រព្រឹត្តិទៅ«ប្រកបដោយ យុទ្ធធម៌ តម្លាភាព ប្រជាធិបតេយ្យ និងសន្តិភាព ដោយដំណើរការនេះប្របកដោយភាពរលូន គ្មានអំពើហិង្សា»៕