en     km
en     km

លោកថាច់ សេដ្ឋា ៖សភាខ្មែរគួរពិចារណាថ្ងៃ៤មិថុនាជាទិវាចងចាំការបាត់ទឹកដីកម្ពុជាក្រោម

Share

កងកម្លាំងសមត្ថកិច្ចប្រមាណមួយរយនាក់ ប្រដាប់ដោយខែល បានរារាំងការហែរក្បួនរបស់សមាគមន៍ខ្មែរកម្ពុជាក្រោម ដែលមានបំណងយកញត្តិទៅដាក់នៅរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ។ តែបែបនេះក្ដីប្រធាន សហគមន៍ខ្មែរកម្ពុជាក្រោម បានសម្រេច ដាក់ញត្តិទៅរដ្ឋសភាតាមការគ្រោងទុក។

សមត្ថកិច្ចរារាំងការហែក្បួនរបស់សហគមន៍ខ្មែរកម្ពូជាក្រោមនៅមុខវត្តចាស
សមត្ថកិច្ចរារាំងការហែក្បួនរបស់សហគមន៍ខ្មែរកម្ពូជាក្រោមនៅមុខវត្តចាស់

 

សមត្ថកិច្ចបានសម្រេចបិទផ្លូវនៅខាងមុខវត្តពោធិ៍យារាម ហៅវត្តចាស់ ខណៈដែលសហគមន៍ខ្មែរកម្ពុជាក្រោមប្រមូលផ្ដុំគ្នា ហែរញត្តិទៅដាក់នៅរដ្ឋសភា ដើម្បីឱ្យស្ថាប័ននេះ បង្កើតទិវាបុណ្យជាតិ ៤មិថុនា ជាថ្ងៃចងចាំនៃប្រវត្តិសាស្រ្តបារាំងកាត់ដីកម្ពុជាក្រោមឱ្យវៀតណាមគ្រប់គ្រង។

ការរារាំងនេះ ក្រោមហេតុផលថា ការហែរញត្តិនេះអាចប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយអាចបង្កឱ្យមានការកកស្ទះចរាចរណ៍។

ជាមួយគ្នានេះដែរ យុវជនម្នាក់ឈ្មោះគាង ដែលជាសមាជិកសហគមន៍ខ្មែរកម្ពុជាក្រោម ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលដែលយុវជនរូបនោះយកញត្តិទៅថតចម្លងចែកអ្នកសារព័ត៌មាន តែត្រូវបានដោះលែងវិញក្រោយមានការសម្របសម្រួល។

យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមបានដឹកនាំសមាជិក របស់លោកមួយក្រុមទៅដាក់ញត្តិនៅមន្ទីររដ្ឋសភាដោយ មានសមាជិកបក្សសង្រ្គោះជាតិ ទទូលខណៈសមាជិកសភា បក្សកាន់អំណាចកំពុងជាប់រវល់។

លោក ថាច់ សេដ្ឋា បានថ្លែងថាការរារាំងពីសំណាក់សមត្ថកិច្ចនៅព្រឹកនេះ គឺជារឿងមួយមិនត្រឹមត្រូវ និងរំលោភសិទ្ធិទៅលើខ្មែរកម្ពុជាក្រោម។ តែលោកថា បានធ្វើតាមសមត្ថកិច្ចគឺត្រូវ យកញត្តិទៅដាក់នៅរដ្ឋសភានៅតាមការគ្រោងទុកទោះជាមិនបានហែក្បួនក៏ដោយ។

លោកបញ្ជាក់ថា ការដាក់ញត្តិសុំឱ្យសភាពិចារណាចាត់ទុកថ្ងៃទី៤មិថុនាជាថ្ងៃចងចាំការបាត់បងទឹកដៅកម្ពុជាក្រោម គឺមិនមែនចង់ចំណេញនយោបាយអ្វីទេ។

លោក ថាច់ សេដ្ឋា៖«សភាលោកពិចារណាថាតើអាចទទួលឬមិនទទួលយ៉ាងមិចនោះ ហើយយើងក៏ចង់ដឹងផងដែរថាជំហរររបស់រដ្ឋសភាបានគិតគូររឿងប្រវត្តិរបស់ជាតិខ្មែរយើងដែរឬអត់អាហ្នឹងពេលហ្នឹងយើងឃើញហើយប្រជាពលរដ្ឋយើងវិនិច្ឆ័យទៅតាមហ្នឹងដែរ»

បើតាម លោក ថាច់ សេដ្ឋា បន្ទាប់ពីបានយកញត្តិទៅដាក់នៅគណៈកម្មាការទី១នៃរដ្ឋសភាគឺ រដ្ឋសភា មិនទាន់ឆ្លើយតបយ៉ាងណាចំពោះណើរនេះនៅឡើយទេ។

ញត្តិរបស់សហគមន៍ខ្មែរកម្ពុជាក្រោមបានបញ្ជាក់ថា បារាំងបានកាត់ទឹកដីកម្ពុជាក្រោម ឱ្យវៀតណាមគ្រប់គ្រង កាលពីថ្ងៃពី៤ មិថុនា ឆ្នាំ១៩៤៩ គឺធ្វើឡើងដោយការឃុបឃិតគ្នារវាងបារាំង និងវៀតណាមតែប៉ុណ្ណោះ ដោយពុំមានការយល់ព្រមពីព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងប្រជារាស្រ្តខ្មែរ។ បន្ទាប់ពីកាត់ទឹកដីនេះ ប្រជាជនខ្មែររស់នៅលើទឹកដីកម្ពុជាក្រោមរាប់លាននាក់ បានទទួលរងនូវការរំលោភសិទ្ធិគ្រប់បែបយ៉ាងពីអាជ្ញាធរវៀតណាម និងក្លាយជាជនជាតិភាគតិចលើទឹកដីកំណើតរបស់ខ្លួន។

សហគមន៍ខ្មែរកម្ពុជាក្រោម ទទូចឱ្យរដ្ឋសភាយកថ្ងៃទី០៤ ខែមិថុនា រៀងរាល់ឆ្នាំ ធ្វើជាថ្ងៃបុណ្យជាតិដើម្បីរំលឹកពីការបាត់បង់ទឹកដី និងធ្វើបុណ្យរាប់បាត្រព្រះសង្ឃ១៩៤៩អង្គ ដើម្បីឧទ្ទិសកុសលប្រគេន ថ្វាយ និងជូនព្រះវិញ្ញាណក្ខន្ធព្រះវីរសមណៈ ប្រះវីរក្សត្រ និងវីរបុរស វីរនារីដែលបានពលីជីវិត។

យ៉ាងណាក៏ដោយ លោក សុខឥសាន សមាជិក សភាមួយរូបនិងជាអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានប្រាប់វិទ្យុស្ត្រីថា លោកនឹងស្នើឱ្យប្រធានរដ្ឋសភាពិចារណាញត្តិនេះដែរ។តែលោកបញ្ជាក់ថា ប្រហែលមិនអាចទៅរួចទេ ព្រោះរដ្ឋាភិបាលជំនាន់មុន មិនបានអនុម័តថាថ្ងៃ៤មិថុនា ជាថ្ងៃត្រូវចង់ចាំនិងរម្លឹកអ្វីទេ។

លោក សុខឥសាន៖«ប៉ុន្តែខ្ញុំយល់ថាទៅមិនរួចទេ ព្រោះថាតាំងពីឆ្នាំ១៩៤៩រហូតមកដល់ពេលនេះមានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាហ្នឹងប្រហែល៧០រាជរដ្ឋាភិបាលហើយ តាំងពីពេលនោះមក៧០រាជរដ្ឋាភិបាលមិនមានរាជរដ្ឋាភិបាលណាយកបញ្ហាថ្ងៃ៤ ខែមិថុនាធ្វើជាទិវាបាត់បង់ដែនដីកម្ពុជាក្រោម»។

បើតាមឯកសាររបស់សហគមន៍ខ្មែរកម្ពុជាក្រោម មានក្រោមកម្ពុជាទឹកដី   ៦៨,៩៦៥គីឡូម៉ែត្រក្រឡា ហើយបច្ចុប្បន្នមានប្រជាជនរស់នៅជាង ១៤លាននាក់ មានវត្តអារាមពុទ្ធសាសនា ៥៦៧វត្ត និងមានព្រះសង្ឃខ្មែរជាង ២ម៉ឺនអង្គគង់នៅ៕

Share

Image
Image
Image