ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបន្តនីតិវិធីក្នុងសំណុំរឿងប្រឆាំង លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្នុងករណី ជេរប្រមាថពូជសាសន៍ជាតិខ្មែរ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់លើប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃទី ២៣ មិថុនា មិ្សលមិញថា៖ «បន្ទាប់ពីបានស្តាប់ចម្លើយរបស់ដើមបណ្តឹងរដ្ឋប្បវេណីរួចមក អយ្យការសម្រេចបន្តចំណាត់ការតាម នីតិវិធី»។
តែយ៉ាងណាតុលាការមិនទាន់កំណត់ពេលវេលាជាក់លាក់កោះហៅលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជា ធិបតេយ្យនៅឡើយទេ។លោក លី សុផាណា ៖«យើងខ្ញុំនឹងជូនព័តមានជាបន្តទៀតអំពីចំណាត់ការរឿងក្តីនេះ »។
លោក សុច សឿង វ័យ ៥៥ឆ្នាំ អតីតចាងហ្វាងកាសែតផ្កាយព្រឹក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានដាក់ពាក្យប្តឹង លោក ខឹម វាសនា ទៅតុលាការក្រុងភ្នំពេញ ដោយចោទប្រធានគណបក្សមួយនេះថា
ជេរប្រមាថជាសារធាណម្តងហើយម្តងទៀតលើជាតិសាសន៍ខ្មែរ តាមបណ្តេញសង្គមហ្វេសប៊ុក។
លោក សុច សឿង បានគូសបញ្ជាក់ឱ្យវិទ្យុស្រ្តីដឹងថា លោក ខឹម វាសនា បានជេរប្រមាថពូជសាសន៍ខ្មែរ ថាជាពូជសាសន៍ ថោកទាប ហើយប្រដូចជាតិសាសន៍ខ្មែរដូចសត្វឆ្កែ ដែលក្នុងនោះមានរូបលោកម្នាក់ដែរ ។ ជាងនេះលោក សុច សឿង បន្តថា លោក ខឹម វាសនា ដែលប្រើពាក្យអសុរោះជាច្រើនប្រមាថព្រះសង្ឃ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិខ្មែរទាំងមូល។
ត្រង់ចំណុចនេះ លោក សុច សឿង បានស្នើដល់តុលាការក្រុងភ្នំពេញ ផ្ដន្ទាទោស លោក វាសនា តាមផ្លូវច្បាប់ និងត្រូវឱ្យ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមួយនេះ សុំទោសជាសាធារណៈ។
ទាក់ទងក្នុងរឿងនេះ លោក កូវ គា អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រាប់វិទ្យុស្រ្តីថា ករណីប្តឹងរបស់លោក សុច សឿង ដែលតាំងខ្លួនជាតំណាងពលរដ្ឋខ្មែរ គឺមិនសមហេតុផលនោះទេ ហើយការប្តឹងនេះមានចេតនាមួលបង្កាច់ គណ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ អ្នកនាំពាក្យរូបនេះបកស្រាយថា ការលើកឡើងរបស់លោក ខឹម វាសនា គឺជាការតិះដៀល ទៅលើបុគ្គលខូចមួយចំនួនប៉ុណ្ណោះ មិនមែនសំដៅលើពលរដ្ឋខ្មែរទាំងអស់នោះទេ។
លោក កូវ គា៖ «លោក សុច សឿង អត់បានស្តាប់ហេតុផលយើងទាន់ គាត់ស្តាប់តែពាក្យសម្តីរបស់យើង ហើយអត់បាន មើលចេតនារបស់យើងថាយើងនិយាយទៅកាន់អ្នកណា ហើយថាយើងនិយាយហ្នឹងក្នុងចិត្តរបស់យើងរឿងអី បើយើងស្អប់ ខ្មែរ តើយើងធ្វើនយោបាយដើម្បីខ្មែរធ្វើអី។»
យ៉ាងណាលោកថា ចំណាត់ការរបស់តុលាការគឺជាឱកាសល្អសម្រាប់គណបក្សធ្វើការបកស្រាយនូវការអាត្ថាធិប្បាយរបស់ ខ្លួន ដើម្បីពន្យល់ឱ្យពលរដ្ឋខ្មែរមួយចំនួនយល់ពីចេតនារបស់គណបក្សសម្ព័ន្ធ។
អ្នកនាំពាក្យគណបក្សនេះបន្តថា នៅពេលនេះលោក ខឹម វាសនា កំពុងមានវត្តនៅសារធាណរដ្ឋកូរ៉េ ដើម្បីជួបជុំអ្នកគាំទ្រ នៅទីនោះ។ លោកបន្តថា បច្ចុប្បន្នគណបក្សសម្ព័ន្ធមានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសប្រមាណ ២០ម៉ឺននាក់។
នេះជាលើកដំបូងហើយ ដែលពលរដ្ឋម្នាក់ ចេញមុខ ប្ដឹងលោកខឹម វាសនា ឡើងដល់តុលាការ ដែលគេឃើញមានការ វាយ ប្រហារលើប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យត្រឹមតែលើ ប្រព័ន្ធផ្សព្វ ផ្សាយ និង បណ្ដាញសង្គមប៉ុណ្ណោះ៕