en     km
en     km

លទ្ធផលផ្លូវការ៖ គណបក្សកាន់អំណាចបន្តឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់(មានសំឡេង)

Share

ភ្នំពេញ ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី២៥ មិថុនានេះបានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ នេះ ដោយគណបក្សកាន់អំណាចនៅបន្តឈ្នះការបោះឆ្នោតនេះ។ មន្រ្តីគណបក្សកាន់ អំណាច អបអរចំពោះលទ្ធឈ្នះរបស់ខ្លួននេះ ខណៈបក្សប្រឆាំង និងសង្គមស៊ីវិលសរសើរកិច្ចខិតប្រឹងប្រែងរបស់ គ ជ ប តែស្នើឱ្យ ស្ថាបន័មួយនេះ បង្កបរិយាកាសប្រកួតប្រជែងឱ្យប្រសើរជាងមុននៅការបោះឆ្នោតជាតិ ឆ្នាំ ២០១៨ ។

សមាជិកគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត។
សមាជិកគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត។

គ្មានអ្វីប្រែប្រួលទេ។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីដើមខែមិថុនានេះ គណបក្សប្រជាជនកម្ពុជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ឈ្នះបាន១១៥៦អសនៈមេឃុំ-សង្កាត់ក្នុងចំណោម ឃុំសង្កាត់សរុបចំនួន ១៦៤៦ នៅ ទូទាំង២៥រាជធានីខេត្ត។ នេះបើយោងតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅថ្ងៃអាទិត្យទី២៥ មិថុនានេះ។

ចំណែក គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេក្នុងប្រទេស ទទួលបានអសនៈមេឃុំចៅសង្កាត់សរុប ចំនួន ៤៨៩ និងគណបក្សខ្មែររួបរួមជាតិរបស់លោកញ៉ឹក ប៊ុនឆៃ ឈ្នះបានកៅអីមេឃុំចំនួន ១។

ប្រធាន គ.ជ.ប លោកស៊ិក ប៊ុនហុក បានថ្លែងតាមទូរទស្សន៍ជាតិនៅថ្ងៃនេះថា ការបោះឆ្នោតបានប្រព្រឹត្តិទៅដោយ «រលូន និងដោយជោគជ័យ និងអាចទទួលយកបាន» សម្រាប់គ្រប់គណបក្សទាំងអស់។

អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត អបអរសាទរការចេញលទ្ធផលនេះ។ «គណបក្សប្រជាជន គឺយើង ស្វាគមន៍ និងអបអរសាទរចំពោះលទ្ធផលនៃជ័យជម្នះ ដែលកាងាររបស់ គ ជ ប បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនហ្នឹង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដូច្នេះយើងមានការវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជោគជ័យលើការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ»។

លោក សុខ ឥសាន អ្នកនាំពាក្យបគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យបគណបក្សប្រជាជនកម្ពុជា

ចំណែកអ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គ.ជ.ប បានបំពេញតួនាទីល្អប្រសើរជាង មុន។ ប៉ុន្តែបរិយាសកាសនយោបាយនៅមានការរឹតត្បិតនៅទ្បើយ។ «យើងទាំងអស់គ្នាឃើញថា បរិយាកាសនយោបាយ គឺអាក្រក់ជាងមុន ក៏ប៉ុន្តែ គ ជ ប បានបំពេញកាតព្វកិច្ចល្អជាងមុន។ចំពោះមុខយើងត្រូវធ្វើការកែលម្អនូវចំណុចមួយចំនួន ទី១ គែបរិយាកាសនយោបាយកុំឱ្យមានការភ័យខ្លាច។ ហើយទី២ជាកាតព្វកិច្ចរបស់គ ជ ប ដើម្បីរិះរកមធ្យោបាយចុះឈ្មោះអ្នក បោះឆ្នោតចំនួនជាងមួយលានម្នាក់ដែលមិនទាន់បានចុះ»។

អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ
អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ

នាយកប្រតិបត្តិអង្គការខុមហ្វ្រែលលោក គល់ បញ្ញា ក៏ទទួលស្គាល់ដែរថាការរៀបចំរបស់ គ.ជ.ប មានភាពល្អប្រសើរជាងមុន តែសម្រាប់បរិយាកាសនយោបាយនៅមានការរឹតត្បិតសេរីភាព។

«បាទយើងអបអរសាទរចំពោះគ ជ ប បានខិតខំលើការបោះឆ្នោត ហើយឥឡូវនេះបានប្រកាសលទ្ធផល ហើយឃើញថា លទ្ធផលមកឃើញថា គណបក្សនយោបាយមិនមានអ្នកបដិសេធលើការចាត់ចែងរឿងលទ្ធផលដែលប្រកាសហ្នឹង។ តែ យ៉ាងណា បន្ទប់ស្ថានការណ៍យើងរកឃើញចំណុចខ្លះដែលគួរតែមានការតែលម្អ ដើម្បីធ្វើឱ្យការបោះឆ្នោតមានកាន់តែល្អ ប្រសើរ» ។

តែទោះជាយ៉ាងណាក៏ដោយបន្ទប់ស្ថានការណ៍ដែលប្រមូលផ្តុំដោយអង្គការក្រៅរដ្ឋាភិ     បាលប្រមាណ ៤០ បានប្រកាស កាលពីថ្ងៃសៅរ៍ម្សិលមិញថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នេះ«ខ្វះយុត្តិធម៌និងមានការរឹតត្បិត សេរីភាព» ប៉ុន្តែមានការចាត់ចែងការបោះឆ្នោតប្រសើរជាងការបោះឆ្នោតនាពេលកន្លងមក។

មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១២ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា។ អសនៈប្រធានឃុំចៅសង្កាត់សរុបចំនួន ១៦៤៦ និងអសនៈក្រុមប្រឹក្សាសរុប ៩៩២៦ សម្រាប់ឃុំសង្កាត់ទាំង ១៦៤៦ នៅទូទាំងប្រទេស។

គណបក្សប្រជាជនកម្ពុជាទទួលបានកៅអីក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥៣៤៧ ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបាន ៤៥១៨ កៅអីក្រុមប្រឹក្សាឃុំសង្កាត់។ គណបក្សហ៊្វុន      ស៊ីនប៉ិចទទួលបាន២៨អសនៈក្រុមប្រឹក្សានិងគណបក្សខ្មែររួបរួមជាតិ ទទួលបាន ២៣ អសនៈក្រុមប្រឹក្សា។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាន ៥ អសនៈក្រុមប្រឹក្សាឃុំ គណបក្សសម្ពន្ធ័ដើម្បី ប្រជាធិបតេយ្យទទួលបានបួនអសនៈក្រុមប្រឹក្សានិងគណបក្សសំបុក្រឃ្មុំសង្គមប្រជាធិបតេយ្យទទួលបានអសនៈក្រុមប្រឹក្សាចំនួនមួយ។

បើយោងតាមលទ្ធផលបោះឆ្នោតផ្លូវការនេះ គណបក្សប្រជាជនកម្ពុជាទទួលបាន ៣ ៥៤០ ០៥៦ សំលេង ឬស្មើនឹង ៥០,៧៦ ភាគរយនៃសំឡេងឆ្នោតសរុប។ រីឯគណបក្សសង្គ្រោះជាតិទទួលបាន ៣ ០៥៦ ៨២៤ សំឡេង ឬស្មើនឹង ៤៣,៨៣ ភាគរយ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវគេមើលឃើញថាគឺជាតេស្តមួយដើម្បីសម្គាល់ប្រជាប្រិយភាពនៃ គណ បក្សគូប្រជែងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ឆ្នាំ២០១៨៕

Share

ព័ត៌មានទាក់ទង

Image