en     km
en     km

អង្គការ​ស្ត្រី​មួយ​ថា​ ស្ត្រី​ជាប់​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ថ្មី​នៅ​តែ​មាន​ចំនួន​តិច​នៅឡើយ​(មានសំឡេង)

Share

ក្រុងភ្នំពេញ៖ អង្គការសង្គមស៊ីវិលមួយដែលធ្វើការផ្តោតទៅលើការលើកកម្ពស់ស្ត្រី និយាយថា ស្ត្រីដែលបញ្ជ្រៀតនៅក្នុងវិស័យនយោ បាយចេញពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឃើញថានៅមានចំនួនតិចនៅឡើយ។ លោក សេរី វឌ្ឍនៈ រាយការណ៍ជូន៖

 

women-03
មានន័យថា ពលរដ្ឋកម្ពុជា នៅមិនទាន់ផ្តល់ទំនុកចិត្តដល់ស្ត្រីក្នុងការធ្វើការងារក្នុងវិស័យនយោបាយនោះទេ។ អ្នកវិភាគឯករាជ្យម្នាក់ថាចំនួនមនុស្សស្រីកម្ពុជាមានចំនួនច្រើនជាងបុរស ។

នាយកប្រតិបត្តិ នៃអង្គការសីលកា លោកស្រី ធីតា ឃិះ ដែលជាអង្គការមួយលើកកំពស់ស្ត្រីក្នុងវិស័យនយោបាយ បាននិយាយថា រឿងដែលគួរឲ្យសោកស្តាយឃើញថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៤ នេះ គឺ ចំនួនស្ត្រី ជាតំណាងពលរដ្ឋថ្នាក់មូលដ្ឋាន មានការធ្លាក់ចុះជាងអាណត្តិមុនគួរឲ្យកត់សម្គាល់។ លោកស្រី ថា កាលពីការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិមុន ស្ត្រីមានការចូលរួមក្នុងវិស័យនយោបាយយ៉ាងខ្លាំងហើយជាប់ជាសមាជិកមានច្រើនដែរគឺខុសគ្នានឹងអាណត្តិនេះ។

បើតាម លោក ស្រី សមាជិកស្ត្រីជាប់ក្រុមប្រឹក្សាឃុំ ២២ភាគរយ ចំណែកគណបក្សសង្គ្រោះជាតិមាន ១១ភាគរយ។

លោកស្រី ធីតា ឃិះ៖« នៅក្នុងបរិបទសង្គមឥឡួវនេះ ដែរយើងប្រមូលលទ្ធផលមកនិង គឺ ចំនួនរបស់ស្ត្រី និង គឺធ្លាក់ចុះខ្លាំងមិនមែនឡើងទេ ដែរកាលពីអាណត្តិមុននិងយើងមាន ១៧.៧៨ ភាគរយ ហើយឥឡួវនិងធ្លាក់មកត្រឹម១៦.៧៥ ភាគរយ អញ្ជឹងទៅវាគឺពិតជារឿងដែលគួរឲ្យសោកស្តាយខ្លាំងមែនទែន»។

women

ស្របពេលនេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា បានពន្យល់ថា បើសិនជាសង្គមកម្ពុជាមានសមភាពយ៉េនឌ័រ ក្នុងវិស័យនយោបាយគឺមានន័យថា ប្រជាពលរដ្ឋមានការយល់ដឹង និងផ្តល់នូវទំនុកចិត្តដល់ស្ត្រីច្រើន ព្រោះស្ត្រីមានចំនួនច្រើនជាងបុរសដល់ទៅ ៥២ ភាគរយ។

លោកបានពន្យល់ទៀតថា គឺពិតជាមានសារសំខាន់ណាស់ដែរ បើសិន តំណាងជាស្ត្រីមានតុល្យភាពនិងអ្នកតំណាងជាបុរសគឺមានន័យថា ស្ត្រី នឹងបំពេញបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ ហើយតំណាងជាស្ត្រី មិនសូវមានការរើសអើងក្នុងវិស័យនយោបាយទេ។

លោក ឯម សុវណ្ណារ៉ា ៖ « បើសិនបើស្ត្រីមានច្រើនមានន័យថា មេឃុំឬក៏អ្នកតំណាងនយោបាយរបស់ស្ត្រី គឺបានឆ្លើយតបទៅនិងតម្រូវការ ឬក៏មានភាពងាយស្រួល ក្នុងការយល់ចិត្ត ពលរដ្ឋដែលជាស្ត្រីដែលមានភាគរយច្រើនជាង ហើយភាពនេះឯងគឺវាជួយពន្លឿនសង្គមកម្ពុជាឲ្យ ងាកមកចូលរួមក្នុងឆាកនយោបាយ គឺមានភាពសស្រាក់សស្រាំឡើង ហើយសង្គមនយោបាយក៏និងមិនរើសអើងស្ត្រីក្នុងវង់នយោបាយ»។

women-ok01

 

សូមបញ្ជាក់ផងដែរថា លទ្ធផលការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី ៤ នេះ គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ក្រុមប្រឹក្សាមេឃុំ-ចៅសង្កាត់ គឺ ៦៥០៣ នាក់ ដែលក្នុងនោះមានស្ត្រីដែលជាអ្នកតំណាង ចំនួន ១៣៨៦ ស្មើនឹង ២២ ភាគរយ ហើយ គណបក្សសង្គ្រោះជាតិទទួលបាន ៥០០៧ នាក់ ដែលមានអ្នកតំណាងជាស្ត្រី ៥៥៣ នាក់ ដែលស្មើនឹង ១១ ភាគរយនៃចំនួនសរុប។  ចំណែកគណបក្សតូចៗដែលជាប់ជាក្រុមប្រឹក្សាឃុំ មានចំនួនតិចតួចហើយ គ្មានតំណាងស្ត្រីម្នាក់ទេ៕

Share

ព័ត៌មានទាក់ទង

Image