en     km
en     km

ក្រសួងយុត្តិធម៌ព្រមានព្រះតេជគុណ ប៊ុនតេញ ដែលរិះគន់រឿងព្រះសង្ឃលេងកាំភ្លើងជ័រមានទោស

Share

ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានព្រមានទៅព្រះតេជគុណ ប៊ុត ប៊ុនតេញ ករណីព្រះអង្គ បាន ចោទប្រកាន់តុលាការថា បានចាប់ព្រះសង្ឃទៅកាត់ទោសដោយគ្រាន់តែលេងកាំភ្លើងជ័របង្ហោះលើប្រព័ន្ធហ្វេសប៊ុក ។ លោក កឹម សន្តិភាព បន្តថា សកម្មភាពរបស់ព្រះអង្គ ប៊ុត ប៊ុនតេញ គឺកំពុងបង្កើតអោយមានការភ័ន្តច្រលំ និងដាក់ សម្ពាធលើស្ថាប័ន តុលាការ ដែលទង្វើនេះអាចប្រឈមនឹងបទល្មើស ។

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះអង្គប៊ុត ប៊ុន តិញ។រូបភាពពីហ្វេសប៊ុនព្រះអង្គ
ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះអង្គប៊ុត ប៊ុន តិញ។រូបភាពពីហ្វេសប៊ុនព្រះអង្គ

អ្នកនាំពាក្យក្រសួងយុតិ្តធម៌រូបនេះបានបញ្ជាក់នៅលើប្រព័ន្ធតេឡេក្រាមរបស់ខ្លួនថ្ងៃនេះថា បច្ចុប្បន្នតុលាការកំពុងដំណើរ រឿងក្តីនេះ ដើម្បីស៊ើបសួរស្វែងរកភស្តុតាងដាក់បន្ទុក និងដោះបន្ទុក ពាក់ព័ន្ធនឹងអំពើរបស់ជនត្រូវចោទនោះ។ លោកបន្តថា នៅក្នុងដំណាក់កាលស៊ើបសួររបស់តុលាការបែបនេះ មានន័យថាតុលាការពុំទាន់មានការកាត់ទោសនៅឡើយទេ ដែលផ្ទុយ ពីការអះអាងរបស់ព្រះអង្គ ប៊ុត ប៊ុនតេញ ដែលចោទថាតុលាការ«កាត់ទោសដោយគ្មានការស៊ើបអង្កេត»។

សាររបស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។
សាររបស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។

វិទ្យុស្រ្តីមិនទាន់អាចស្វែងរកការឆ្លើយតបពីព្រះតេជគុណ ប៊ុត ប៊ុនតេញ បានទេនៅថ្ងៃនេះ។

តែយ៉ាងណាលើទំព័រហ្វេសប៊ុករបស់ព្រះតេជគុណ ប៊ុត ប៊ុនតេញ កាលពីថ្ងៃមិ្សលមិញ ព្រះអង្គដែលជាស្ថាបនិកបណ្តេញ ព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានប្រកាសបើកយុទ្ធនាការតស៊ូមតិលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីជួយសមាជិក ខ្លួនម្នាក់ដែលត្រូវបានអាជ្ញាធរចាប់ផ្សឹក ចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងរឿងលេងកាំភ្លើងជ័រមួយដើម។

ការបើកយុទ្ធនាការនេះ ដើម្បីពន្យល់ដល់ពុទ្ធបរិស័ទឱ្យបានជ្រាប បន្ទាប់ពីតុលាការខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បត្តិ៍បាន ចាប់សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ ឈ្មោះ ហន សុផាន្នី ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថិ៍ និងកាន់កាប់រក្សា ទុកអាវុធខុសច្បាប់។

ព្រះអង្គ ប៊ុត ប៊ុនតិញ បានធ្វើការអត្ថាធិប្បាយនៅមុខតុលាការខេត្តបាត់ដំបង និងនៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គថា ចំណាត់ការរបស់តុលាការគ្មានការស្រាវជ្រាវស៊ើបអង្កេតច្បាស់លាស់ និងរំលោភដែនសមត្ថកិច្ចរបស់មន្ដ្រីសង្ឃ។ ព្រះអង្គ បន្តថា ការចាប់ព្រះសង្ឃផ្សឹក និងឃុំខ្លួន  គឺជាចំណាត់ការធ្ងន់ធ្ងរ សម្រាប់កំហុសលេងកាំភ្លើងជ័រនោះ។

ទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ជំរុញដល់ព្រះតេជគុណ ប៊ុត ប៊ុនតេ គួរផ្តល់នូវភស្តុតាងនានាដែលយល់ថា ជាការដោះបន្ទុកដល់តុលាការតាមរយៈមេធាវី ដើម្បីជាប្រយោជន៏ដល់ជនត្រូវចោទ ជៀសជាងធ្វើសកម្មភាពទាំងឡាយ ណាដែលបង្កើតអោយមានការភ័ន្តច្រលំ និងដាក់សម្ពាធលើស្ថាប័នតុលាការយ៉ាងដូច្នេះ។

កាលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧  កម្លាំងនគរបាលខេត្តបាត់ដំបង បានចុះចាប់ខ្លួន និងផ្សឹកព្រះភិក្ខុ ហន សុផាន្នី តាមបញ្ជា របស់លោក កឺ ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

យ៉ាងណាមេធាវីរបស់ទអតីតព្រះសង្ឃ ហន សុផាន្នី បានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់នឹងការចាប់ឃុំខ្លួន កូនក្តី ព្រោះការឃុំខ្លួននេះធ្វើឡើងខុសនីតិវិធី៕

Share

Image
Image
Image